ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី៖​ ការ​គាប​សង្កត់​នយោបាយ​នៅ​អាច​ជា​ឥទ្ធិពល​ពី​ការ​បោះឆ្នោត​នៅភូមា


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

​លោក​ សម​ រង្ស៊ី​ បាន​ធៀប​ដំណើរការ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ភូមា ​ដោយ​លោក​លើក​ឡើង​ថា ការ​គាប​សង្កត់​លើ​គណបក្ស​ជំទាស់​ និង​រូប​លោក​អាច​ទាក់​ទិន​នឹង​ជ័យ​ជម្នះ​របស់​លោក​ស្រី​ ​អង់ សាន ស៊ូជី ​នៅ​ភូមា។

មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម​ រង្ស៊ី​ បាន​ធៀប​ដំណើរការ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ភូមា ​ដោយ​លោក​លើក​ឡើង​ថា ការ​គាប​សង្កត់​លើ​គណបក្ស​ជំទាស់​ និង​រូប​លោក​អាច​ទាក់​ទិន​នឹង​ជ័យ​ជម្នះ​របស់​លោក​ស្រី​ ​អង់ សាន ស៊ូជី ​នៅ​ភូមា។​ លោក​ថ្លែង​ដូច្នេះ ក្រោយ​ពេល​ដែល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាជាតិ​បាន​ដក​សមាជិក​ភាព​របស់​លោក​ពី​រដ្ឋ​សភា​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​តាម​ចាប់​ខ្លួន​លោក​នោះ។​

មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​ជាតិ​ដក«អភ័យ​ឯក​សិទ្ធិ​ និង​សមាជិក​ភាព»​រដ្ឋ​សភា​របស់​លោក​មក​ ​លោក​ សម រង្ស៊ី​ ​យល់​ថា​ ការ​គាប​សង្កត់​លើ​គណបក្ស​ជំទាស់ ​និង​លើ​រូប​លោក​គឺ​អាច​ទាក់​ទិន​នឹង​ជ័យ​ជម្នះ​របស់​លោក​ស្រី​ អង់ សាន ស៊ូជី​ នៅ​ភូមា។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ដក​ហូត​សមាជិក​ភាព​របស់​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​ជំទាស់​ពី​រដ្ឋសភា​ ដើម្បី​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរចាប់​ខ្លួន​លោក​តាម​សាលដីកា​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដោយ​ចោទ​ថា​ លោក​មាន​ពិរុទ្ធ​តាម​អំណាច​សាល​ដីកា​ស្ថាពរ​របស់​សាលា​ឧទ្ធរណ៍តាំង​ពី​ថ្ងៃ​ទី១២​ ខែ​មិនា ​ឆ្នាំ​២០១៣​ ដែល​បាន​សម្រេច​ឲ្យ​លោក​មាន​ទោស​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ។​

លោក​ សម រង្ស៊ី​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ ព្រឹតិ្ត​ការណ៍​ចុង​ក្រោយ​ ​រួម​ទាំង​ការ​ដាក់​សម្ពាធ​លើ​គណបក្ស​របស់​លោក​ ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​រូប​លោក​ គឺ​ទំនង​មក​ពី​ការ«តក់​ស្លុត​ និង​ស្លន់​ស្លោ»​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ ក្រោយ​ពេល​ជ័យ​ជម្នះ​ដ៏​ភ្លូក​ទឹក​ភ្លូកដី​របស់​លោក​ស្រី​ អង់ សាន ស៊ូជី​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​នៅ​ភូមា។​

លោកស្រី អង់ សាន ស៊ូជី មេ​ដឹក​នាំ​គណបក្ស​ជំទាស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ចេញ​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​គេហដ្ឋាន​របស់​លោក​ស្រី​នៅ​ទីក្រុង Yangon ប្រទេស​ភូមា​កាល​ពី​ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (AP/Mark Baker)
លោកស្រី អង់ សាន ស៊ូជី មេ​ដឹក​នាំ​គណបក្ស​ជំទាស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ចេញ​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​គេហដ្ឋាន​របស់​លោក​ស្រី​នៅ​ទីក្រុង Yangon ប្រទេស​ភូមា​កាល​ពី​ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (AP/Mark Baker)

លោក​ សម រង្ស៊ី​ សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​អង្គារ​នេះ​ថា «ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​បំផុត​នៅ​ប្រ​ទេស​កម្ពុជាបង្ហាញ​ឲ្យ​ឃើញ​ថា​ ​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ ​និង​ជា​ប្រវត្តិ​សាស្ត្រ​របស់​ចលនា​ប្រជា​ធិបតេយ្យ​ប្រឆាំង​អំណាច​ផ្តាច់​ការ​ក្នុង​ការ​បោះឆ្នោត​ថ្មីៗ​នេះ​នៅ​ប្រទេស​ភូមា​ បាន​បណ្តាល​ឲ្យ​មាន​ភាព​តក់​ស្លុត​ ​និង​ស្លន់​ស្លោ​ដល់​អ្នក​ដឹក​នាំ​ផ្តាច់​ការ​ទាំង​ប៉ុន្មាន​ ​ដែល​នៅ​សេស​សល់ក្នុង​តំបន់​ទ្វីប​អាស៊ី។ក៏ប៉ុន្តែ ចរន្ត​នយោបាយ​នាំ​ម​កនូវ​សេរីភាព ​ដែល​គ្មាន​នរណា​អាច​ទប់​ស្កាត់​បានហើយ​ដែល​កំពុង​តែ​រីក​រាល​ដាល​ទូទាំង​ពិភព​លោក​ ដែល​ធ្វើ​ឲ្យ​របប​ផ្តាច់​ការ​ដួល​រលំ​ម្តង​មួយៗ។ ចរន្ត​នេះ​ក៏​នឹង​ឈាន​មក​ដល់​ប្រទេស​កម្ពុជា​ដែរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។​

គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ភូមា​ ឬមីយ៉ាន់ម៉ា ​បង្ហាញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ ​ទី​៨​កន្លង​ទៅ​ ដែល​ថា​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD)​ ​របស់​លោក​ស្រី អង់ សាន ស៊ូជី​ ​ទ​ទួល​បាន​អាសនៈ​ចំនួន​១៣៥​នៅ​ក្នុង​សភា​ ​ឬ​ស្មើ​នឹង​ជិត​៩០​ភាគរយ​នៃ​លទ្ធផល​ដែល​ត្រូវ​បាន​ប្រកាស​កន្លង​មក។​ ​ការណ៍​នេះ​បញ្ជាក់​ពី​ការ​ចង់​ផ្លាស់​ប្តូរ​របស់​ប្រជា​ពលរដ្ឋ​ភូមា​ ដែល​រស់​ក្រោម​ការ​គ្រប់​គ្រង​របស់​យោធា​ជា​ច្រើន​ទសវត្សរ៍មក​នោះ។

ក្រុម​អ្នក​វិភាគ ​និង​អ្នក​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ ​ការ​ប្រៀប​ធៀបដដែលៗ​របស់​លោ​ក​ ​សម រង្ស៊ី​ ​វា​អាច​ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​ដល់​រូប​លោក​ទៅវិញ​ ​ជាពិសេស​ក្រោយ​ពេល​ដែល​លោក​លុប​ចោល​ដំណើរ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។​ នេះ​ជា​អ្វី​ដែល​អ្នកឃ្លាំ​មើល​ការ​វិវឌ្ឍ​យល់​ថា​ អាច​ធ្វើឲ្យ​បាត់​បង់​ប្រជា​ប្រិយ​ភាព​របស់​មេ​បក្ស​ជំទាស់​នៅ​កម្ពុជា​នេះ។​

លោក​ ​កែម ឡី​ អ្នក​វិភាគ​សង្គម​ និង​ជា​អ្នក​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ យល់​ថា​ គេ​មិន​អាច​ប្រៀប​ធៀប​លោក​ សម រង្ស៊ី​ ​ជាមួយ​នឹង​លោក​ស្រី​ អង់ សាន ស៊ូជី​ ​ចំពោះ​វីរភាព​សេចក្តី​តស៊ូ​ និង​ការ​ហ៊ាន​ប្រឈម​របស់​ប្រធាន​គណបក្ស​ជំទាស់​ភូមា​រូប​នេះ​ ដែល​លោក​ សម រង្ស៊ី​ គួរ​តែ​រៀន​តាម​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ ​លោក កែម ឡី​ និយាយ​ថា​ ​ការ​ក្រឡាស់​សម្តី​របស់​លោក​ ​សម រង្ស៊ី ​ដែល​លុប​ចោល​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នោះ​ក៏​អាច​សម្រួល​ដល់​ភាព​តាន​តឹង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

