អ្នកជំនាញសុខាភិបាលចិននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា អាជ្ញាធររដ្ឋធានីប៉េកាំងនៅពេលនេះអាចគ្រប់គ្រងបានហើយនូវស្ថានភាពនៃការផ្ទុះរាតត្បាតជាថ្មីនៃវីរុសកូរ៉ូណា ដែលបង្កជំងឺកូវីដ១៩នៅទីនោះ ប៉ុន្តែថា ការលេចចេញនូវករណីឆ្លងថ្មីនៅតែអាចកើតមានឡើងក្នុងក្រុងនេះ។
ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ក្រុងប៉េកាំង បានរកឃើញការឆ្លងថ្មីសរុបចំនួន ១៥៨ ករណី ដែលនេះជាការផ្ទុះរាតត្បាតធ្ងន់ធ្ងរបំផុត ចាប់តាំងពីដើមខែកុម្ភៈម៉្លេះ ដោយការឆ្លងថ្មីនេះត្រូវអាជ្ញាធររកឃើញថាចេញពីផ្សារលក់ដុំ Xinfadi របស់ទីក្រុងប៉េកាំង។
ទោះបីចំនួនករណីឆ្លងថ្មីនេះមានចំនួនតិច បើប្រៀបធៀបនឹងប្រទេសដទៃ ក៏អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការភ្លាមៗក្នុងការបិទសកម្មភាពក្នុងរដ្ឋធានីនេះ ដើម្បីទប់ទល់នឹងការរាតត្បាតថ្មីនេះ។ កន្លងមកទីក្រុងប៉េកាំងបានទទួលការសរសើរថា វិធានការទប់ទល់នឹងជំងឺកូវីដ១៩ មានប្រសិទ្ធភាពខ្លាំង៕