ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បង់ក្លាដែស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ


រូបឯកសារ៖ បុគ្គលិក​ក្នុង​រោងចក្រ​កាត់ដេរ​ធ្វើ​ការ​ក្នុង​ផ្នែក​ដេរ​នៃ​រោងចក្រ Snowtex Outerwear Ltd. ក្នុង​ក្រុង Savar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​ក្នុង​រោងចក្រ​កាត់ដេរ​ធ្វើ​ការ​ក្នុង​ផ្នែក​ដេរ​នៃ​រោងចក្រ Snowtex Outerwear Ltd. ក្នុង​ក្រុង Savar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

រដ្ឋាភិបាល​បង់ក្លាដែស​បាន​ប្រកាស​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួលអប្បបរមាសម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ កាល​ពីពេល​ថ្មីៗ​នេះ ក្នុង​កម្រិត ៥៦ ភាគរយ គឺ​ស្មើ​នឹង​ ១១៣ ដុល្លារ ក្នុង​មួយ​ខែ។

កម្រិត​ប្រាក់​ខែ​អប្បបរមា​ថ្មី​នេះ ត្រូវ​បាន​ដំឡើង​បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សា​ជាច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​កម្មករដែល​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន ដែល​បណ្ដាល​ឲ្យ​កម្មករ​ពីរ​នាក់​បាន​ស្លាប់ និង ច្រើន​នាក់​ទៀត​បាន​រង​របួស។

ការ​ដំឡើង​ប្រាក់​ខែ​នេះ ត្រូវ​បាន​យល់​ព្រម​ដោយ​ក្រុម​ម្ចាស់​រោងចក្រ ប្រធាន​សហជីព​កម្មករ និង មន្ត្រី​រដ្ឋាភិបាល។ ប៉ុន្តែ ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ដំឡើង​ទទួល​រង​ការ​រិះ​គន់​ថា​មាន​កម្រិត​ស្ដួច​ស្ដើង​ពេក​ ខណៈ​ពេល​ដែល​អតិផរណា​នៅ​បង់ក្លាដែស​ កំពុង​កើន​ក្នុង​កម្រិត ៩.៥ ភាគរយ ដោយសារ​តែ​ការ​ឡើង​ថ្លៃ​ទំនិញ​ដែល​ជា​តម្រូវការ​មូលដ្ឋាន​របស់​ប្រជាជន។

ក្រុម​កម្មករដែល​បាន​ធ្វើ​បាតុកម្ម បាន​ទាមទារ​ប្រាក់​ខែ ២០៨ ដុល្លារ​ក្នុង​មួយ​ខែ។ ក្រុម​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ និង បាន​វាយប្រហារ​ទៅ​លើ​រោងចក្រ​មួយ​ចំនួន។

បាតុកម្ម​នានា​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​សមាគម​ម្ចាស់​រោងចក្រ​កាត់ដេរ និង អ្នក​នាំ​ចេញ​បង់ក្លាដែស​ ពី​ដំបូង​ឡើយ​បាន​យល់ព្រម​ដំឡើង​ប្រាក់​ខែ​តែ ២៥ ភាគរយ ឬ ស្មើ​នឹង​៩០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

ប្រាក់​ខែ​ទាប​ក្នុង​ប្រទេស​បង់ក្លាដែស បាន​ជំរុញ​ឲ្យ​មាន​កំណើន​នៅ​ក្នុង​ឧស្សាកម្ម​កាត់ដេរ​នៃ​ប្រទេស​នេះ ស្រប​ពេល​ដែល​ផលិតកម្ម និង ការ​នាំចេញ​ផលិតផល​កាត់ដេរ​មាន​ទំហំ​ ជិត​១៦ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ។

បង់ក្លាដែស មាន​កម្មករ​ចំនួន ៤ លាន​នាក់​ដែល​កំពុង​បម្រើការ​នៅ​តាម​រោងចក្រ​ប្រមាណ ៣ ពាន់ ៥​រយ នៅ​ទូទាំង​ប្រទេស ហើយ​បច្ចុប្បន្ន​នេះ បង់ក្លាដែស​គឺជា​ប្រទេស​ធំ​ជាង​គេ​ទី​ពីរ​បន្ទាប់​ពី​ចិន ផ្នែក​ផលិតផល​កាត់ដេរ។ រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​នេះ​ផ្គត់ផ្គង់​ផលិតផល​សម្លៀក​បំពាក់​យីហោ​ល្បីៗ ដូចជា H&M និង Gap។

ក្រុម​ម្ចាស់​រោងចក្រ​ បាន​វាយ​បក​ទៅ​លើ​ការ​ទាមទារ​របស់​ក្រុម​បាតុករ ដោយ​និយាយ​ថា តម្លៃ​ផលិតកម្ម​មាន​កម្រិត​ខ្ពស់​ដោយសារ​តែ​ការ​ចំណាយ​ផ្នែក​ថាមពល និង ការ​ដឹកជញ្ជូន មាន​ការ​កើន​ឡើង​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផលិតផល​ម៉ាក​ល្បីៗ​នៅ​លោក​ខាង​លិច​យល់​ព្រម​ចំណាយ​តិច​ជាង​មុន​សម្រាប់​ផលិតកម្ម។

ប្រទេស​បង់ក្លាដែស​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ភាគច្រើន​ទៅ​កាន់​ទ្វីបអឺរ៉ុប និង សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​នេះ ប្រទេស​នេះ​កំពុង​ស្វែង​រក​ទីផ្សារ​បន្ថែម​ទៀត​នៅ​ប្រទេស​ចិន ឥណ្ឌា និង ជប៉ុន៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ មាន​ប្រភព​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press និងReuters។)

XS
SM
MD
LG