«ដូច​ខ្ញុំ​លើក​ឡើង​អញ្ចឹង ​តម្លៃ​របស់​មនុស្ស​គឺ​វា​ឋិត​នៅ​លើ​ពាក្យ​ពេជន៍ ​ដែល​និយាយ​ហើយ​នឹង​ទង្វើ​ហ្នឹង​ វា​ស្រប​គ្នា​ប៉ុណ្ណា។ ​ពាក្យ​ពេជន៍​ដែល​និយាយ​ និង​ទង្វើ​ដូច​គ្នា​ច្រើន​ អា​ហ្នឹង​តម្លៃ​របស់​មនុស្ស​ហ្នឹង​វា​ខ្ពស់។ ប៉ុន្តែ​បើ​ពាក្យ​ពេជន៍ដែល​និយាយ​ ​និង​ទង្វើ​វា​ខុស​គ្នា​ច្រើន​ អាហ្នឹង​តម្លៃ​មនុស្ស​ហ្នឹង​វា​កាន់​តែ​ទាប។​ លោក ​សម រង្ស៊ី ភាគ​ច្រើន​គាត់​បាន​និយាយ​ច្រើន ប៉ុន្តែ​ពាក្យ​ពេជន៍របស់​គាត់​អត់​បាន​ធ្វើ​ច្រើន»។​

លោក​ ​កែម ឡី បាន​បញ្ជាក់​ថា៖​

«តាម​ពិត​ គាត់​មិន​មក​ហ្នឹង​គឺ​ជា​ការណ៍​ល្អ​ហើយ។ គាត់​មិន​មក​ហ្នឹង​គឺជា​ជម្រើស​នយោបាយ​ល្អ​សម្រាប់ឱ្យ​គាត់​រៀបចំ​ផែនការចរចា​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ឲ្យ​រៀបចំ​នីតិរដ្ឋ​ឡើង​វិញ​ អញ្ចឹង​ទៅ​ណាស់!​ ​ក៏ប៉ុន្តែ​គ្រាន់​តែ​ថា​ ​ពាក្យ​កុហក​ហ្នឹង​មិន​មែន​ជា​ជម្រើស​សម្រាប់​អ្នក​ដែល​មាន​ភាព​ដឹកនាំ​ល្អ​នោះ​ទេ»។​

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

លោក​ ​អ៊ូ វីរៈ​ ​នាយកវេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ យល់ថា​ ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី​ គឺជា​ការ​កេង​យក​ផល​ចំណេញ​ធម្មតារបស់​អ្នក​នយោបាយ​ ​ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​បាត់បង់​ជំនឿលើ​សម្តី​អំពី​ការ​មិន​វិល​ចូល​ប្រទេស​កម្ពុជា​ដូច​ការ​សន្យា​នោះ។​

«ខ្ញុំ​មើល​ទៅ​ លោក ​សម រង្ស៊ី​ គាត់​មាន​បញ្ហា​មួយ​ ​ពេល​គាត់​ប្រៀប​ធៀប​ទៅ​នយោបាយ​ភូមា​ ការ​ប្រៀប​ធៀប​ខ្លួន​គាត់​ទៅ​ហ្នឹង​លោក​ស្រី​ អង់ សាន ស៊ូជី ​គាត់​អាច​ចំណេញ​ ​ចំណេញ​ទៅ​លើរូប​ភាព។​ ក៏​ប៉ុន្តែ​វាអាច​ជា​សម្ពាធ​មួយ​ទៅ​លើ​ខ្លួន​គាត់​ផង​ដែរ។ សម្ពាធ​មួយ​ទៅ​លើខ្លួន​គាត់ត្រង់​ថា​ លោក​ស្រី​ អង់ សាន ស៊ូជី ​គឺ​គាត់​មានវីរភាព​ គាត់ក្លាហាន គាត់ហ៊ាន​នៅ​ក្នុងស្រុក។​ ​ប៉ុន្តែ​លោក​ សម រង្ស៊ី​ ​គាត់​អត់​ហ៊ាន​ទេ​ ហើយ​ថ្មីៗ​នេះ​ ម្សិល​មិញ​នេះ​ ​គាត់​អត់​ហ៊ាន​ដូច​គ្នា។​ អញ្ចឹងជា​សម្ពាធ​មួយ​ ហើយ​ករណី​ដែល​គាត់​ខ្លាចរហូត​ ​ឬ​ មិន​ហ៊ាន​ មិន​មាន​វីរភាព​បែប​ហ្នឹង​ គេ​ចាប់ផ្តើម​ខឹង​គាត់។ គេ​ខឹង​គាត់​ត្រង់​ថា ​ការ​ប្រៀប​ធៀប​របស់​គាត់​ហ្នឹង​អត់​មាន​ការណ៍​ពិត»។​

ក៏​ប៉ុន្តែ​លោក​ ​អ៊ូ វីរៈ​ ​បញ្ជាក់​ថា​ ​មិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជាក៏​អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​ការ​ចរចា​ដោយ​សន្តិវិធី​ជា​មួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។​

