រដ្ឋមន្រ្តីយុត្តិធម៌សហរដ្ឋអាមេរិក លោក William Barr បានចាត់តាំងមន្រ្តីគ្រប់គ្រងពន្ធនាគារឡើងវិញនិងបានបញ្ជាឲ្យឆ្មាំយាមគុគពីរនាក់សម្រាកពីការងារនៅក្នុងពន្ធនាគារសហព័ន្ធ ជាកន្លែងដែលលោក Jeffrey Epstein អ្នកជំនាញហិរញ្ញវត្ថុបានសម្លាប់ខ្លួនឯង។
លោក Epstein វ័យ៦៦ឆ្នាំបានប្រឈមនឹងការចោទប្រកាន់ដោយតុលាការសហព័ន្ធពីបទជួញដូរផ្លូវភេទក្មេងស្រីជំទង់ ដែលជនរងគ្រោះមួយចំនួនមានអាយុទើបតែ១៤ឆ្នាំ។ លោក Epstein ត្រូវបានរកឃើញថា ស្លាប់កាលពីថ្ងៃសៅរ៍។ លោកត្រូវបានគេសង្ស័យថា បានចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ឃុំឃាំងលោក ជាកន្លែងដែលលោករង់ចាំសវនការកាត់ទោសក្រោមបទចោទរំលោភបំពានផ្លូវភេទលើក្មេងស្រី។
លោក Epstein ត្រូវបានដកចេញពីបញ្ជីឃ្លាំមើលមនុស្សដែលអាចធ្វើឃាតខ្លួនឯងនៅក្នុងមជ្ឈមណ្ឌលកែប្រែក្នុងទីក្រុងញ៉ូវយ៉កកាលពីខែមុនដោយគ្មានមូលហេតុច្បាស់លាស់។ ប៉ុន្តែឆ្មាំគុកត្រូវទៅពិនិត្យមើលលោករៀងរាល់៣០នាទីម្តង។
របាយការណ៍នានាបញ្ជាក់ថា ការស៊ើបអង្កេតបឋមរកឃើញថា ឆ្មាំគុកមិនបានអនុវត្តតាមនីតិវិធីនៅឡើយ ហើយគេរកឃើញទៀតថា ឆ្មាំគុកមិនបានទៅពិនិត្យមើលលោក Epstein រហូតដល់ទៅរាប់ម៉ោង។
លោក Epstein គឺជា បុគ្គលម្នាក់ដែលមានមិត្តភក្តិសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិនិងអំណាច រួមទាំងលោកប្រធានាធិបតី Donald Trump អតីតប្រធានាធិបតីលោក Bill Clinton និងព្រះអង្គម្ចាស់អង់គ្លេស Andrew ផងដែរ។
រដ្ឋអាជ្ញាសហព័ន្ធនឹងភ្នាក់ងារ FBI ថា ការស៊ើបអង្កេតរបស់ពួកគេលើករណីលោក Epstein នឹងនៅតែបន្ត បើទោះបីជាលោកបានស្លាប់ហើយក៏ដោយ៕