ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាមេរ៉ា​ថត​សត្វ​ខ្លាឃ្មុំ​ បង្ហាញ​ថា​សត្វ​ខ្លា​ឃ្មុំ​ទឹកកក​រងភាព​អត់​ឃ្លាន​ខណៈ​ដែល​ទឹកកក​អាកទិក​កាន់តែរួម​តូច​ទៅៗ


(រូបឯកសារ​) សត្វខ្លា​ឃ្មុំទឹកកក​ឈរ​នៅលើ​ផ្ទាំងទឹកកក​នៅតំបន់​ Franklin Strait ក្នុង​តំបន់​ប្រជុំកោះ​នៃសមុទ្រអាកទិក​កាណាដា។
(រូបឯកសារ​) សត្វខ្លា​ឃ្មុំទឹកកក​ឈរ​នៅលើ​ផ្ទាំងទឹកកក​នៅតំបន់​ Franklin Strait ក្នុង​តំបន់​ប្រជុំកោះ​នៃសមុទ្រអាកទិក​កាណាដា។

វីដេអូ​ដ៏​កម្រ​មានរយៈ​ពេល​ខ្លី​មួយ​បង្ហាញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ហ្វូង​សត្វខ្លា​ឃ្មុំ​ទឹក​កក​ បាន​ផ្តល់​ជា​តម្រុយ​សម្រាប់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​អំពី​ការ​ថយ​ចុះ​នៃ​ចំនួន​សត្វខ្លា​ឃ្មុំ​​ ទឹកកក។

តាម​រយៈ​កាមេរ៉ាថត​សត្វខ្លាឃ្មុំ​ និង​ឧបករណ៍​តាម​ដាន​សកម្មភាព​ដែល​បាន​បំពាក់​ជាប់​នឹង​ក​របស់​សត្វ​ខ្លា​ឃ្មុំ​៩​ក្បាល ក្រុម​អ្នកស្រាវជ្រាវ​បាន​តាម​ដាន​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​សត្វ​ទាំង​នោះ​ជាង​មួយ​សប្តាហ៍​នៅ​អំឡុង​រដូវកាល​មមាញឹក​នឹង​ការ​រកចំណី​ក្នុង​ទន្លេ​ Beaufort ខាង​លើ​រដ្ឋ​ Alaska។

ខ្លាឃ្មុំ​ទឹក​កក​៥​ក្បាល​ក្នុងចំណោម​គ្នាវា​ទាំង​៩ក្បាល​ បាន​ស្រក​ទម្ងន់ក្នុង​រយៈ​កាល​នៃ​ការស្រាវ​ជ្រាវ​នេះ។ ចំណី​ដែល​ពួកវា​រក​បាន​មិន​អាច​ទប់ទល់​ជាមួយ​នឹង​កាឡូរី​ដែល​ពួកវា​បាន​ប្រឹង​ដើរ​រកចំណី​នោះ​ទេ។

ការសិក្សា​ស្រាវ​ជ្រាវដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្រ្ត​ បាន​ចោទ​សួរ​អំពី​អនាគត​នៃ​ក្រុម​សត្វ​ដែល​ស៊ី​សាច់​ជា​អាហារ​នេះ។ នៅ​ពេល​ដែល​អាកាសធាតុ​ប្រែ​ប្រួល​ធ្វើ​ឲ្យ​ទី​កន្លែង​សម្រាប់​ស្វែង​រក​ចំណី​របស់​សត្វ​នេះ​ថយ​ចុះ​ ហេតុ​នេះ​ហើយ​បាន​ជាក្រុមអ្នក​វិទ្យាសាស្រ្ត​គិត​ថា ​ក្រុម​ខ្លាឃ្មុំ​ទឹក​កក​នឹងមាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ចំណី។

សត្វភេសមុទ្រ​ គឺអាហារ​សម្រាប់​សត្វខ្លា​ឃ្មុំទឹកកក​

ខ្លាឃ្មុំ​ទឹក​កក​បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​លើ​ផ្ទាំង​ទឹកកក​អណ្តែត​លើ​សមុទ្រ​ ​ជា​ទី​ដែល​ពួក​វា​ងាយ​ស្រួលស្វែង​រក​ចំណី​ដ៏ឆ្ងាញ់​របស់​ពួក​វា​ ក្នុង​នោះ​មាន​ដូចជា​ពពួក​សត្វ​ភេ​សមុទ្រ​ធាត់ៗ។

ក៏​ប៉ុន្តែ​ផ្ទាំង​ទឹក​កក​អណ្តែត​លើ​សមុទ្រកំពុង​រួម​តូចទំហំ១៤​ភាគរយ​ក្នុង​រយៈ​ពេល​មួយ​ទសវត្ស នៅ​ខណៈ​ដែល​ភព​ផែន​ដី​កាន់តែ​ក្តៅ​ឡើងៗ។ ផ្ទាំង​ទឹក​កកចាប់​ផ្តើម​រលាយ​នៅ​ដើម​រដូវ​ផ្ការីក​ និង​កក​វិញ​នៅ​ចុង​រដូវ​ស្លឹក​ឈើ​ជ្រុះ។

ចំនួន​ខ្លាឃ្មុំ​ទឹក​កក​ កំពុង​តែ​ថយចុះ​។ ជំពូក​សត្វ​នេះ​ មិន​ស្ថិត​ក្នុង​ក្រុម​សត្វ​ងាយផុត​ពូជ​នោះ​ទេ ​ប៉ុន្តែ​ពួក​វា​ងាយ​នឹង​រងគ្រោះ​ណាស់​ នេះ​បើ​តាម​ការ​សិក្សា​ដោយ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បីការ​អភិរក្ស​ធម្មជាតិ​ International Union for Conservation of Nature។ ការណ៍​នេះ​មាន​ន័យ​ថា ចំនួន​សត្វខ្លា​ឃ្មុំ​ទឹក​កក​ នឹង​ធ្លាក់​ចុះ​៣០​ភាគរយ​ ឬ​ច្រើន​ជាង​នេះ​ក្នុង​រយៈ​កាល​បី​ជំនាន់​នៃ​សត្វខ្លា​ឃ្មុំទឹ​កកក។

ប៉ុន្តែ​ការ​សិក្សា​នេះ​មិនបាន​បង្ហាញ​ច្បាស់ទេ​ថា ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​សត្វខ្លា​ឃ្មុំទឹក​កក​ទាំង​នោះ​ខក​ខាន​មិន​បាន​ចាប់​សត្វ​ភេសមុទ្រស៊ី​គ្រប់​គ្រាន់​ ឬ​ក៏ពួក​វា​ត្រូវ​ធ្វើការ​ឲ្យ​ខ្លាំង​ជាង​នេះ និង​ធ្វើ​ដំណើរ​ឲ្យ​ឆ្ងាយ​ជាង​នេះ​ដើម្បី​ស្វែង​រក​ចំណី​នោះ។

ដោយ​ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​ជីវវិទូ​ លោក​ Anthony Pagano នៃ​ស្ថាប័ន​អង្កេត​ភូមិសាស្រ្ត​ស.រ.អា. ​និង​ក្រុម​ការងារ​របស់​លោក​បាន​ចេញ​ធ្វើការ​ស្រាវជ្រាវ​នៅ​តំបន់​សមុទ្រ​ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទាំង​ទឹក​កក និង​ថតរូប​ដើម្បី​តាម​ដាន​ខ្លា​ឃ្មុំ​ទឹក​កក​ទាំង​៩​ក្បាល​តាម​រយៈ​គ្រាប់​ព្រួញ​ម្ជុល។

ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នេះ​បាន​ថ្លឹង​ទម្ងន់​សត្វខ្លា​ឃ្មុំទឹក​កក​ និង​បាន​យក​សំណាក​ឈាម​ពួក​វា​ទៅ​ធ្វើ​ការ​សិក្សា​ពី​ដំណើរ​ការ​បំលែង​អាហារ​ទៅ​ជា​ថាមពល។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បំពាក់​កាមេរ៉ា ឧបករណ៍​ GPS ​និង​ឧបករណ៍​តាម​ដាន​ចលនា​ជាប់​នឹង​កខ្លា​ឃ្មុំ​នីមួយៗ។

ប្រហែល​ជា​១០​ថ្ងៃ​ក្រោយ​មក​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាប់​សត្វខ្លា​ឃ្មុំ​ទឹក​កក និង​បាន​យក​ឧបករណ៍​វាស់​វែង​ និង​យក​កាមេរ៉ា​នោះ​ចេញ​វិញ។

ជីវវិទូ​លោក​ Pagano ​បាន​និយាយ​ថា​ ពេល​មើល​ខ្សែ​វីដេអូ​នោះ «វាពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់»។ សត្វ​ខ្លា​ឃ្មុំ​ទឹក​កក​ បាន​ចំណាយ​ពេល​ស្ទើរ​តែ​មួយ​ជីវិត​នៅ​លើ​តំបន់​ដាច់​សង្វែង​នានា​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុមអ្នក​ស្រាវជ្រាវ​កម្រ​បាន​ឃើញ​ជីវិត​រស់​នៅ​របស់​វា​ណាស់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ស្រាវ​ជ្រាវរបស់លោក​ Pagano ​នៅ​តែ​អាច​រក​ឃើញ​សត្វ​ខ្លាឃ្មុំ​ទឹក​កក​ទាំង​នោះ​បាន។ ពួក​គេ​ឃ្លាំ​មើល​ពី​របៀប​ដែល​ពួក​វា​ចាប់​ចំណី។ ពួក​គេ​ឃ្លាំមើល​សត្វ​ខ្លា​ឃ្មុំ​បង្កាត់​ពូជ។ ក៏​ប៉ុន្តែ​ភាគ​ច្រើន​ ក្រុម​អ្នកស្រាវ​ជ្រាវ​ឃ្លាំ​មើល​ពួក​វា​អង្គុយ។

លោក Pagano បាន​និយាយ​ថា៖ «សត្វខ្លាឃ្មុំ​ទឹក​កក​ទាំង​នេះ​ បញ្ចេញ​សកម្មភាព​ប្រហែល​៣៥​ភាគរយ​ មាន​ន័យ​ថា​ពួក​វា​សម្រាក​ប្រហែល​៦៥​ភាគរយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​វា។ នេះ​មាន​ន័យ​ថា​ ប្រសិន​បើ​លោក​អ្នក​មើល​ខ្សែ​វីដេអូ​នៃ​សត្វខ្លា​ឃ្មុំ​ និង​ផលិត​ឯកសារអំពី​អាកប្បកិរិយា​របស់​វា លោក​អ្នក​នឹង​ចំណាយ​ពេល​ដ៏ច្រើន​មើល​ពួក​វា​សម្រាក»។

វិបត្តិ​របប​ចំណី​

ការស្រាវ​ជ្រាវ​បាន​រក​ឃើញ​របប​គំហើញ​មួយ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ទម្ងន់​ដែល​សត្វខ្លា​ឃ្មុំទឹក​កក​បាន​ប្រែ​ប្រួល​ក្នុង​រយៈ​ពេល​ខ្លី​ដែល​ក្រុមអ្នក​វិទ្យាសាស្រ្ត​បាន​ឃ្លាំ​មើល។

ខ្លាឃ្មុំទឹក​កក​៥ក្បាល​មិន​បាន​ចាប់​ចំណី​អ្វី​ឡើយ​ក្នុង​អំឡុង​ពេល​ដែល​ពួក​វា​ស្ថិត​ក្នុង​ការ​តាម​ដាន។ ខ្លាឃ្មុំ​៤​ក្បាល​បាន​ស្រក​ទម្ងន់​ប្រហែល​១០​ភាគរយ។

ចំពោះ​ខ្លា​ឃ្មុំ​ដែល​មាន​ទម្ងន់​១៨០​គីឡូ​ក្រាម​ លោក Pagano ​បាន​និយាយថា៖ «លោក​អ្នក​អាច​និយាយ​បាន​ថា​ ពួក​វា​ស្រក​ទម្ងន់​ប្រហែល​១៨​ ទៅ​២០​គីឡូក្រាម​ក្នុង​រយៈ​ពេល​១០​ថ្ងៃ។ នេះ​គឺ​ជា​ការ​ស្រក​ទម្ងន់​មួយ​ដ៏ច្រើនក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី»។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​ក្រុម​សត្វ​ខ្លាឃ្មុំ​ទឹកកក​នៅ​ខែ​មីនា​ និង​ខែ​មេសា​ គឺ​មុន​ពេល​ផ្ទាំង​ទឹកកក​លើ​សមុទ្រ​ចាប់​ផ្តើម​រលាយ។ លោក​បាន​បន្ថែមថា៖ «ពេល​នេះ​ជា​ពេលដែល​សត្វ​ខ្លា​ឃ្មុំ​ទាំង​នោះ​អាច​រក​ចំណី​បានច្រើន​ដើម្បី​អាច​ឲ្យ​ពួក​វា​រស់​នៅ​បន្ត​ទៀត»។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​ដំណើរ​ការ​បំលែង​អាហារ​ទៅ​ជា​ថាមពល​របស់​សត្វ​ខ្លា​ឃ្មុំ​ ត្រូវចំណាយ​ពេល​ជាង​មួយ​ដង​កន្លះ​ច្រើន​ជាង​ការ​ប៉ាន់​ស្មាន​កាល​ពី​លើក​មុន។

លោក​ Pagano ​បាន​ពន្យល់​ថា៖ «សត្វ​ខ្លា​ឃ្មុំ​ទឹក​កក​ចាំ​បាច់​ត្រូវ​ចាប់ភេ​សមុទ្រ​ឲ្យ​បាន​ច្រើន​»។ លោកបន្ថែម​ថា​ នៅ​ពេល​ដែល​ផ្ទាំង​ទឹក​កក​សមុទ្រ​នៅ​បន្ត​រួម​តូច​ និង​ឆាប់​រលាយ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​សត្វ​ខ្លា​ឃ្មុំ​កាន់​តែ​មាន​ការលំបាក​កាន់​តែ​ខ្លាំង។

លោក​ Pagano​ បាន​សម្គាល់​ឃើញ​ថា​ ហ្វូងសត្វខ្លា​ឃ្មុំ​ទឹក​កក​នៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​តំបន់​ទឹក​កក​អាកទិក​បាន​ចំ​ណាយ​ពេល​ជា​ច្រើន​នៅ​លើ​ដី​ច្រើន​ជាង​ក្រុម​សត្វខ្លា​ឃ្មុំ​ដែល​លោក​សិក្សា​នៅ​សមុទ្រ Beaufort Sea។ ប្រសិន​បើ​ផ្ទាំង​ទឹក​កក​សមុទ្រ​រលាយ​អស់​នៅក្នុង​រដូវ​ក្តៅ​ នោះ​សត្វខ្លាំ​ឃ្មុំ​ទឹក​កក​ភាគ​ច្រើន​ទំនង​ជា​នឹង​ត្រូវ​ផ្លាស់​ទី​ទៅ​លើដី​វិញ។

លោក Pagano បាន​បន្ថែម​ថា​ អ្វី​ដែល​នៅ​តែ​ជា​អាថ៌កំបាំង​នោះ​គឺ តើ​ដែនដី​គោក​អាច​ជួយ​ឲ្យ​សត្វ​ខ្លាឃ្មុំ​ទាំង​នោះ​រស់នៅ​ស្ថិតស្ថេរ​បាន​ប៉ុណ្ណា៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី​

XS
SM
MD
LG