ក្នុងរយៈពេលមួយអាទិត្យនៃយុទ្ធនាការនៅលើដីដើម្បីវាយយកក្រុង Tikrit មកវិញ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងពួកជីវពល Shi'ite ដែលជាសម្ព័ន្ធមិត្តបន្តប៉ះទង្គិចគ្នាជាមួយក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅជាយក្រុងនេះនៅក្នុងការប៉ុនប៉ងមួយដើម្បីវាយយកដែនដីនោះមកវិញ។
ក្រុមចម្រុះនេះកំពុងប្រយុទ្ធដើម្បីវាយយកក្រុង al-Dour និងក្រុង Albu Ajil មកវិញដែលនៅទីនោះក្រុមអ្នកបាញ់ត្រង់របស់ក្រុមរដ្ឋអ៊ីស្លាម បានបង្អាក់កិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញក្រុមឧទ្ទាមជ្រុលនិយមចេញពីក្រុងទាំងនោះ។
ក្រុមទាហានរាប់ពាន់នាក់បានបើកការវាយលុកធំបំផុតរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម កាលពីថ្ងៃអាទិត្យមុនដើម្បីវាយយកក្រុង Tikrit មកវិញ។ក្រុងនេះជាសំបុកយុទ្ធសាស្ត្រមួយឋិតនៅចន្លោះក្រុងបាកដាដ ត្រួតត្រាដោយរដ្ឋាភិបាលនៅខាងត្បូងនិងក្រុង Mosul កាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមនៅខាងជើង។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ដោយមានជំនួយខាងកលយុទ្ធពីប្រទេសអ៊ីរ៉ង់ កំពុងធ្វើកិច្ចប្រតិបត្តិការនេះដោយគ្មានអន្តរាគមន៍ពីក្រុមចម្រុះដឹកនាំដោយស.រ.អា.ទេ តែមានការបន្តការទម្លាក់គ្រាប់បែកដោយក្រុមចម្រុះលើទីដៅក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី៕