ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​នឹង​ចុះ​អធិការកិច្ច​លើ​បណ្តឹង​ស្នើ​សុំ​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ


លោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ។ (រូបភាព៖ ទំព័រហ្វេកប៊ុកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ)
លោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ។ (រូបភាព៖ ទំព័រហ្វេកប៊ុកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ)

មន្រ្តី​នៃ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ នឹង​ចុះ​ធ្វើ​អធិការ​កិច្ច ទៅ​លើ​បណ្តឹង​ដែលស្នើ​សុំ​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ គឺលោក អាង ណារិទ្ធ។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងរៀបចំ​ដែន​ដី។

កាល​ពី​ពេល​ថ្មីៗ​នេះ មន្រ្តី​នៃ​មន្ទីរ​រៀបចំ​ដែន​ដីជាង​៣០​នាក់ ដោយ​រួម​មាន​អនុ​ប្រធាន​មន្ទីរ អនុ​ប្រធាន​ការិយាល័យ និង​មន្រ្តី​ផ្សេង​ទៀត បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី លោក សាយ សំអាល់ ដោយ​ស្នើ​សុំ​ផ្លាស់​ប្តូរ​លោក អាង ណារិទ្ធ ក្រោម​ហេតុ​ផល​ថា​មន្រ្តី​ដែល​ស្ថិត​ក្រោម​ឱវាទ​បាន​ជួប​ការ​លំបាក​ក្នុង​អនុវត្ត​ការងារ​ជា​ខ្លាំង ហើយថែម​ទាំង​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ថែម​ទៀត​ផង។

លិខិត​ដែល​មាន​ស្នាមមេដៃ​និង​ឈ្មោះ​របស់​មន្រ្តី​មានអត្ថន័យ​ដើម​ថា៖ «ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​ចូល​កាន់​តំណែង (ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​) របស់​លោក អាង ណា​រិទ្ធ ជា​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូបនីយ​កម្ម សំណង់ និង​សុរិយោដី ខេត្ត​បន្ទាយ​មាន​ជ័យ​ រហូត​មក​ដល់​បច្ចុប្បន្ន ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធាន​មន្ទីរ​រូប​នេះ​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំង​អស់​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​អនុវត្ត​ការ​ងារ​ដូចជា គ្មាន​ភាព​ជា​អ្នក​ដឹក​នាំ គ្មាន​សាមគ្គី​ផ្ទៃ​ក្នុង គ្មាន​សីល​ធម៌ គ្មាន​គុណ​ធម៌ មាន​ចរិត​ឆេវ​ឆាវ ច្រឡោង​ខាម មាន​តែ​ការ​គំរាម​កំហែង សម្តី​អសុរោះ ប្រមាថ​មាក់​ងាយ​អ្នក​ក្រោម​ឱវាទ​ទាំង​អស់ និង​អែប​អប​សម្តែង​ជាមួយ​អ្នក​ធំ។ ពុំ​មាន​ទំនួល​ខុស​ត្រូវ​លើ​កិច្ច​ការងារ​ដែល​ខ្លួន​បញ្ជា​ឱ្យ​កូន​ចៅ​ធ្វើ​ នៅ​ពេល​មាន​កំហុស​បែរ​ជា​មិន​ទទួល​ខុស ហើយ​អត្ត​នោ​ម័តិ​តែ​ម្នាក់​ឯង»។

លិខិត​ដដែល​បន្ថែម​ថា​៖ «[ប្រធាន​មន្ទីរ]​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​បង់​លុយ​ចំនួន​៥០​ដុល្លារ លើ​ការ​ចុះ​ហត្ថ​លេខា​បញ្ជាក់​ថត​ចម្លង​ត្រឹម​ត្រូវ​លើ​ទម្រង់​បែប​បទ​ប្រមូល​ទិន្នន័យ​ក្បាល​ដី​ក្នុង​១​ក្បាល​ដី​ ដែល​ត្រូវ​យក​ទៅ​បង់​ពន្ធ​ប្រថាប់​ត្រា នៅ​សាខា​ពន្ធ​ដារ​ខេត្ត តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​បង់​លុយ​ចំនួន​ ១០០​ដុល្លារ​លើ​ការ​ចុះ​ហត្ថ​លេខា ចេញ​ដីកា​អម​លើក​ទី២ ជំនួស​ដី​កា​អម​លើក​ទី​១​ដែល​អស់​សុពល​ភាព»។

អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ សេង ឡូត ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​ថា​ក្រុម​ការងារ​ក្រសួង​ដែន​ដី​នឹង​ចុះ​ត្រួត​ពិនិត្យ​លើ​ករណី​នេះ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ​នេះ។

បើ​តាម​លិខិតដែល​ចុះ​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២៣ លោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​បាន​កាត់​ប្រាក់​រង្វាន់​មន្ត្រី​ក្រប​ខណ្ឌ​នៃ​មន្ទីរ​ដែល​បម្រើ​ការងារ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​និយាយ​ថា​ពួក​គេ​ចុះ​វាស់​មុខ​ជា​បាន​ទទួល​ផល​ប្រយោជន៍​ពី​ប្រជា​ពលរដ្ឋ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​មន្ត្រី​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​លើ​ការងារ​ចុះ​បញ្ជី​ដី​ធ្លី​នាំ​ឱ្យ​មាន​ដំណើរ​ការ​យឺត​យ៉ាវ។ បើ​តាម​លិខិត​នោះ នៅ​ពេល​មាន​កំហឹង ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​រូប​នោះ​ក៏​បាន​បោះ​សំណុំ​ឯក​សារ​ចោល​នៅ​ចំពោះ​មុខ​មន្ត្រី។

