ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​លក់​ស្រាប៊ៀរ​ប្រឈមមុខ​បញ្ហា​សុខភាព​និង​ឆ្លង​មេរោគ​អេដស៍(HIV)​


វប្បធម៌​នៃ​ការ​ផឹក​ស្រា​នៅ​ប្រទេស​កម្ពុជា​ឃើញ​ថា​ ពួក​បុរស​ធ្វើ​ដំណើរ​សំដៅ​ទៅ​ហាង​ beer​ gardens​ ក្រោយ​ពេល​ចេញ​ពី​ធ្វើការ។​ នៅ​ពេល​ពួក​បុរស​ទៅ​ដល់​ហាង​ beer​ gardens​ នោះ​ហើយ​ នារីៗ​ក្នុង​ឯកសណ្ឋាន​ផ្សព្វ​ផ្សាយ​ម៉ាក​ស្រាប៊ៀរ​ដែល​គេ​ស្គាល់​ជា​សកល​ ព្យាយាម​បញ្ចុះ​បញ្ចូល​ពួក​បុរស​ទាំង​នោះ​ឲ្យ​ផឹក​ស្រាប៊ៀរ​ ម៉ាក​ដែល​នាងៗ​ផ្សព្វផ្សាយ​ ក៏ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់សុខភាព​របស់នារី​ទាំង​នោះ។

លោក​Robert Carmichael​ រាយ​ការណ៍​ពិស្តារ​ពី​ទីក្រុង​ភ្នំពេញ។​ នាង​លី ម៉ូរីវ៉ាន់​សូម​ជូន​សេចក្តី​ប្រែ​សម្រួល​អត្ថបទ​នេះ៖

នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ស្រ្តី​ធ្វើការ​ជា​អ្នក​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ប្រមាណ​ជា​៤​ពាន់​នាក់​នៅ​ក្នុង​ហាង​ beer​ gardens ​រាប់​រយ​កន្លែង។​ ការងារ​របស់​ស្ត្រី​ទាំង​នោះ​គឺ​បញ្ចុះ​បញ្ចូល​ពួកបុរស​ឲ្យ​ផឹក​ស្រាប៊ៀរ​ម៉ាក​ដែល​នាងៗ​ផ្សព្វផ្សាយ។

ក៏ប៉ុន្តែ​ របាយការ​ថ្មី​មួយ​សរសេរ​ដោយ​សាស្រ្តាចារ្យ​ Ian Lubek នៃ​សកល​វិទ្យាល័យ​ University ​of​ Guelph​នៅ​ប្រទេស​កាណាដា​ឲ្យដឹង​ថា​ ការ​ដែល​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ទទួល​ប្រាក់​ខែ​ទាប​នោះ​ បង្ខំ​ឲ្យ​ពួកនាងជា​ច្រើន​នាក់​រកស៊ី​ផ្លូវ​ភេទ។

នារី​ជា​អ្នក​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ទាំង​នោះ​ ទទួល​ប្រាក់​ខែ​ពី​៨០​ទៅ​១១០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ដោយ​ក្រុមហ៊ុន​ចែក​ចាយ​ស្រាប៊ៀរ​បន្ត​នៅ​ក្នុង​តំបន់។

នៅ​ប្រទេស​កម្ពុជា​មួយ​គ្រួសារ​ត្រូវការ​ប្រាក់​ប្រមាណ​ជា​២០០​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បីផ្គត់ផ្គង់​ជីវភាព។

របាយការ​នោះ​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ដែល​ត្រូវ​បាន​សំភាសន៍​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ក្រុង​សៀមរាប​ ៥៧​ភាគរយ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រកស៊ី​ផ្លូវភេទ។

លោក​សាស្រ្តាចារ្យ​Lubek មាន​ប្រសាសន៍​ថា​ ការ​រកស៊ី​ផ្លូវភេទ​នាំ​ឲ្យ​មាន​ការ​ប្រថុយ​នឹង​ការ​ឆ្លង​មេរោគហ៊ីវ (HIV) ​យ៉ាង​ខ្ពស់។​ លោក​ជឿ​ថា​ ការ​ឆ្លង​ជំងឺ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មេរោគ​ហ៊ីវ (HIV) ​ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អត្រា​មរណៈ​ជិត​១០​ភាគ​រយ​នៃ​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ចំនួន​៩​រយ​នាក់​ នៅ​ក្រុង​សៀមរាប​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​ទៅ​នេះ។

នៅ​ក្នុង​ការ​និយាយ​តាម​រយៈ​ប្រព័ន្ធ​សន្ទនា Skype​ ​លោក​សាស្រ្តាចារ្យ​ Lubek ​មាន​ប្រសាសន៍​ថា​ អាយុ​កាល​មរណៈ​របស់​ស្រ្តី​ជា​ទូទៅ​ គឺ​ត្រឹមតែ​អាយុ​២៥​ឆ្នាំ​ប៉ុណ្ណោះ។

