តុលាការមួយនៅក្នុងប្រទេសប៊ែលហ៊្សិកកាលពីថ្ងៃពុធម្សិលមិញ បានកាត់ទោសបុរសជនជាតិវៀតណាមម្នាក់ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ បន្ទាប់ពីចោទប្រកាន់បុរសរូបនេះថា ជាមេខ្លោងនៅក្នុងការជួញដូរជនចំណាកស្រុកចំនួន៣៩នាក់ដែលត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Vo Van Hong ដែលមានអាយុ៤៥ឆ្នាំត្រូវបានរកឃើញថា មានកំហុសក្នុងការដឹកនាំប្រតិបត្តិការរត់ពន្ធមនុស្សឆ្លងកាត់តាមព្រែកជីកដែលបានជាប់ទាក់ទិននឹងរថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនឧស្សាហកម្មអចលនទ្រព្យអង់គ្លេសដែលត្រូវបានគេរកឃើញសាកសពជនរងគ្រោះកាលពីខែតុលា ឆ្នាំ២០១៩។
សាកសពមនុស្សយ៉ាងហោចណាស់១៥នាក់ក្នុងចំណោមសាកសពមនុស្សទាំងអស់ចំនួន ៣៩នាក់ បានឆ្លងកាត់តាមរយៈបណ្តាញរត់ពន្ធមនុស្សដែលមានមូលដ្ឋានក្នុងប្រទេសប៊ែលហ្សិក ដែលបានដំណើរការនៅក្នុងផ្ទះសុវត្ថិភាព២នៅក្នុងសង្កាត់ Anderlechtនៃទីក្រុងប៊្រុចសែលសម្រាប់ជនចំណាកស្រុកធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។
ក្នុងចំណោមជនរងគ្រោះនោះ មានបុរស៣១នាក់និងស្ត្រី៨នាក់ដែលមានអាយុចន្លោះពី១៥ ឆ្នាំដល់៤៤ឆ្នាំហើយជាជនជាតិវៀតណាមទាំងអស់។ ពួកគេបានស្លាប់ដោយសារការថប់ដង្ហើមនិងការក្តៅខ្លាំងនៅទីកន្លែងបង្ខាំងខ្លួនក្នុងរថយន្តកុងតឺណឺដឹកទំនិញហើយដែលត្រូវបានដឹកតាមសាឡាងមកពីកំពង់ផែ Zeebrugge ក្នុងប្រទេសប៊ែលហ្សិក។
ជនសង្ស័យជាច្រើននាក់ផ្សេងទៀតត្រូវបានកាត់ទោសនិងកំពុងជាប់ពន្ធនាគារនៅក្នុងប្រ ទេសអង់គ្លេសនិងវៀតណាមនៅក្នុងការទាក់ទិននឹងករណីរត់ពន្ធមនុស្សនេះ។ ពាក់ព័ន្ធនឹងករណីនេះដែរ មនុស្សជាង២៦នាក់ទៀតនៅក្នុងប្រទេសបារាំងក៏បានរងការចោទប្រកាន់ ហើយប្រឈមនឹងការកាត់ទោសដែរ។
នៅក្នុងប្រទេសប៊ែលហ្សិក លោកVoជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ២៣នាក់ ដែលមានជនជាតិប៊ែលហ្សិកនិងវៀតណាមត្រូវបានបញ្ជូនឡើងតុលាការបន្ទាប់ពីកិច្ចប្រតិបត្តិការរបស់ប៉ូលិសកាលពីខែឧសភា ឆ្នាំ២០២០ដែលអាសយដ្ឋានជាច្រើនដែលភាគច្រើនស្ថិតនៅក្នុងតំបន់ទីក្រុងប៊្រុចសែលត្រូវបានប៉ូលិសឆ្មក់ចូលឆែកឆេរហើយជនជាតិវៀតណាម ដែលត្រូវសង្ស័យថា ជាខ្សែបណ្តាញរបស់ក្រុមជនអន្ធពាលត្រូវបានចាប់ខ្លួន។
ក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ជនសង្ស័យ១៩នាក់ដែលរួមមានទាំងមេខ្លោងឈ្មោះ Vo ផង ត្រូវបានកាត់ទោសដាក់ពន្ធនាគារហើយជនសង្ស័យ៤នាក់ត្រូវបានកាត់ទោសឲ្យរួចខ្លួន។
លោក Vo ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ១៥ឆ្នាំដែលជាចំនួនអតិបរមាហើយនិងត្រូវផាកពិន័យប្រាក់ប្រមាណ១លានដុល្លារអាមេរិកផងដែរ៕