ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន​រួមគ្នា​​បញ្ចៀស​ការ​​រើស​អើង​ជន​ជាតិ​ចិន​ ខណៈ​មានករណី​ឆ្លង​កូវីដ​​កាន់​តែ​ច្រើន


អាជ្ញាធរយាមល្បាតនៅខាងមុខមជ្ឈមណ្ឌលចត្តាឡីស័កប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
អាជ្ញាធរយាមល្បាតនៅខាងមុខមជ្ឈមណ្ឌលចត្តាឡីស័កប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ខណៈ​មាន​ករណី​ឆ្លង​ច្រើន​ក្នុង​ចំណោម​ជន​ជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ប្រទេស​ចិនតាម​រយៈ​ស្ថាន​ទូត​ចិន​នៅ​កម្ពុជា បាន​សម្រុក​ផ្តល់​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។ ចំណែក​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ កុំ​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ បើ​ទោះ​ជំងឺ​កូវីដ​១៩ ផ្ទុះ​ចេញ​ពី​ជនជាតិ​ចិន​ក៏​ដោយ​។

កម្ពុជា​កំពុង​ប្រឈម​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​ក្នុង​សហគមន៍​ ដែល​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។ នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រាយ​ការណ៍​ថា​ ​មនុស្ស​ ៤០ ​នាក់ទៀត​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិចិន​ បាន​ឆ្លង​ថ្មី។ ក្នុង​ចំណោម​អ្នក​ឆ្លង​នោះ ក៏​មាន​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ការ​វិនិយោគ​របស់​ចិន។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើបណ្តាញសង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​ភាគី​ចិន​នឹង​ផ្តល់​ជំនួយជា​បរិក្ខារ​បច្ចេក​ទេស​ដល់​មន្ទីរ​ពិសោធន៍​តេស្ដ​សំណាករកវីរុស​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ ស្ថានទូត​បន្ត​ថា ​បច្ចុប្បន្ននេះ មន្ទីរ​ពិសោធន៍​តេស្ដសំណាករកវីរុស​កូវីដ ត្រូវ​បាន​សាង​សង់​យ៉ាង​រលូន​នៅ​ក្នុងមន្ទីរ​ពេ​ទ្យ​បង្អែកខេត្ត​ព្រះ​សីហនុ ដែល​រំពឹង​ថា​នឹងបញ្ចប់​មុន​ចុង​ខែ​មីនា​ខាង​មុខ​។

ភាគី​ចិន​បាន​សន្យា​ថា ​នឹង​ផ្តល់​ជំនួយ​ជា​បរិក្ខារ​តេស្ត​ពិសោធន៍​ដ៏​មាន​ជំនាញ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ខាង​លើ​នេះ ព្រម​ទាំង​ផ្តល់​ការ​ដំឡើង រៀបចំ និង​បណ្ដុះ​បណ្ដាល​ដល់​បុគ្គលិក​ផង​ដែរ។

ស្ថាន​ទូត​ចិន​បញ្ជាក់​ថា៖ «ក្រោយ​ពី​បញ្ចប់​ការ​សាង​សង់​មន្ទីរ​ពិសោធន៍​ខាង​លើ​នេះ និង​អាច​មាន​សមត្ថ​ភាព​ក្នុង​ការ​តេស្ត​ពិនិត្យ​បាន ​១០០០ ​ក្នុង​មួយ​ថ្ងៃ នឹង​រួម​ចំណែក​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​តេស្ត​រកវីរុស​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ចំណែក​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ជា​ម៉ាស់ ​វេជ្ជសាស្រ្ត​ចំនួន​ ១០ ​ម៉ឺន​ម៉ាស់ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ជំនួយ​ទាំង​អស់​នេះបន្ថែម​លើ​ជំនួយ​មនុស្ស​ធម៌​ជា​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩ ស៊ីណូហ្វាម (Sinopharm) ​ចំនួន​ ៦០​ ម៉ឺន​ដូស ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា ហើយ​កំពុង​តែ​ចាក់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ផង​ដែរ។

រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា ​កន្លង​មក រដ្ឋាភិបាល​ចិនបាន​ជួយ​រដ្ឋាភិបាល​ខ្មែរ​ច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ហើយក្នុង​ដំណាក់​កាល​នៃ​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំនេះ រដ្ឋាភិបាល​ចិន​គួរ​បន្ត​ជួយ​កម្ពុជា​ទាំង​ផ្នែក​សា្មរតីនិង​សម្ភារៈ ដោយ​សារ​ចំនួន​អ្នក​ឆ្លង​ភាគ​ច្រើន​បំផុត គឺ​ជា​ជន​ជាតិ​ចិន​។

លោក​បន្ត​ថា ​តួនាទី​របស់​រដ្ឋាភិបាល​ទាំង​ពីរ​គឺការ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ជន​ជាតិ​ចិន ឲ្យ​ចូល​រួម​ថែ​រក្សា​អនាម័យតាម​ការ​ណែនាំ ការ​ទៅ​ធ្វើ​តេស្តជំងឺ​នេះ និងធ្វើចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ដើម។

