ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន


កម្មករ​​​​​រៀប​ចំ​​​​​ផ្លាក​សញ្ញា​អាស៊ាន​នៅ​មុន​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី​២៧​នៅ​ទី​ក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ សកម្មភាព​របស់​ប្រទេស​ចិន​​បាន​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មានក្តី​បារម្ភ​ជុំវិញ​ការ​ទាមទារ​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បញ្ហា​នេះ​នឹង​ត្រូវ​ដាក់​ក្នុងរបៀប​វារៈ​សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ (Barack Obama) ខណៈ​ពេល​ដែល​លោកជួប​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​នេះ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត។

លោក​អូបាម៉ា​បាន​ទៅ​ដល់​ទី​ក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ជា​កន្លែង​ដែល​កិច្ច​ប្រជុំ​កំពូល​នេះ​ នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ។

សេតវិមាន​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​បង្កើត «រចនាសម្ព័ន្ធ​ផ្អែក​លើ​ច្បាប់​ជា​មូលដ្ឋាន» ជា​ការ​សំខាន់​ដើម្បី​សន្តិសុខ​ក្នុង​តំបន់​និង​វិបុលភាព​សេដ្ឋកិច្ច​ ដែល​ទាំង​ពីរ​នេះ​ជា​គ្រឹះ​នៅ​គោលនយោបាយរបស់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​ឡើងវិញ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ សកម្មភាព​របស់​ប្រទេស​ចិនបាន​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក។

លោក Najib Razak នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី (ឆ្វេង) ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រោយ​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ និង​នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​ទី​ក្រុង​គូឡាឡាំពួ។
លោក Najib Razak នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី (ឆ្វេង) ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រោយ​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ និង​នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​ទី​ក្រុង​គូឡាឡាំពួ។

លោក Dan Kritenbrink ជា​ទីប្រឹក្សា​គោល​នយោបាយ​នៃ​តំបន់​អាស៊ី​ និយាយ​ថា​ ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​មិន​ប្រកាន់​ជំហរ​ លើ​ជម្លោះ​ដែន​សមុទ្រ​នេះ​ក្តី​ក៏​«​វា​ជា​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ក្នុង​ការ​ធានា​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍ មិន​មាន​ការ​រារាំង​ការ​ធ្វើពាណិជ្ជកម្ម​មានច្បាប់​ត្រឹមត្រូវ ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​អាជ្ញាកណ្តាល​អន្តរជាតិ​ នៅ​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ‍»។

លោក​ Kritenbrink បាន​និយាយ​ថា ​ក្នុង​អំឡុង​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC​) នៅ​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ ជា​កន្លែង​ដែល​ លោក​អូបាម៉ា​បាន​លើក​ពីបញ្ហា​នេះ ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បាន​មក​ចូលរួម។

នៅ​ក្នុង​ទីក្រុង​ម៉ានីល ​លោក​អូបាម៉ា​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឱ្យ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់ដោយ​ឲ្យ​ប្រទេស​ចិន «សន្យា​ថា​នឹង​បញ្ឈប់​ការ​ចាក់​ខ្សាច់​បង្កើត​ជា​កោះ​សិប្បនិម្មិត​បន្ថែម​ទៀត​ បញ្ឈប់​ការ​សាង​សង់​ថ្មី​ និង​បញ្ឈប់​ការ​ដាក់​យោធា​ក្នុងតំបន់​មាន​ជម្លោះ​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​គម្រោងបូម​ខ្សាច់​លើ​តំបន់​ដែល​មាន​ជម្លោះ​ប្រាំពីរ​កន្លែងអស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ ក្នុង​ការ​បង្កើត​កោះ​សិប្បនិម្មិត​តូចៗ។ កោះ​ពីរ​នៃ​កោះ​ដែល​បាន​បង្កើត​ឡើង​ថ្មី​ទាំង​នោះ​ មាន​វាល​យន្តហោះ​និង​កំពង់ផែ​ដែល​អាច​ដាក់យោធា​និង​នាវា​ចម្បាំង​បាន។

បណ្ដា​ប្រទេស​ដែល​នៅ​ជុំវិញ​ មាន​ការ​សង្ស័យ​លើ​គោល​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ប្រទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​មាន ​«អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន» ក្នុង​ដែន​សមុទ្រ​នេះ​ទាំងមូល​ ហើយ​ថាភាគី​ក្រៅ​ជម្លោះ​មិន​ចាំ​បាច់​មាន​យោបល់​អ្វីលើ​ជម្លោះ​នេះ​ នោះ​ទេ​។

លោក​ Kritenbrink និយាយ​ថា​ «នៅ​ពេល​ដែល​យើង​ឃើញ​ករណី​នៃ​ប្រទេស​មាន​អំណាច​ មានឥរិយាបថ​ផ្ទុយ​នឹង​ច្បាប់​និង​បទដ្ឋាន​អន្តរជាតិ​នោះ​ យើង​រំពឹង​ថា ​នឹង​មាន​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្នុង​តំបន់ នឹង​ចូល​រួម​ចង្អុល​បង្ហាញ​សកម្មភាព​ទាំង​នេះ​និង​ជួយ​យើងបញ្ឈប់ឥរិយាបថ​នេះ»។​

លោក Ben Rhodes ទីប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​បាន​និយាយ​ថា ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ប្រទេស​ជា​ប្រជាជាតិ​អាស៊ាន​ ដែល​រួម​ទាំងប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹងតំបន់​មាន​ជម្លោះ​ ជា​ការ​ផ្ដល់​វេទិកា​ល្អ​មួយ​សម្រាប់​កិច្ច​ពិភាក្សា​លើ​បញ្ហា​នេះ។

លោក Rhodes បាន​ឱ្យ​ដឹង​ថា៖ «យើង​ជឿជាក់​ថា​ កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត ​គួរ​តែ​ជា​វេទិកា​សម្រាប់​ដោះស្រាយ​បញ្ហា​នយោបាយ​និង​សន្តិសុខ ​ព្រម​ទាំង​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ»៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស

XS
SM
MD
LG