លោក​បណ្ឌិត​ Paul Chambers ​សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​ និង​ការ​សិក្សា​នៃ​ប្រទេស​អាស៊ីអា​គ្នេយ៍​របស់​សាកល​វិទ្យាល័យ​ឈាងមៃ​ ប្រទេស​ថៃ​ យល់​ស្រប​ផង​ដែរ​ថា ​លោក ​សម រង្ស៊ី​ បាន​ជ្រើស​រើស​យក​«ការ​ពន្យារ​ពេល​ត្រឡប់​មក​វិញ​ ដោយមិនចង់​ជាប់​ក្នុង​ពន្ធនាគារ ឬក៏​ត្រូវ​គេ​សម្លាប់​នោះ»។​

លោក​បាន​សរសេរ​ក្នុង​សារ​ឡិចត្រូឡិច​ ឬ​អ៊ីម៉េល​មក​កាន់​ VOA​ ​យ៉ាង​ដូច្នេះ​ថា៖​ «គាត់​បាន​ប្រដូច​គាត់​ និង​លោក​ស្រី​ ​[អង់ សាន ស៊ូជី]​ ដូចជា​និមិត្តរូប​នៃ​សេរីភាព​ ក៏​ប៉ុន្តែ​គាត់មិនដែល​ត្រូវ​បាន​គេ​ឃុំឃាំង​ក្នុងផ្ទះ​នោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ អ៊េង ឆៃអ៊ាង​ ​តំណាង​រាស្ត្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​ការពារ​លោក​ សម រង្ស៊ី​ ​ដោយ​លើក​ឡើង​ថា​ ប្រធាន​គណបក្ស​របស់​លោក​គ្រាន់​តែ​ធ្វើ«​ការ​ពន្យារ​ពេល»​ការ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​អាច​កើត​មានលើ​អ្នក​គាំទ្រ​របស់​លោក​នោះ។​ លើស​ពី​នេះ​ទៀត ​ការ​ពន្យារ​ពេលនេះ​ដើម្បី​ផ្តល់​ពេល​វេលា​ឲ្យ​លោក​ សម រង្ស៊ី​ ធ្វើ​ការ​ទាក់ទង​ចរចា​ជា​មួយ​លោក​ ស ខេង ​ដែល​តំណាង​ឲ្យ​គណបក្ស​កាន់​អំណាច​នោះ។

​លោក​ អ៊េង ឆៃអ៊ាង ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​នៅភូមា​ លោក​ស្រី​ អង់ សាន ស៊ូជី​ ហ្នឹង​គឺ​ពួក​យោធា​ភូមា​ ​មិន​មែន​ទៅ​ចាប់​លោក​ស្រី​ អង់ សាន ស៊ូជី​ ដោយ​ប្រទូស្តរាយ ប្រទាញ​ប្រទង់​នោះ​ទេ​ គឺ​ដោយ​គ្រាន់តែ​ឃុំ​ខ្លួន​គាត់ នៅ​ក្នុង​ផ្ទះ​ ​មិន​ឲ្យ​គាត់​ចេញធ្វើ​នយោបាយ​តែ​ប៉ុណ្ណោះ។ ​វា​មាន​សភាព​ខុស​គ្នា​គឺ​ អហិង្សា។ ​ហើយ​ការ​ពន្យារពេល​របស់​លោក​ សម រង្ស៊ី​ មក​កាន់​ប្រទេស​កម្ពុជា​នេះ គឺ​គាត់​ដើម្បី​ចៀស​វាងហានិភ័យ​ផ្សេងៗ ​ដែល​អាច​កើត​ឡើង​ចំពោះ​ប្រជា​ពលរដ្ឋ ​និង​ប្រទេស​ជាតិ»។​

លោក​អ៊េង ឆៃអ៊ាង​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​ផ្ទៃ​ក្នុង​របស់​ខ្លួន​នាថ្ងៃ​ស្អែក​ ​ដើម្បី​រិះ​រក​វិធី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នយោបាយ​ក្នុង​ប្រទេស។​

រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)

នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ភាព​តាន​តឹង​សារ​ជាថ្មី​ បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំខ្លួន​និង​ការ​កាត់​ទោស​សកម្មជន ​និងសមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ជំទាស់​ ​ការវាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ ​ការ​ចេញ​ដីកាចាប់​ខ្លួនលោក ​សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​ការ​ដក​រូប​លោក​ចេញ​ពី​សមាជិកភាព​រដ្ឋសភា​ជា​ដើម​ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​អង្គការ​សង្គម​ស៊ីវិល ​និង​ស្ថានទូត​នា​នា​ក្នុង​ប្រទេស​កម្ពុជា។​

