ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​អ្នកលក់​ស្រាបៀរ​នឹង​តវ៉ា​សុំ​ក្រុមហ៊ុន​អានកូ​បង់​សំណង


ទិដ្ឋភាព​នៅ​សង្កាត់​កម្សាន្ត​ពេល​រាត្រី «ផាប់ស្ទ្រីត‍» (Pub Street) ​នៅ​ក្រុង​សៀមរាប នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មីនា ឆ្នាំ២០១៥។ (នៅ ពៅលក្ខិណា/VOA)

សកម្មជន​សហជីព​ និងអតីត​អ្នកផ្សព្វ​ផ្សាយ​ និង​លក់​ស្រាបៀរ​ Budweiser ​គ្រោង​នឹង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អានកូ​ (Anco Brother Co.,Ltd) ​របស់​លោកឧកញ៉ា ​កុក អាន​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ អនុវត្ត​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​កាលពី​ខែ​មុន​ឱ្យ​ទូទាត់​សំណង​ដល់​អតីត​បុគ្គលិក​ដែល​ក្រុម​ហ៊ុន​បាន​បណ្តេញ​ចេញ។​

លោក​ សាន​ សុផាត​ មន្ត្រី​ច្បាប់​និង​យុទ្ធនាការ​នៃ​សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ ឲ្យ​ដឹង​ថា​ ការសម្រេច​ធ្វើ​កូដកម្ម​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​ហ៊ុន​អានកូ​មិន​ព្រម​ធ្វើការ​ទូទាត់​សំណង​ដល់​អតីត​បុគ្គលិក​ចំនួន​៨នាក់​ដែល​ត្រូវ​បញ្ឈប់​ដោយ​គ្មាន​ការ​ផ្តល់​សំណងផ្អែក​ទៅ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។​ ​

«ការ​រំសាយ​របស់​គាត់​ហ្នឹង​អត់​បាន​ផ្តល់​សំណង​ តាម​ច្បាប់​ការងារ​ទេ​ សំណង​បំណាច់​កិច្ច​សន្យា​ អញ្ចឹង​ទៅ​បងប្អូន​កម្មការិនី​គាត់​បាន​ប្តឹង​ ប្តឹង​តាម​សហជីព​ សហជីព​សម្របសម្រួល​បណ្តឹង​រហូត​ដល់​ចប់​អាជ្ញា​កណ្តាល ​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​បង្គាប់ ​ជាប់​កាតព្វកិច្ច​ ឲ្យ​ក្រុមហ៊ុន​ហ្នឹង​សង​សំណង​ បើតាម​ច្បាប់​មក​ជូន​កម្មការិនី ហើយ​ក្រុមហ៊ុន​ក៏អត់​គោរព​ តាម​សេចក្តី​បង្គាប់​ហ្នឹង»។​

នៅ​ក្នុង​លិខិតសម្រេច​ និង​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ចុះថ្ងៃ​ទី​១២ខែមិថុនាបាន​សរសេរ​ថា៖ «បង្គាប់​ឲ្យ​និយោជក​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ​ ជូន​កម្ម​ការិនី​ទាំង​០៨​ នូវ​៖ ប្រាក់​បំណាច់​បណ្តេញ​ចេញ​ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ។​ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង​មុន​ តាម​មាត្រា​៧៥នៃ​ច្បាប់​ស្តី​ពី​ការងារ។ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មាន​ប្រាក់​ឈ្នួល​ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ»​។​

អ្នក​ស្រីផាត់​ ផាន់ណា​ អាយុ​៣២​ ឆ្នាំ​ ដែល​ធ្លាប់បម្រើ​ការ​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ឲ្យ​ ក្រុម​អាន​ កូ​ជិត​បួន​ឆ្នាំ​នេះ​ និយាយ​ថា​ អ្នកស្រី​នឹង​ចូល​រួម​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារប្រាក់ជាង​១,០០០ដុល្លារ​ ពីព្រោះ​ក្រុម​ហ៊ុន​មិន​បាន​ជូ​ន​សំណង​អ្វី​ទាំង​អស់​ក្រៅ​ពី​ប្រាក់​ខែ​ចុង​ក្រោយ​ និង​ប្រាក់​ខែ​បន្ថែម​ឲ្យ​មួយ​ខែ។​

«ថ្ងៃ​ដែល​រំសាយ​ពួក​ខ្ញុំ​ អត់​មាន​ប្រាប់​ពួក​ខ្ញុំ​មុន​ រំសាយ​ថ្ងៃ​២៣​ ថ្ងៃ២៣​ថ្ងៃ​២៧​ឈប់​តែ​ម្តង​ ហើយ​អត់​មាន​ប្រាក់​សំណង​សង​មុន​បី​ខែ ហើ​យ​អត់​មាន​លុ​យ​ប្រាក់​បំណាច់ឆ្នាំឲ្យ​ពួក​ខ្ញុំអត់មាន​លុយ​ឲ្យ​អ្វី​ទាំង​អស់»។

ទោះបី​ជាយ៉ាង​ណាក៏ដោយ​ លោក​ឈុំ​ មហាកុសល​ ​តំណាង​ក្រុម​ហ៊ុន​អាន​កូ​ ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​អតីតបុគ្គលិក​ទាំង​៨នាក់​នេះ​ ដោយ​លោក​បាន​អះអាង​ថា​ពួកគេ​មិន​មែនជាបុគ្គលិក​ជាប់កិច្ច​សន្យា​នោះ​ទេ។​ លោក​បញ្ជាក់​ផង​ដែរ​ថាការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ គឺធ្វើ​ឡើង​ដោយ​មិនមានការ​ចុះ​ធ្វើ​អធិការ​កិច្ច​ត្រឹម​ត្រូវ​ហើយ​ថា​ចំណាត់​ការ​ផ្លូវ​ច្បាប់​នឹង​មាន​ ប្រសិន​ជា​ តំណាង​សហជីព​ និង​អតីត​បុគ្គលិក​ផ្សព្វផ្សាយ​នឹង​លក់​ស្រាបៀរ​ទាំង​នេះ​ធ្វើ​កូដ​កម្ម។

«វាធម្មតា​សិទ្ធសេរីភាព​ ប៉ុន្តែ​បើ​ប៉ះ​ពាល់​គេខ្លាំង​ពេក​ ក៏វាអត់​កើត​ដែរ​ គេ​ក៏ចាត់​វិធានការ​តាម​ច្បាប់​ដែរ»។​

VOA​ ពុំ​អាចទំនាក់ទំនង​លោក​ហេង​ សួ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោករោទិ៍​តែ​គ្មាន​អ្នក​ទទួល។​

នៅក្នុង​ការ​ជូន​ដំណឹង​តាម​រយៈ​សារអេឡិចត្រូ​និក​ ឬអ៊ីម៉េល​ សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​បញ្ជាក់ថា​ អតីត​អ្នកផ្សព្វផ្សាយ​និង​លក់ស្រាបៀ​ទាំង​នេះ​ នឹង​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុម​ហ៊ុន​អាន​កូ​ ស្ថិត​ក្នុង​សង្កាត់​វាល​ វង់ ​ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​អានកូ​ បាន​រំសាយ​អ្នក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​ចំនួន​១២​នាក់​កាល​ពី​ចុងខែ​មករា​ ឆ្នាំ​២០១៥៕​

XS
SM
MD
LG