"យើង​មាន​អារម្មណ៍​ថា​ សកម្មភាព​រកស៊ី​ផ្លូវភេទ​នេះ ​គឺ​បង្ក​ឡើង​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។​ ការ​ធ្វើ​ដូចនោះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស់​ចំពោះ​ពួកនាង អ្នក​នៅ​ក្នុង​ភូមិ​ជាមួយ​ពួកនាង លែង​មាន​ការ​គោរព​ចំពោះ​ពួកនាងទៀត​ហើយ។ ​ពួកនាងមិន​អាច​រៀបការ​បាន​ ពីព្រោះ​ពួកនាង​បាន​យល់​ព្រម​រកស៊ី​ផ្លូវភេទ។ ​ក៏ប៉ុន្តែ​ ពួកនាងគ្មាន​មធ្យោបាយ​ផ្សេង​ពី​នេះ​ទេ" ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​ បញ្ហា​ដែល​មាន​ជា​បន្ត​នេះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រកស៊ី​ផ្លូវភេទ​ ដែល​ឥឡូវនេះ​កើត​មាន​ឡើង​នៅ​ក្រៅ​ផ្ទះ​បន​ ក្រោយពី​មាន​ច្បាប់​មួយ​នៅ​ឆ្នាំ​២០០៨​ ដែល​បាន​ដាក់​របរ​ពេស្យាចារ្យ​ជា​របរ​ខុស​ច្បាប់​នោះ​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​៥​នាក់​ មាន​ម្នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​ មិន​បាន​ប្រើ​ស្រោម​អនាម័យ​ទេ​ ក្នុង​ការ​ធ្វើ​ស្ថិតិ​រយៈ​ពេល​៣ខែ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ឲ្យ​ដឹង​ថា​ អត្រា​អ្នក​ផ្ទុក​មេរោគហ៊ីវ (HIV) នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅគឺ០,៩​ភាគរយ។ ​គ្មាន​នរណា​ម្នាក់​ដឹង​អំពី​អត្រា​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ (HIV) ​ពិត​ប្រាកដ​ នៅ​ក្នុង​ចំណោម​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ទេ។ ​ក៏​ប៉ុន្តែ​មាន​ការ​អះអាង​ថា ​មាន​តួលេខ​ខ្ពស់​រហូត​ដល់​២០​ភាគរយ។

នាយិកា​អង្គការ​ជំនួយ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​ឈ្មោះ​ថា​ អង្គការ​CARE​ អន្តរជាតិ​ (CARE International) អ្នកស្រី​ Sharon Wilkinson មាន​ប្រសាសន៍​ថា​ ក្រុម​របស់​អ្នកស្រី​បាន​រក​ឃើញ​ថា​ ចំនួន​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​មាន​តិច​ជាង​មួយ​ភាគ​បី​ដែល​ត្រូវ​បាន​សំភាសន៍​នៅ​ទីក្រុង​ភ្នំពេញ​ បាន​រកស៊ី​ផ្លូវភេទ​ គឺ​មាន​ចំនួន​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​អត្រា​ដែល​រាយ​ការណ៍​ដោយ​លោក​សាស្រ្តាចារ្យ​Lubek។​ ក៏ប៉ុន្តែ​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ ហាង​ beer gardens ជា​ទី​កន្លែង​ធ្វើការ​ដ៏​លំបាក​មួយ។

“ហាង​ beer​ gardens ​មាន​បរិយាកាស​មួយ ​ដែល​ការ​បំពាន​ខាង​ផ្លូវភេទ​ រូមទាំង​ការ​ធ្វើបាប​លើ​រាង​កាយ​កើត​មាន​ឡើង​ច្រើន” ។

អ្នកស្រី​Wilkinson ​មាន​ប្រសាសន៍​ថា​ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​តួនាទី​របស់​ស្រ្តី​មាន​ភាព​ប្រសើរ​ឡើង​ គឺ​បុរស​ខ្មែរ​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​ធ្លាប់​មាន​ចំពោះ​ស្ត្រី។

“ជាទូទៅ​ គឺ​ស្រ្តី​ដែល​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​កម្សាន្ត​ មិន​ថា​ ​ជា​ការ៉ាអូខេ​ អ្នក​ម៉ាស្សា​ ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ស្រាប៊ៀរនោះ​ទេ ​ពួកគេ​ត្រូវ​បាន​សង្គម​ផ្តល់​ឈ្មោះ​ដ៏​អាក្រក់។​ ស្ត្រី​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​ស្រី​អាក្រក់” ។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​នេះ​ នៅ​ឆ្នាំ​២០០៦​ក្រុមហ៊ុន​ផលិត​ស្រាប៊ៀរ​ធំៗ​បាន​បង្កើត​ឧស្សាហ​កម្ម​លក់​ស្រាប៊ៀរ​នៃ​ប្រទេស​កម្ពុជា។​ សមាគម​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​អំពី​គោលដៅ​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព ការងារ​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​មាន​ភាព​ប្រសើរ​ឡើង។

នៅ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត ​គោលដៅ​នេះ​មាន​រួម​ទាំង​ការ​ធានា​ថា​ ស្រ្តី​ទាំងនោះ​នឹង​មាន​កិច្ច​សន្យា​ការងារ​ច្បាស់លាស់​ មានផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងការ​ទៅ​កន្លែង​ធ្វើការ​ ទាំង​ការ​ត្រឡប់​មក​ទីលំនៅ​វិញ​ ​មាន​មធ្យោបាយ​តវ៉ា​ច្បាស់លាស់​ ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ដ៏​សមរម្យ​ និង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឯកសណ្ឋាន​ដែល​មាន​ភាព​សមរម្យ​ទៅ​តាម​វប្បធម៌​ខ្មែរ។

សមាគម​នេះ​ក៏​បាន​ដាក់​បម្រាម​ដល់​នារី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​ផង​ដែរ​ថា​ ​មិន​ឲ្យ​ផឹក​ស្រា​ក្នុង​ពេល​ធ្វើការ​ទេ​ ​ក៏ប៉ុន្តែ​លោក​សាស្រ្តាចារ្យ​ Lubek ​បាន​រក​ឃើញ​ថា​ ​ស្រ្តី​៩៩​ភាគរយ​នៃ​ស្រ្តី​នៅ​ក្នុង​ការ​សិក្សា​ក្នុង​ខេត្ត​សៀមរាប​ មិន​បាន​អើពើ​នឹង​បម្រាម​នោះ​ទេ។​ ស្រ្តី​ទាំងនោះ​ភាគ​ច្រើន​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​ភ្ញៀវ​ដាក់​គំនាប​ឲ្យ​ផឹក​ស្រា។

លោក​ Lubek​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​ផលិត​ស្រាប៊ៀរ​ធំៗ​ទាំង​៤​ គឺ​ក្រុមហ៊ុន​ស្រាប៊ៀរ​ ហិនណឺគេន​របស់​ប្រទេស​ហូឡង់​ ស្រាប៊ៀរ​កាស៊្បែរ​របស់​ប្រទេស​ដាណឺម៉ាក​ ស្រាប៊ៀរ​ AB-In Bev​របស់​ប្រទេស​បែលហ្សីក​ និង​ស្រាប៊ៀរ​ SAB-Millerដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ដែល​នារី​ទាំងនោះ​តំណាង​ឲ្យ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​នារី​ផ្សព្វផ្សាយ​ទាំងនោះ​ឲ្យ​បាន​ច្រើន​ជាង​មុន​ ដោយ​ចាប់ផ្តើមផ្តល់​ប្រាក់​ខែ​ដល់​ពួក​នាង​ទ្វេរ​ជា​ពីរ​ដង។

លោក​ Lubek ក៏​ចង់​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្រាប៊ៀរ​ទាំងនោះ​ពង្រឹង​ការ​បណ្តុះ​បណ្តាលស្តី​ពី​បញ្ហា​សុខភាព​ផ្លូវភេទ​ឲ្យ​បាន​ប្រសើរ​ឡើង​ និង​ផ្តល់​ថ្នាំ​ពន្យារជីវិត ដល់​នារី​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ ដែល​ត្រូវការ​ថ្នាំ​នោះ​ផងដែរ។

ក៏ប៉ុន្តែ​ ខាង​ក្រុមហ៊ុន​ផលិត​ស្រាប៊ៀរ​ទាំងនោះ​ ឲ្យ​ដឹង​ថា​ ស្រ្តី​ទាំងនោះ​មិន​មែន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ពួកគេ​ទេ​ ស្រ្តី​ទាំងនោះ​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន​ចែក​ចាយ​ស្រាប៊ៀរ​បន្តក្នុង​តំបន់។​ ក្រុមហ៊ុន​ផលិត​ស្រាប៊ៀរ​ទាំង​៤​ ដែល​ត្រូវ​បាន​ទាក់ទង​ឲ្យ​បំភ្លឺ​សម្រាប់​សេក្តីរាយការណ៍​នេះ​ អះអាង​ថា​ នារី​ដែល​ផ្សព្វផ្សាយ​ស្រាប៊ៀរ​របស់​ពួកគេ​ ទទួល​ប្រាក់ខែ​និង​ការ​បណ្តុះបណ្តាល​ល្អ​សមរម្យ​ហើយ។

ក្រុមហ៊ុន​ផលិត​ស្រាប៊ៀរ​ទាំងនោះ​ឲ្យ​ដឹង​ថា ​ថ្នាំ​ពន្យារ​ជីវិត​គួរតែ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​គ្លីនីក​សុខភាព។ ​នេះ​ជា​ជំហរ​មួយ​ដែល​អ្នកស្រី​ Wilkinson​ នៃ​អង្គការ​ CARE ក៏​យល់​ស្រប​ជាមួយ​ដែរ៕

XS
SM
MD
LG