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន បន្ត​ថា​ ខណៈ​មាន​ការ​រាត​ត្បាត​លើ​ជន​ជាតិ​ចិន ប្រាកដ​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាក់​ទង​ជាមួយ​ជន​ជាតិ​ចិន ទោះ​តិច​ឬ​ច្រើន​ក៏​ដោយ។ លោក​បន្ថែម​ថា ការ​ផ្តល់​ព័ត៌​មាន​ជា​រឿង​សំខាន់ ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​រើស​អើង​ជនជាតិ​ចិន។

លោក​ប្រាប់​ VOA​ ថា​៖ «រឿង​ការ​ភ័យ​ខ្លាច​នេះ វា​អាច​នាំ​ឲ្យ​ប្រជា​ជន​យើង​មួយ​ចំនួន​ហ្នឹង មាន​ការ​ដក​ឃ្លា ឬ​ក៏​រៀង​កាត់​ដាច់​ទំនាក់ទំនង​ខ្លះ​ជាមួយ​ជន​ជាតិ​ចិន អាហ្នឹង​ជា​រឿង​ធម្មតា​ទេ នៅ​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់។ ប៉ុន្តែ​អ្វី​ដែ​ល​ស្ថានទូត​ចិន​នៅ​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​គួរតែ​ធ្វើ គឺ​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការយល់ដឹង ទាំង​ក្នុង​ចំណោម​ជនជាតិ​ចិន​គ្នា​ឯង សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អ៊ីមែល​បាន​ទេ ​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រសួងសុខាភិបាល​កម្ពុជាក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋរើស​អើង​ជាតិ​សាសន៍ ក្នុង​ពេល​ប្រកាស​អំពី​ករណី​ឆ្លង​ច្រើន​លើ​ជនជាតិ​ចិន។

កាល​ពី​ថ្ងៃ​សៅរ៍ ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ការ​រាត​ត្បាតសហគមន៍​ទ្រង់​ទ្រាយ​ធំ​នៅ​ភ្នំពេញ ដោយ​មិន​ទាន់​ដឹង​ប្រភព លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​រើស​អើង​លើ​ជន​ជាតិ​ចិន បើ​ទោះ​មាន​ការ​ឆ្លង​ក្នុង​ចំណោម​ជនជាតិ​ភាគ​ច្រើន​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «អញ្ចឹង​សូម​កុំ​ឲ្យ​មានការ​ប្រកាន់។ ទីមួយ សម្រាប់​អ្នក​ទីក្រុង​ភ្នំពេញ​ទៅ​ជន​បទ។ មិន​ត្រូវ​បាន​ស្វាគមន៍។ ហើយ​ទីពីរ​ សម្រាប់​ជនជាតិ​ចិន ឲ្យ​តែ​ចិនខ្លាច​តែ​ទាំងអស់»។

លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា ​ក៏​មាន​ជនជាតិ​ចិន​បាន​លួច​រត់​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ទាំង​ខ្លួន​មាន​ជំងឺ​កូវីដ​១៩។

ក្រោយ​ពី​មាន​ករណី​ឆ្លង​ច្រើន​លើ​សហគមន៍​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា សារព័ត៌មាន​ស៊ីស៊ីថាមស៍​(The Cambodia China Times)​ ដែល​ស្និទ្ធ​នឹង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​ ដោយ​យោង​តាម​ស្ថាន​ទូត​ចិន​ថា ​មាន​ជន​ជាតិ​ចិន​មួយ​ចំនួន​បាន​រត់​គេច​ពី​សណ្ឋាគារ​ចត្តាឡីស័ក ហើយ​មាន​ពលរដ្ឋ​ចិន​មួយ​ចំនួន​ក៏​បាន​លាក់​ខ្លួន​និង​គេច​ខ្លួន​ បន្ទាប់​ពី​ដឹង​ថា​ពួកគេ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​១៩។

នៅ​សប្តាហ៍​នេះ​ រដ្ឋាភិបាលកម្ពុជាក៏​បាន​សម្រេច​វិធាន​ការ​ថ្មី​មួយ ដោយ​នឹងបណ្តេញ​ជន​បរទេស​ណា​ដែល​គេច​វេះ​ពីការ​ធ្វើ​ចត្តាឡីស័ក ឬ​ «មិន​សហ​ការ» ចេញ​ពីប្រទេស​កម្ពុជា ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​ឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ កម្ពុជាបានសម្រេចបណ្តេញជនជាតិចិនម្នាក់ ដែលជានាយកសារព័ត៌មាន Angkor Today ក្រោយមានការចុះផ្សាយថា នាយកអង្គភាពសារព័ត៌មានមួយនេះបានផ្សព្វផ្សាយព័ត៌មានមួយនៅលើគេហទំព័ររបស់ខ្លួនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ ១២០ ដុល្លារ» ។ ក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលការចុះផ្សាយនេះ។

អាជ្ញាធរកម្ពុជាលើកឡើងថា នេះជាការផ្សាយព័ត៌មានមិនពិតដែលនាំឲ្យប៉ះពាល់សន្តិសុខជាតិ។

ក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មាន Angkor Today ដោយលើកហេតុផលថា ម្ចាស់ជាជនជាតិចិនបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត និងមានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់និងចលាចលក្នុងសង្គម៕

XS
SM
MD
LG