ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អនុម័ត​ក្រម​បរិស្ថាន​ដែល​ត្រូវ​បាន​តាក់​តែង​ឡើង​​ជិត​មួយ​ទសវត្សរ៍ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​


រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)
រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)

រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ​ ដែល​តាក់តែង​មក​រយៈ​ពេល​៨​ឆ្នាំ ​និង​មាន​គោល​បំណង​ការ​ពារ​សម្បតិ្ត​ធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី។​

សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ ដែល​មាន​៨៦៥​មាត្រា​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​សភា​ចំនួន​៩៨​នាក់ ​ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ សាយ សំអាល់។ នេះ​បើតាម​អ្នក​នាំពាក្យ​រដ្ឋ​សភា​ជាតិ ​លោក​ ឡេង ប៉េងឡុង។​

ឡេង ប៉េងឡុង អ្នកនាំពាក្យព្រឹទ្ធសភាកំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពី ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
ឡេង ប៉េងឡុង អ្នកនាំពាក្យព្រឹទ្ធសភាកំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពី ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

លោក ​ឡេង ប៉េង​ឡុង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា ​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​ក្រម​បរិស្ថាន​នេះ​ ពី​សំណាក់​សមាជិក​សភា​ កាលពី​ថ្ងៃ​អង្គារ​ កើត​មាន​ឡើង​ ក្រោយ​ក្រម​នេះ​ត្រូវ​បាន​រៀបចំ​ និង​មាន​ការ​ជជែក​ដេញ​ដោល​ពី​ភាគី​រដ្ឋាភិបាល​ និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​បរិស្ថាន​ តាំង​ឆ្នាំ​២០១៥ ហើយ​ខ្លឹមសារ​ក្នុងក្រម​នេះ​ផ្អែក​លើបទដ្ឋាន​អន្តរ ជាតិ​ផ្សេង​ទៀត​ ដែល​មាន​ភាព​ចាំបាច់​សម្រាប់​ការ​ការពារ​បរិស្ថាន​ និង​សម្បតិ្ត​ធម្មជាតិ។​

លោក​បន្ត​ថា​ រដ្ឋសភា​បាន​ផ្តល់​ការ​យល់​ព្រម​លើ​ក្រម​បរិស្ថាន​នេះ​ ព្រោះ​សភា​យល់​ថា​ ក្រម​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ការ​ការពារ​ធនធាន​ធម្មជាតិ ​និងបរិស្ថាន​នៅ​ក្នុង​ប្រទេស។​

លោក​ថ្លែង​ថា៖ ​«គឺ​បរិស្ថាន​វា​សំខាន់​ណាស់។ ​ សំខាន់​សម្រាប់​យើង​រស់​នៅ​ផង ​ហើយ​សម្រាប់​អនាគត​ផង។ ​បរិស្ថាន​ល្អ​គឺ​សំខាន់​សម្រាប់​ការ​រស់​នៅ»។​

លោក​បន្ថែម​ថា​ ខណៈ​ប្រទេសកម្ពុជាមើល​ឃើញ​ការ​ធ្វើ​ទំនើប​កម្ម​នោះ​ ​ការ​កាត់​បន្ថយ​ឧស្ម័ន​ដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ក៏​ជា​ផ្នែក​មួយ​នៃ​សេចក្តី​ត្រូវ​ការ ដែលចាំបាច់​ឱ្យ​មាន​ការ​រៀបចំ​ក្រម​ដែល​ស្រប​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​មួយ​នេះ។​

លោក​ប្រាប់​វីអូអេ​បន្ត​ថា៖​ «ក៏​ប៉ុន្តែ​ជាមួយ​បរិស្ថាន​ហ្នឹង​ យើង​មាន​ទិស​ដៅ​ កាត់​បន្ថយ ​បន្ថយ​ការ​ប្រើ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អីហ្នឹង។​ ​យើង​ចូល​រួម​ធ្វើ​ទំនើប​កម្ម​ការ​ប្រើ​ថាមពល។ អ៊ីចឹង​ អា​នេះ​ក៏​ជា​ទិសដៅ​របស់​យើង​ដែរ​ ដែល​យើង​ធ្វើ​ឱ្យ​[មាន]​ទំនើប​កម្ម​ប្រទេស​យើង​ និង​ទាម​ទារ​ឱ្យ​មាន​ការ​ខិតខំ​ ដើម្បី​នឹង​ប្តូរ​ការ​ប្រើ​ប្រាស់​ថាមពល​ហ្វូសីល​ [ថាមពល​ដើរ​ដោយ​ប្រេង​ឥន្ធនៈ]​ហ្នឹង​ មក​ថាមពល​ស្អាត។​ ហើយ​កម្ពុជា​យើង​បាន​ចម្រើន​ជឿន​លឿន​ដែរ​ ក្នុង​បញ្ហា​ហ្នឹង»។ ​

ក្រម​បរិស្ថាន​ដែល​ទើប​ត្រូវ​បាន​សភា​អនុម័ត​នា​ពេល​ថ្មីៗ​នេះ​ នឹង​កំណត់​អំពី​វិធាន​ទាំង​ឡាយ​ដែល​ត្រូវ​គោរព ​និង​ប្រតិបត្តិតាម​ក្នុង​ការ​ពង្រឹង​ ធ្វើ​ទំនើប​កម្ម​ ធ្វើ​ឱ្យ​មាន​សង្គតិ​ភាព​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​លើ​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ និង​ស្តារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ​ ជីវៈ​ចម្រុះ​ មុខ​ងារ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ ដើម្បី​ការ​រស់​នៅ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ប្រទេស​កម្ពុជា។​

ក្នុង​សេចក្តី​ថ្លែង​ហេតុ​មួយ​របស់​រដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២៣​ សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នេះ​នឹង​បំពេញ​បន្ថែម​ និង​មាន​ភាព​ស៊ី​សង្វាក់​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​នឹង​ច្បាប់​ពាក់​ព័ន្ធ​នានា​ ដូច​ជាក្រម​ព្រហ្មទណ្ឌ​ ក្រម​រដ្ឋប្បវេណី​ ច្បាប់​ស្តីពី​ព្រៃ​ឈើ​ ច្បាប់​ស្តីពី​ជល​ផល​ ច្បាប់​ស្តី​ការ​គ្រប់​គ្រង​ និង​ការ​ធ្វើ​អាជីវ​កម្ម​ធន​ធាន​រ៉ែ​ ​ច្បាប់​ភូមិ​បាល​ ច្បាប់​ស្តីពី​ទេសចរណ៍​ ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ធនធាន​ទឹក​ ជា​ដើម​ក្នុង​គោល​បំណង​បន្ត​ជំរុញ​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ និង​ការ​ពង្រឹង​នីតិរដ្ឋ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​នៅ​លើ​មាគ៌ា​ចីរភាព។​

សេចក្តី​ព្រាង​ក្រមខាង​លើ​នេះ​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ផ​ងដែរ ​គឺ​ក្នុង​នោះ​ វា​អាច​ពង្រីក​លទ្ធភាព​យ៉ាង​ទូលំ​ទូលាយ​ដល់​ក្រសួង ​ស្ថាប័ន និង​មជ្ឈដ្ឋាន​ទាំង​អស់​ក្នុង​ការ​ចូលរួម​កាន់​តែ​ប្រសើរ​ជាង​មុន​ នៅ​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់​គ្រង​ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវៈ​ចម្រុះ​ តាម​រយៈ​ការ​បង្កើត និង​ការ​គោរព​នូវ​ទំនាក់​ទំនង​នៃ​មុខ​ងារ​របស់​ក្រសួង​ ស្ថាប័ន​ និង​មជ្ឈដ្ឋាន​សង្គម​ទាំង​អស់។ ​

ក្រម​នេះ​ក៏រួម​ចំណែក​ស្តារ​ឡើង​វិញ​ធនធាន​ធម្មជាតិ​ ជីវៈ​ចម្រុះ​ បេតិក​ភណ្ឌ​ធម្មជាតិ​ និង​វប្បធម៌​ សំដៅ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​ការ​ចូលរួម​ថែរក្សា​នូវភាព​រុង​រឿង​សម្រាប់​ពល​រដ្ឋ​កម្ពុជា​គ្រប់​ជំនាន់។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ហេតុ​ស្តីពី​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២៣​នេះ។​

