ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រី្ត​លក់​ស្រាបៀរ​អង្គរ​ដែល​ធ្វើ​កូដកម្ម​អាច​បាត់បង់​ការងារ​ធ្វើ


ស្ត្រី​បម្រើ​ស្រាបៀរ​​ម្នាក់​ចាក់​ស្រាបៀរ​ឲ្យ​អតិថិជន​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​។ កាល​ពី​ពេល​ថ្មីៗ​នេះ ស្រ្តី​បម្រើ​ស្រាបៀរ​អង្គរ​​៣៤​នាក់​បាន​ធ្វើកូដកម្ម​តវ៉ា​ចំនួន​បី​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​គោរព​សេចក្តី​សម្រេច
ស្ត្រី​បម្រើ​ស្រាបៀរ​​ម្នាក់​ចាក់​ស្រាបៀរ​ឲ្យ​អតិថិជន​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​។ កាល​ពី​ពេល​ថ្មីៗ​នេះ ស្រ្តី​បម្រើ​ស្រាបៀរ​អង្គរ​​៣៤​នាក់​បាន​ធ្វើកូដកម្ម​តវ៉ា​ចំនួន​បី​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​គោរព​សេចក្តី​សម្រេច

ស្រ្តី​បម្រើ​ស្រា​បៀរ​អង្គរ​ចំនួន​៣៤​នាក់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ​ធ្វើ ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើកូដកម្ម​តវ៉ា​ចំនួន​បី​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​គោរព​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

កាលពី​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ផ្តល់​ប្រាក់​បន្ថែម​ចំនួន​ពីរ​ដុល្លារ​ដល់​ស្រ្តី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​អង្គរ​ចំនួន​៣៤​នាក់​ដែល​បាន​ធ្វើ​ការ​ងារ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០០៧​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១០។

បន្ទាប់​ពី​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ពុំ​បាន​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ស្រី្ត​ផ្សព្វ​ផ្សាយ​ស្រាបៀរ​អង្គរ​ចំនួន​៣៤​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​អស់​ចំនួន​បី​ថ្ងៃ​មក​ហើយ។

អ្នកស្រី​ស៊ីម​ ផាន​ អាយុ​២៨​ឆ្នាំ​ ស្រ្តី​បម្រើ​ស្រាបៀរ​អង្គរ​ ដែល​បាន​បម្រើ​ការ​ងារ​នេះ​អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ​នោះ​ បាន​មាន​ប្រសាសន៍​ថា​ ស្រ្តី​បម្រើ​ស្រាបៀរ​ចង់​ឲ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​គោរព​ទៅ​តាម​សេចក្តី​សម្រេច​នេះ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​តែ​ពីរ​ដុល្លារ​តែ​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំនួន​បួន​ដុល្លារ​សម្រាប់​ថ្លៃ​ធ្វើ​ការ​បន្ថែម​ម៉ោង។

«គោល​បំណង​ពួក​ខ្ញុំ​តវ៉ា​រឿង​ប្រាក់​ចុង​សប្តាហ៍​ពួក​ខ្ញុំ​ តែកន្លង​មក​ក្រុម​ហ៊ុន​អត់​ទូទាត់​ដល់​ពួក​ខ្ញុំ​គ្រប់​ចំនួន​ទេ។​ គេ​ឲ្យ​ពួក​ខ្ញុំ​តែ​២​ដុល្លារ​ បើតាម​ច្បាប់​ការងារ​ ពួក​ខ្ញុំ​ត្រូវ​បាន​៤​ដុល្លារ»។

ចំណែក​អ្នក​ស្រី​ដាំ ចំរ៉ុង ​អាយុ​៣៤​ឆ្នាំ​ស្រ្តី​ផ្សព្វផ្សាយ​ស្រា​បៀរ​អង្គរ​មួយ​រូប​ផ្សេង​ទៀត​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ត្រូវ​ផ្តល់​លុយ​ឲ្យ​ពួក​គេ​ចំនួន​ជាង​៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ​ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០០៧​រហូត​ដល់​ឆ្នាំ​២០១០។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ បន្ទាប់​ពី​មាន​ការ​ទាមទារ​ប្រាក់​ម៉ោង​បន្ថែម​ ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​បាន​ព្រមាន​ពួក​គេ​ទាំង​៣៤នាក់​ថា​ អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការងារ​ធ្វើ។

«វាប៉ះពាល់​ច្រើន​ កាលណា​ខ្ញុំ​នៅ​ធ្វើកូដកម្ម។ ​ខ្ញុំអត់​បាន​ធ្វើការ។ ​ទី​១​ក្រុមហ៊ុន​វា​យក​លេស​ថា​ ជូន​កាល​យើង​ធ្វើកូដកម្ម​អត់​បាន​ផ្តល់​ព័ត៌មាន និង​អត់​សុំច្បាប់​គេ។​គេ​អាច​បញ្ឈប់​យើង​ដោយ​មិន​បាច់​គិត​លុយ​ឲ្យ​យើង»។

វីអូអេ​ព្យាយាម​ទាក់ទង​អ្នកស្រី​សូ យ៉ារី ​ប្រធាន​ផ្នែក​គ្រប់​គ្រង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ​ដើម្បី​សុំ​ការ​បំភ្លឺ ​តែ​ពុំអាច​ទាក់ទង​បាន​ទេ។

លោក​អ៊ី សំភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​និង​ទំនាក់ទំនង​របស់​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​មិន​យល់​ស្រប​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ទេ ​ពួកគេ​អាចប្តឹង​ទៅ​តុលាការ​ប្រឆាំង​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នេះ។

«អញ្ចឹង​បាន​ន័យ​ថា​ នីតិវិធី​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ចប់​ ភាគី​អាច​ចាត់​វិធានការ​តាម​ច្បាប់​តទៅ​ទៀត។​ ហើយ​វិធាន​ការ​តាម​ច្បាប់​តទៅ​ទៀត​ហ្នឹង​គឺទី​១​អាច​ថា​ ប្តឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​តុលាការ​គាត់​សម្រេច​តទៅ​ទៀត»។

លោក​អ៊ី សំភី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​ជំទាស់​គឺជា​ការ​ត្រឹមត្រូវ​ទៅ​តាម​នីតិ​វិធី​ដែល​ច្បាប់​បាន​កំណត់ ​ហើយ​ភាគ​ច្រើន​នៃ​ការ​ធ្វើ​កូដកម្ម​នេះ​អាច​មាន​ការ​សម្រប​សម្រួលរវាង​និយោជិក​និង​និយោជក៕

XS
SM
MD
LG