កាល​ពី​ថ្ងៃ​យប់​ច័ន្ទ​កន្លងមក​ ​ក្រសួង​ការ​បរទេស​អាមេរិក​បានអំពាវនាវ​ឲ្យ​សភា​ជាតិ​កម្ពុជា​ប្រគល់​បុព្វ​សិទ្ធិ​ជា​សមាជិក​រដ្ឋ​សភា​របស់​លោក​ សម រង្ស៊ី វិញឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ ​ហើយ​ក៏​បាន​ស្នើ​ទៅ​កាន់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បោះបង់​ចោល​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​ផង​ដែរ​ ​ដើម្បី​ឲ្យ​លោក ​សម រង្ស៊ី​ ​អាច​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ ​និង​ការ​កាត់​ទោស​អ្វី​ឡើយ។​

លោក​ Mark Toner​ ​អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​យ៉ាង​ដូច្នេះ​ថា៖​«ការ​ទម្លាក់​រូប​លោក​គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​ ដែល​រារាំង​ដំណើរ​របស់​កម្ពុជា​ទៅ​កាន់​សង្គម​មួយ​ដែលសេរី​ និង​ប្រជា​ធិបតេយ្យ ​ហើយអំពាវនាវ​ឲ្យ​រដ្ឋសភា​ជាតិ​កម្ពុជា​ប្រគល់​បុព្វសិទ្ធិ​ជា​សមាជិក​រដ្ឋ​សភា​របស់​លោក​ សម រង្ស៊ី​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។​

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ការ​ដក​បុព្វសិទ្ធិជា​សមាជិក​រដ្ឋ​សភា​ជាតិ​កម្ពុជា​របស់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ (screenshot from US State Department)
ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ការ​ដក​បុព្វសិទ្ធិជា​សមាជិក​រដ្ឋ​សភា​ជាតិ​កម្ពុជា​របស់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ (screenshot from US State Department)

ក៏​ប៉ុន្តែ​សេចក្តី​អំពាវ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក​ ​សុខ ឦសាន្ត​ អ្នក​នាំ​ពាក្យរបស់​គណ​បក្ស​កាន់​អំណាច ដែលថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋបាល​របស់​លោក​ ហ៊ុន សែន ​ដោយ​និយាយថា​«វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា»​ហើយ​រឿង​ការ​អនុវត្ត​សាលដីកា​របស់​តុលាការនោះ​ទៀត​សោត​គឺ​មិន​ទាក់ទិន​នឹង​រឿង​នយោបាយ​អ្វី​នោះ​ទេ។

«ខ្ញុំ​យល់​ថា​ អញ្ចឹង​ហើយ​ថា​ វា​ហាក់​ដូច​ជា​ការ​បង្គាប់​បញ្ជា​ ដោយ​មិន​មើល​អង្គ​ហេតុ​ អង្គ​សេច​ក្តី​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ច្បាប់​កម្ពុជា​ថា​ តើ​ឯក​ឧត្តម ​សម រង្ស៊ី​ គាត់​ធ្វើ​អី​ខ្លះ​ គាត់​ខុស​អីខ្លះ? អា​ហ្នឹង​គឺ​មិន​ត្រូវ​កាន់​ជើង​ ​ដែល​គេ​ហៅ​ថា​ ​ដោយងងឹត​ងងុល ​ដោយ​មិន​បានធ្វើ​ការ​វិភាគ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ»។

នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឡើង​កម្តៅ​ខ្លាំង​សារ​ជាថ្មី​ ​នា​ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ ​បន្ទាប់​ពី​ការ​ប្រកាស​ជ័យ​ជម្នះ​ដ៏​លើស​លុប​របស់​មេ​ដឹកនាំ​គណបក្ស​ជំទាស់​នៅ​ភូមា​គឺ​លោក​ស្រី​ អង់ សាន ស៊ូជី​ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​នា​ថ្ងៃ​អាទិត្យ​ទី​៨​កន្លង​ទៅ។​ ​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ​ការ​ដាក់​សម្ពាធ​ទៅ​លើ​គណ​បក្ស​ជំទាស់​នៅ​កម្ពុជា​ថ្មីៗ​នេះ គឺអាច​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ប្រ​ទេស​ដ៏​ក្រីក្រ​នេះ​ នា​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នាឆ្នាំ​២០១៨​ខាង​មុខ៕​

XS
SM
MD
LG