ក្រុម​មន្រ្តី​បញ្ជាក់​ក្នុង​លិខិត​ថា៖ «អស់​រយៈ​ពេល​៤ឆ្នាំ​កន្លង​មក ទោះ​ជា​មន្រ្តី​គ្រប់​រូប​ខិតខំ​បំពេញ​ការងារ​អស់​ពី​សមត្ថភាព​រៀងៗ​ខ្លួន​ហើយ ក៏​នៅ​តែ​ខុស​និង​ស្តី​បន្ទោស​រហូត ដែល​បណ្តាលឱ្យមន្រ្តី​សព្វថ្ងៃ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ និង​ពុំ​អាច​ស៊ូទ្រាំ​ចំពោះ​ទង្វើ​ទាំងអស់​របស់​បុគ្គល​រូប​នេះបាន​ត​ទៅ​ទៀត»។

អ្នកស្រី ធូ វឌ្ឍនា អនុ​ប្រធាន​មន្ទីរ​រៀបចំដែន​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ ប្រាប់​វីអូអេ​ថា​អ្នក​ស្រី​សុំ​មិន​អត្ថាធិប្បាយ​បន្ថែម​ក្រៅ​ពី​អ្វី​ដែល​បាន​សរសេរ​នៅ​ក្នុង​លិខិត​ ដោយ​អ្នកស្រី​រង់ចាំ​ចំណាត់​ការ​ពី​ក្រសួង។

លោក អាង ណារិទ្ធ ប្រធាន​មន្ទីរ​រៀប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បន្ទាយ​មាន​ជ័យ ប្រាប់​វីអូអេ​ថា​លោក​ក៏​រង់ចាំ​ការ​ចុះ​អធិការ​កិច្ច​របស់​ក្រសួង​ដែន​ដី​ចំពោះ​ករណី​មួយ​នេះ ហើយ​លើក​ឡើង​ថា​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​មួយ​ឡើយ។

លោក​ថ្លែង​ថា៖ «ហើយ​ទុក​ឱ្យ​ខាង​ក្រសួង​រៀប​ចំ​ដែន​ដី​គេ​នឹង​ចុះ​ទៅ​នៅ​ថ្ងៃទី​៦នេះ អ៊ីចឹង​ទុក​ឱ្យ​ខាង​ក្រសួង​គេ​មាន​ការ​ចុះ​អធិការ​កិច្ច គេ​ចុះ​អធិការ​កិច្ច​ទៅ ហើយ​ខ្ញុំ​មិន​ឆ្លើយ​តប​អី​ទេ។ ហើយ​ចំពោះ​អារម្មណ៍​ខ្ញុំ​ក៏​ធម្មតា ខ្ញុំ​គិត​ថា​ខ្ញុំ​អត់​មាន​ខុស​អី​ផង ខ្ញុំ​ធម្មតា​បាទ»។

លោក អាង ណារិទ្ធ បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំដែន​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ក្រោយ​ដក​តំណែង​លោក ប្រាក់ ប៉ូលី អតីត​ប្រធាន​មន្ទីរ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​អា​ស្រូវ​ពុក​រលួយ និង​បក្ខ​ពួក​និយម។

លោក លី សុវណ្ណា​រិទ្ធ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាប់​វីអូអេ​ថា​ប្រសិន​បើ​អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ជា​ការ​ពិត ក្រសួង​នឹង​ចាត់​វិធាន​ការ​តាម​នីតិវិធី។

លោក លី សុវណ្ណ​រិទ្ធ ថ្លែង​ថា៖ «ខាង​ក្រសួង​គេ​ចុះ​មក​ធ្វើ​សិក្ខា​កិច្ច ដើម្បី​ពិនិត្យ​មើល​បណ្ដឹង​ហ្នឹង តើ​វា​ពិត​ ឬ​មិន​ពិត»។

លោក សន ជ័យ នាយក​ប្រតិ​បត្តិ​នៃ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា ប្រាប់​វីអូអេ​ថា​ការ​ដាក់​លិខិត​របស់​មន្រ្តី​បែប​នេះ គឺ​ជា​សំឡេង​មួយ ដើម្បី​ទាមទារឱ្យ​មាន​ដំណោះ​ស្រាយ​ទៅ​លើ​ការ​អនុវត្ត​តួនាទី​របស់​មន្រ្ដី។

លោក​ថ្លែង​ថា​៖ «ការ​ដាក់​ញត្តិ​ទាម​ទារ​បែប​នេះ​ ខ្ញុំ​គិត​ថា​វា​គឺ​ជា​ចំណុច​មួយ​ដែល​ជា​សំឡេង​មួយ​ដែល​សហគមន៍​អាច​លើក​ឡើង​បាន ហើយ​យើង​ចង់​ឃើញ​មាន​ការ​ដោះ​ស្រាយ​ដែល​ព្រោះ​អី​យើង​មើល​ទៅ​ថា​អភិក្រម​នៅ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​មន្រ្ដី​ដែល​មាន​ការ​សម្រេច​ចិត្ត​ធំ​បែប​នេះ គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់»។

លោក សន ជ័យ ជំរុញ​ឱ្យ​មន្រ្ដី​ដែល​បម្រើ​ពលរដ្ឋ​គួរ​តែ​អនុវត្ត​ទៅ​តាម​គោល​ការណ៍​ដែល​មា​ន ជា​ពិសេសមធ្យោបាយ​ល្អៗ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ពលរដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​ ស្រប​តាម​សីលធម៌ និង​គោលការណ៍ ដើម្បី​ធានា​បាន​សុខដុមរមនា​នៅ​ក្នុង​សង្គម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG