ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​សកម្មជន​ដី​ធ្លី​នៅ​ខេត្ត​បន្ទាយ​មានជ័យ​តវ៉ា​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល


រូបឯកសារ៖ អ្នកគំាទ្រ​អ្នកស្រី ឡុង សុគន្ធី ដែល​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​មាន​វិវាទ​ដីធ្លី​ជាមួយ​សេដ្ឋី​ម្នាក់ មក​ប្រមូលផ្តុំគា្ន​នៅមុខ​សាលា​ដំបូង​ខេត្តបន្ទាយ​មានជ័យ​ ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​អ្នកស្រី ឡុង សុគន្ធី កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ២០១៨។ (រូបថតផ្តល់​ឲ្យ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ)

កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​ ​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​របស់​អ្នក​ការពារ​សិទ្ធិ​ដី​ធ្លី​នៅ​ខេត្ត​បន្ទាយ​មានជ័យ​មួយរូប ​គឺ​អ្នកស្រី​ឡុង​ សុគន្ធី។ ​កាលពី​សប្តាហ៍​មុន​ ក្រុម​អ្នក​គាំទ្រ​អ្នកស្រី​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ដីធ្លី​រូបនេះ​ ​ដែល​កំពុង​មាន​ជំងឺ​ក្នុង​មន្ទីរ​ឃុំឃាំង។

ក្រុម​ពល​រដ្ឋ​ចំនួន​បួន​រូប​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​អ្នក​មាន​លុយ​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ ​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​ ​កាល​ពី​សប្តាហ៍​មុន ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​និង​ក្រសួង​ពាក់​ព័ន្ធ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី ​ឡុង សុគន្ធី អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង​ក្នុង​ទំនាស់​ដីធ្លី​នោះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​ពលរដ្ឋ។​

អ្នកស្រី​ឡុង​ សុគន្ធី​ ​វ័យ​៤៦​ឆ្នាំ​ ​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​៣១០​គ្រួសារ​ ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ឧកញ៉ា​ សំ សុផាន់ណារិទ្ធិ ​ក្នុង​ការ​ទាមទារ​ដី​ទំហំ​២.០៧៦ហិកតា​ នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​តាម​អំណាច​ដីកា​បង្គាប់ ​ឲ្យ​ចាប់​ខ្លួន​របស់​លោក​ចៅក្រម​ផេង កុសល​ ​ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី ​ឡុង សុគន្ធី​ ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន។​

លោក​លឹម ឈុនទ្រី​ ​ដែល​ជា​តំណាង​ថ្មីរ​បស់​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​នោះ​ បាន​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​លោក​និង​ពលរដ្ឋ​ឯ​ទៀត​បាន​មក​ទីក្រុង​ភ្នំពេញ​កាល​ពីថ្ងៃ​ពុធ​សប្តាហ៍​មុន​ ​ដើម្បី​ដាក់​ញត្តិ​ទៅ​ខុទ្ធកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ និង​ក្រសួង​ពីរ​គឺ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​រៀបចំ​ដែនដី​ នគររូប​នីយកម្ម​ ​និង​សំណង់​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​ឡុង​ សុគន្ធី។​

លោក​អះអាង​ថា​ ​ការ​ឃុំ​ខ្លួន​អ្នកស្រី​ ឡុង​ សុគន្ធី​ កើត​ចេញ​ពី​ការ​សម​គំនិត​របស់​ចៅហ្វាយ​ស្រុក​មួយ​រូប​ និង​លោក​សំ សុផាន់​ណារិទ្ធិ។​

«ខ្ញុំ​ចោទ​ទៅ​ខាង​លើ​ ខាង​លើ​ ក្រុម​ឧកញ៉ា​សំ ផាន់​ណារិទ្ធិ​ ហ្នឹង​ឯង​ ហើយ​បាន​រួម​ដៃ​ឃុប​ឃិត​ជាមួយ​ចៅហ្វាយ​ស្រុក​ហួរ ពៅ​ ស្រុក​ស្វាយ​ចេក​ […] ​រួម​ដៃ​រួម​គំនិត​គ្នា​ ធ្វើ​បាប​មក​លើ​អ្នកស្រី ឡុង​ សុគន្ធី​ ដោយ​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ពេក»។​

នៅ​ក្នុង​ការ​ដាក់​ញត្តិ​នោះ​ ក្រុម​មន្ត្រី​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ និង​ក្រសួង​យុត្តិធម៌​ បាន​ច្រាន​ចោល​ មិន​ទទួល​យក​ញត្តិ​របស់​លោកនោះ​ទេ។ ​ចំណែក​ក្រសួង​រៀបចំ​ដែន​ដី​បាន​ស្នើ​ឲ្យ​លោក​ធ្វើជា​តំណាង​ជំនួស​អ្នកស្រី​ឡុង​ សុគន្ធី​ ក្នុង​ការ​តវ៉ា​នេះ។​

លោក​បាន​បន្ថែម​ថា​ ក្រុម​មន្ត្រី​មួយ​ចំនួន​ ​ដែល​មក​ទទួល​ញត្តិ​ហាក់​ដូច​ជា​បាន​ដឹង​រឿង​នេះ​ទុក​ជា​មុន​ ដូច្នេះ​លោក​ថា​ មិនសូវ​មាន​សង្ឃឹម​នោះ​ទេ​ ក្នុង​ការ​ទាម​ទារ​សេរីភាព​ជូន​អ្នកស្រី ឡុង​ សុគន្ធី​ ដែល​ពេល​នេះ​កំពុង​មាន​បញ្ហា​សុខភាព។​

«គេ​មាន​គម្រោង​ការ​ដឹង​ទុក​ហើយ​ស្រេច​ហើយ។ គ្រាន់តែ​ខ្ញុំ​ចូល​ទៅ​ដល់​ គ្រាន់​តែ​ឮ​ឈ្មោះ​អ្នក​ស្រី​ឡុង សុគន្ធី​ គេ​បាន​ចោទ​ប្រកាន់​មក​លើ​ពួក​ខ្ញុំ​ថា​ ពួក​ខ្ញុំ​ទៅ​យក​ដីធ្លី​របស់​គេ។ ​នេះ​ដូច​ពួក​គេ​ គេ​បាន​ដឹង​រឿង​ហ្នឹង​ទុក​ជា​មុន​ហើយ​ស្រេច​ទៅ​ហើយ»។

អ្នកស្រី​ ​ឡុង សុគន្ធី​ ​ដែល​មាន​កូន​បួន​នាក់​ ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​ក្នុង​ពេល​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទីរួម​ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពីថ្ងៃ​ទី​២៦ ​ខែ​មីនា ​ឆ្នាំ​ ២០១៨។

អ្នកស្រី​ត្រូវ​បាន​ផន្ទាទោស​ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធិ​ឯកជន​ តាម​មាត្រា​២៤៤ ​និង​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល​ និង​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត ​ដោយ​ចេតនា​ តាម​មាត្រា​៤១០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ប្រព្រឹត្ត​នៅ​ភូមិ​បឹងស្នោ​ ឃុំ​ស្លក្រាម​ ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ។​

លោក​ នង នី​ ​វ័យ​៥៤​ឆ្នាំ​ ស្វាមី​អ្នកស្រី​ ឡុង សុគន្ធី​ មាន​ប្រសាសន៍​ថា ​លោក​បាន​ចូលរួម​ជា​មួយអ្នក​តវ៉ា​ផ្សេង​ទៀត​ ដោយ​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​ស្វែង​រក​សេរីភាព​ជូន​ភរិយា​របស់​លោក​ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ខាង​ផ្លូវ​ដង្ហើម។​

«ស្ថានភាព​គាត់​នៅ​ក្នុង​ពន្ធនាគារ​នោះ​មាន​អីយ៉ាប់​យឺន​អីចឹង​ឯង។​ គាត់​ថា​ គាត់​មិន​សូវ​ស្រួល​ខ្លួន​អីចឹង​ […] ​រោគ​គាត់​ហ្នឹង​ គាត់​ហ្នឹង​ហើយ​ឈឺផ្លូវ​ដង្ហើម​ ហើយ​ណាមួយ​ អា​មួយ​ចំហៀង​ក្បាល​ ក្រហាយ​ក្បាល​មួយ​ចំហៀង​ និង​គិត​ច្រើន»។​

លោក​ត្អូញ​ពី​ផល​វិបាក ​នៅពេល​មិនមាន​វត្តមាន​របស់​អ្នកស្រី​ ​ឡុង សុគន្ធី​ ​នៅ​ក្នុង​គ្រួសារ។ ​លោក​ថ្លែង​ថា៖​

«ខ្ញុំ​បារម្ភ ព្រួយ​បារម្ភ​ណានៅ​ក្នុង​បន្ទុក​ខ្លួន​ឯង​ផ្ទាល់​ ដែល​នៅ​ផ្ទះ​ហ្នឹង​ពិបាក​ច្រើន​ ពិបាក​ច្រើន​ អត់មាន​ មួយ​ទៅ​ហ្នឹង​ពិបាក​ ក្នុង​ក្រុម​គ្រួសារ។​ ចង់​ទៅណា​ ក៏ទៅ​មិន​រួច​ មាន​កូន​ដែល​រៀន​សូត្រ​ហ្នឹង​ កូនស្រី​មួយ​ហ្នឹង​អាយុ​១០​ឆ្នាំ​ ក៏​ទៅ​ណា​ ក៏​យក​ទៅ​ដែរ។​ អីចឹង​ទៅ​វា​ខាត​ពេល​វេលា​ដែល​រៀន​សូត្រ​នោះ​ទៀត»។​

VOA​ ​មិនទាន់​សុំការ​អធិប្បាយ​ពី​លោក​ឧកញ៉ា​ សំ​ សុផាន់​ណារិទ្ធិ​ និង​លោក​ ហួរ ពៅ​ ចៅ​ហ្វាយ​ស្រុក​ស្វាយ​ចេក​បាន​ទេ​ ​នៅថ្ងៃ​ចន្ទ​នេះ។ VOA ​ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​មន្ត្រី​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ដែរ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ចំណែក​លោក ​សេង​ ឡូត​ អ្នក​នាំពាក្យ​នៅក្រសួង​រៀបចំ​ដែនដី​ មិន​លើក​ទូរស័ព្ទ។​

លោក​ លឹម ឈុនទ្រី​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​លោក​កំពុង​ប្រមូល​មេដៃ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ សំ សុផាន់ណារិទ្ធិ​ ​ដើម្បី​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ម្តង​ទៀត​ ​ព្រោះ​មន្ត្រី​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​បាន​បង្គាប់​ឲ្យ​លោក​ប្រមូល​ស្នាម​មេដៃ​ជំនួស​ស្នាម​មេដៃ​ចាស់​ ដែល​ខុទ្ទកាល័យ​លោក ​ហ៊ុន សែន​ ចាត់​ទុក​ថា​ ​មិន​អាច​យក​ជា​ការ​បាន​ទេ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG