លោក នី ណាក់ ដែលត្រូវជនដៃដល់មួយក្រុមព្រួតវាយកាលពីមួយខែមុន សម្តែងការអស់សង្ឃឹម ដោយសារតែមកទល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់រកឃើញតម្រុយអ្វីឡើយលើការវាយប្រហាររូបលោកយ៉ាងដំណំតាមដងផ្លូវ។
លោក នី ណាក់ គឺជាសកម្មជនសង្គមមួយរូបដែលធ្លាប់ជាប់ពន្ធនាគារ និងតែងតែរិះគន់អំពីភាពអវិជ្ជមានក្នុងសង្គម។ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ធាក់ម៉ូតូផ្តួល និងបានវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃពុធនេះ លោក នី ណាក់ អះអាងថា លោកមិនមានជំនឿលើការស៊ើបអង្កេតរបស់អាជ្ញាធរឡើយ ដោយហេតុថា កន្លងទៅអ្នករិះគន់រដ្ឋាភិបាលនៅពេលជួបរឿងបែបនេះ យុត្តិធម៌មិនមានសម្រាប់ពួកគេឡើយ។
លោកថ្លែងថា៖ «ហើយសម្រាប់ជាយោបល់ខ្ញុំផ្ទាល់ ខ្ញុំអស់សង្ឃឹម ខ្ញុំគ្មានជំនឿជាក់ ឬក៏គ្មានក្តីរំពឹងណាមួយលើការទទួលបានយុត្តិធម៌ពីការដោះស្រាយរបស់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនោះឡើយ»។
លោក នី ណាក់ ឱ្យដឹងទៀតថា លោកនៅតែបន្តការនិយាយ ឃ្លាំមើល និងរិះគន់ភាពឆកល្វែងរបស់រដ្ឋាភិបាល បើទោះលោកធ្លាប់រងការវាយប្រហារក៏ដោយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតលើករណីនេះ បើទោះរហូតមកដល់ពេលនេះ មិនទាន់មានការចាប់ខ្លួនជនសង្ស័យណាមួយ។ លោកចាត់ការលើកឡើងរបស់ជនរងគ្រោះជា«បុរេវិនិច្ឆ័យ»។
លោកថ្លែងថា៖ «អ៊ីចឹងទេជនរងគ្រោះចង់បានលទ្ធផលហើយ ប៉ុន្តែសមត្ថកិច្ចមិនមែនមិនចង់បានលទ្ធផលទេ ចង់បានថែមទៀតនូវស្នាដៃ។ អ៊ីចឹងសូមមេត្តាកុំព្យាយាមធ្វើបុរេវិនិច្ឆ័យណាមួយដោយអារម្មណ៍អវិជ្ជមាន ហើយទាញយកចំណេញផ្នែកនយោបាយ បំពេញនូវវត្ថុបំណងរបស់ខ្លួនដែលនាំឱ្យមហាជនមានការយល់ច្រឡំ ហើយបំបាក់ដល់ស្មារតីដល់សមត្ថកិច្ចអនុវត្ត»។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ករណីបែបនេះកើតឡើងច្រើនមកហើយ ដែលអាជ្ញាធរពុំអាចរកជនដៃដល់ឃើញ។ លោកជំរុញអាជ្ញាធរអនុវត្តឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីធានាយុត្តិធម៌ដល់ប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ។
លោកបញ្ជាក់ថា៖ «គ្រាន់តែចង់ឃើញថា អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ គឺអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ធានាអំពីយុត្តិធម៌សម្រាប់ជនរងគ្រោះ ធានាយុត្តិធម៌នៅក្នុងសង្គម គឺធ្វើម៉េចស៊ើបអង្កេត ដើម្បីរកជនដៃដល់ ដែលបង្កអំពើហិង្សាហ្នឹងយកទៅអនុវត្តតាមផ្លូវច្បាប់»។
បើតាមអ្នកតាមដានរូបនេះ បើសិនជាអាជ្ញាធរស៊ើបអង្កេតហើយរកមិនឃើញជនសង្ស័យ វានឹងបង្កឱ្យអំពើហិង្សាបែបនេះកើតឡើងម្តងទៀត និងថា វប្បធម៌និទណ្ឌភាពក៏នៅតែបន្តកើតឡើងក្នុងប្រទេសកម្ពុជា៕