អ្នក​ការពារ​បរិស្ថាន​មួយ​ចំនួននៅ​មាន​ភាព​ស្រពេច​ស្រពិល​នឹង​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្តក្រម​បរិស្ថាន​នេះ ​ដោយពួក​គេ​ថា​ មិន​បាន​ឃើញ​សេចក្តី​ព្រាងចុង​ក្រោយ​នៃ​ការ​រៀបចំ​ក្រម​នេះ​ មុន​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​សភា។ ​ប៉ុន្តែ​ពួកគេ​ថា​ មាត្រា​ខ្លះ​នៅ​ក្នុង​ក្រម​នេះ​បាន​លើកទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​សកម្ម​ភាព​ដែល​បង្ក​ការ​បំផ្លិច​បំផ្លាញ​ដល់​បរិស្ថាន។​

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ដែល​មិន​ចំណុះ​ឱ្យ​ស្ថាប័ន​ណា​មួយ​ លោក​សាន់ ម៉ាឡា​ យល់​ឃើញ​ថា​ សេចក្តីព្រាង​ក្រម​បរិស្ថាន​ថ្មី​នេះ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​បាន​ចូល​រួម​ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ និង​មាន​ចែង​ពី​ការ​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​នានា​ធ្វើ​កា​រឆ្លើយ​តប​ និង​ផ្តល់​យោបល់​ជា​បន្ទាន់​ ពាក់​ព័ន្ធ​នឹង​ផល​ប៉ះ​ពាល់​ដែល​ពួក​គេ​បាន​ជួប​ប្រទះ។ ​លោក​ថា ​ការណ៍​បាន​ត្រឹម​តែ​ផ្តល់​យោបល់​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។

លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និងជាអ្នកសរសេរសៀវភៅ «នៅពីក្រោយវាំងននខ្មៅ»។ (រូបថត៖ ផ្តល់ដោយលោក សាន់ ម៉ាឡា)
លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និងជាអ្នកសរសេរសៀវភៅ «នៅពីក្រោយវាំងននខ្មៅ»។ (រូបថត៖ ផ្តល់ដោយលោក សាន់ ម៉ាឡា)

លោក​បន្ថែម​ថា៖ ​«ប៉ុន្តែ​ចំណុច​ខ្លះ​ សង្គម​ស៊ីវិល​ និង​អ្នក​ការពារ​បរិស្ថាន​ យើង​មិន​គ្រាន់​តែ​ចង់​បាន​សិទ្ធិ​នៅ​ក្នុង​ការ​ចូលរួម​ផ្តល់​មតិ​យោបល់​ទេ។ ​យើង​ចង់​ឱ្យ​សហគមន៍​មូលដ្ឋាន​ដែល​ជា​អ្នក​ទទួល​រង​ផល​ប៉ះ​ពាល់​ផ្ទាល់​ហ្នឹង​ គាត់​មាន​សិទ្ធិ​រហូត​ទៅ​ដល់​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ​ដោយ​សារ​ការ​អភិវឌ្ឍ​ខ្លះ​ហ្នឹង​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ ប្រពៃណី​ ជំនឿ​ សាសនា​របស់​ពួក​គាត់»។​

បើ​តាម​លោក​ សាន់ ម៉ាឡា​ សង្គម​ស៊ីវិល​មិន​ទាន់​បាន​ឃើញ​កំណែ​ចុង​ក្រោយ​នៃ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ ដែល​ត្រូវ​រដ្ឋសភា​អនុម័ត​នា​ពេល​ថ្មីៗ​នេះ​ទេ។ ​លោក​សង្ឃឹម​ថា​ សេចក្តីព្រាង​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ជាតិ។​

