លោកស្រី Jacqueline Galant រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប៊ែលហ្ស៊ិកបានលាលែងពីតំណែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីត្រូវបានគេចោទប្រកាន់ថា មិនបានយកចិត្តទុកដាក់លើសេចក្តីរាយការណ៍អំពីសន្តិសុខដ៏សំខាន់របស់សហភាពអឺរ៉ុបនៅតាមអាកាសយានដ្ឋាននៅក្នុងប្រទេសនេះ។
លោកស្រី Galant បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីសេចក្តីរាយការណ៍សម្ងាត់របស់សហភាពអឺរ៉ុបអំពីស្ថានភាពសន្តិសុខនៅតាមអាកាសយានដ្ឋានប៊ែលហ្ស៊ិកត្រូវបានបែកធ្លាយទៅដល់បណ្តាញសារព័ត៌មាន បន្ទាប់ពីមានការផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២២ខែមិនា ដែលបានសម្លាប់មនុស្សអស់ចំនួន៣២នាក់ ដោយក្នុងនោះក៏រាប់បញ្ចូលអ្នកស្លាប់ទាំង១៦នាក់នៅអាកាសយានដ្ឋានជាតិ និងនៅស្ថានីយរថភ្លើងផងដែរ។ ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវថាជាស្នាដៃរបស់ខ្លួន។
លោកស្រី Galant បានបដិសេធថា លោកស្រីមិនត្រូវបានគេប្រាប់ឲ្យដឹងពីសេចក្តីរាយការណ៍នានាដែលនិយាយអំពីការធ្វេសប្រហែសក្នុងការចាត់វិធានការសន្តិសុខនៅតាមអាកាសយានដ្ឋាននៅក្នុងប្រទេសនោះទេ ហើយលោកស្រីក៏បានលើកឡើងថា ភាពខ្វះចន្លោះធ្ងន់ធ្ងរក្នុងការត្រួតពិនិត្យសន្តិសុខគឺត្រូវបានគ្រប់គ្រងបានយ៉ាងត្រឹមត្រូវ។ ប៉ុន្តែមន្រ្តីកំពូលម្នាក់បាននិយាយថា លោកបានផ្តល់ដំណឹងដល់លោកស្រីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងការិយាល័យរបស់លោកស្រីអំពីរឿងនេះយ៉ាងច្បាស់។
លោកនាយករដ្ឋមន្រ្តី Charles Michel បានមានប្រសាសន៍ថា បន្ទាប់ពីបានពិភាក្សាជាមួយនឹងលោកស្រី Galant លោកស្រីរដ្ឋមន្រ្តីបានថ្វាយពាក្យសុំលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ ហើយទ្រង់ក៏បានទទួលយកពាក្យសុំលាលែងពីតំណែងនោះហើយដែរ៕