លោក​ថ្លែង​ថា៖ ​«កំណែថ្មី​ចុង​ក្រោយ​ដែល​រដ្ឋសភា​ជាតិ​បាន​អនុម័ត​ហ្នឹង​ យើង​នៅ​មិន​ទាន់​ដឹង​ថា ​វា​មាន​ខ្លឹម​សារ​ពិត​ប្រាកដ​ និង​ជាក់​លាក់​យ៉ាង​ម៉េច​ទេ។ ​យើង​មាន​តែ​សង្ឃឹម​ថា ​ក្រម​នេះ​ត្រូវ​បាន​អនុម័ត ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ​ ហើយ​លម្អៀង​ទៅ​រក​ការ​អភិរក្ស»។​

ក្នុង​ន័យ​នេះ​ លោក​ សាន់ ម៉ាឡា​ ចង់​បញ្ជាក់​ថា​ ក្រម​នេះ​នឹង​មិន​ត្រូវ​បង្កើតឡើង​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​ក្រុម​ណា​មួយ​ ដែល​ចង់​កេង​ប្រយោជន៍​ក្នុង​វិស័យបរិស្ថាន​នោះ​ឡើយ។ ​

លោក​សង្ឃឹម​ផង​ដែរ​ថា​ ក្រម​នេះ​នឹង​មិន​ក្លាយ​ជា​ឧបករណ៍​ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្ម​ជន ​ក៏ដូច​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​នោះ​ទេ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្ត្រា​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។ ​

សេចក្តីព្រាង​ក្រម​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ដែល​មាន​កម្រាស់​ជាង​២០០​ទំព័រ​នេះ​ មាន​ចែង​ផង​ដែរ​អំពី​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ ​ការ​បង្ក​ការ​ខូច​ខាត​ដល់​បរិស្ថាន ​ការ​បង់​ថ្លៃ​បំពុល​បរិស្ថាន ​ការ​ហាម​ឃាត់​ការ​បោះ​ចោល​ និង​ការ​ដុត​សំរាម​ សំណល់​រឹង​នៅ​ទីប្រជុំជន​ ការ​លើក​ទឹក​ចិត្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​បា្លស្ទិក ​ការ​បំពុល​ក្នុង​ដែន​ទឹក​ ការ​បំពុល​ខ្យល់​ សំឡេង ​និង​ រំញ័រ ​និង​ការ​គ្រប់​គ្រង​វត្ថុ​ប្រើ​ប្រាស់​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផ្សេង​ទៀត​ ដូច​ជា​ សំណល់​អាគុយ ​និង​សំណល់​ថ្មពិល។​

ប្រជាពលរដ្ឋ​យូរ​ឥវ៉ាន់​ដែល​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋ​យូរ​ឥវ៉ាន់​ដែល​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

នៅ​ក្នុង​ផ្នែក​ទី២​នៃ​ក្រម​នេះ​ ​មាត្រា​១៣៦​មានចែងអំពី​ការ​គ្រប់គ្រង​ថាមពល​បរមាណូ​ស៊ីវិល។ ​ត្រង់​ចំណុច​នេះ​ ថាមពល​បរមាណូ​ស៊ីវិល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ និង​កម្ម​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ស្ថាប័ន​ទទួល​បន្ទុក​វិស័យ​ថាមពល​ជា​សេនាធិការ​ ដោយ​មាន​ការ​គ្រប់​គ្រង​ និង​ប្រតិបត្តិការ​តាម​ស្តង់ដារ​អន្តរ​ជាតិ​នៃ​កិច្ច​គាំពារ​ផ្នែក​សុខភាព​ សុវត្ថិភាព​ សន្តិសុខ​ និង​បរិស្ថាន។​

ការ​រៀប​ចំ​ក្រម​បរិស្ថាន​ខាង​លើ​នេះ​ធ្វើ​ឡើង​នៅ​ស្រប​ពេល​បញ្ហា​បរិស្ថាន​បាន​ក្លាយ​ជា​រឿង​រសើប​មួយ​ក្នុង​សង្គម​កម្ពុជា​ នៅ​ពេល​អ្នក​ការពារ​បរិស្ថាន​ និង​ក្រុម​យុវជន​បាន​បន្ត​សកម្ម​ភាព​តវ៉ា​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​ឯកជន​មួយ​ចំនួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG