នៅថ្ងៃសុក្រនេះ អាជ្ញាធរនិងកងកម្លាំងសន្តិសុខរាជធានីភ្នំពេញរាប់សិបនាក់ បានធ្វើការហាមប្រាម ក្រុមសហជីព អ្នកធ្វើការក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងក្រុមអង្គការសង្គមស៊ីវិល មិនឲ្យធ្វើក្បួនដង្ហែពីពហុកីឡដ្ឋានជាតិអូឡាំពិកទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ជាទីដែលពួកគេគ្រោងប្រគល់ញត្តិស្ដីពី «តម្រូវការអាទិភាពរបស់ស្ត្រី» ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។
មនុស្សយ៉ាងហោចណាស់ជាង៥០០នាក់ដែលភាគច្រើនជាស្ត្រីធ្វើការក្នុងវិស័យសង្គមស៊ីវិល និងអ្នកលក់ដូរ ដែលមានជួតក្បាលដោយកំណាត់និងបាំងឆត្រពណ៌លឿងផងនោះ បានមកជួបជុំគ្នា នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីរួមគ្នាអបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៨ ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី»។
អ្នកចូលរួមមួយចំនួនធំមានកាន់ផ្កាឈូកស ដែលជាតំណាងឱ្យសន្តិភាព និងស្លាកបដានានាស្ដីពីការទាមទារសិទ្ធិសម្រាប់ស្ត្រីខ្មែរ។ ពួកគេមានគម្រោងដើរហែក្បួនទៅកាន់ការិយាល័យទីស្ដីការគណៈរដ្ឋមន្ត្រី និងដាក់ញត្តិស្ដីពី«តម្រូវការអាទិភាពរបស់ស្ត្រី» ទៅកាន់ក្រសួងពាក់ព័ន្ធ។
ក៏ប៉ុន្តែ អាជ្ញាធរ និងកងកម្លាំងសន្តិសុខរាជធានី បានខ្ទប់ទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក រារាំងមិនឲ្យពួកគេចេញដើរហែក្បួនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីដាក់ញត្តិនេះឡើយ ដោយសំអាងថាវាអាចធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។
កញ្ញា ប៊ុន រចនា នាយិកាអង្គការក្លាហាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយមានការហាមប្រាមយ៉ាងដូច្នេះ៖
«បងៗអាជ្ញាធរគាត់អាចមានការបារម្ភថា យើងធ្វើរឿងអីផ្សេងៗ ប៉ុន្តែសម្រាប់យើងជំហររបស់យើង គឺដើម្បីចូលរួមអបអរទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីរំលឹកដល់គុណបំណាច់បងៗស្ត្រីជំនាន់មុនដែលគាត់ខិតខំខ្នះខ្នែងធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅក្នុងសង្គមរបស់យើង»។
អ្នកចូលរួមហែក្បួនម្នាក់ទៀត គឺអ្នកស្រី អ៊ូ ទេពផល្លីន នាយិកាប្រតិបត្តិសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មកម្ពុជា ក៏បានសម្ដែងនូវការមិនពេញចិត្តចំពោះការហាមឃាត់ពីអាជ្ញាធរនេះ។
អ្នកស្រីបាននិយាយប្រាប់ VOA ថា៖
«យើងឃើញថាព្យាយាមមិនឲ្យយើងកៀរគរ ឬក៏ផ្ដល់សារទាំងអស់ហ្នឹងទៅសាធារណជនឲ្យចូលរួមជាចំហ ដូចអាជ្ញាធរគាត់បានលើកឡើងអ៊ីចឹងថាការចូលរួមការបញ្ឈប់អំពើហិង្សាលើស្ត្រីហ្នឹងមិនមែនតែពួកយើងប៉ុណ្ណឹងទេ គឺត្រូវមានសាធារណជនចូលជាមួយដែរ»។
អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ដែលឃ្លាំមើលការប្រារព្ធពិធីនេះ ឱ្យដឹងថាមានពលរដ្ឋខ្មែរ យ៉ាងហោចណាស់ ១.០០០នាក់ ក្នុងរាជធានី និង៥ខេត្តផ្សេងទៀត បានចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅព្រឹកថ្ងៃ៨មីនា។ ក៏ប៉ុន្តែការប្រមូលផ្តុំបីកន្លែងរួមមានរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ ត្រូវបានហាមឃាត់ដោយអាជ្ញាធរ មិនឲ្យធ្វើការប្រារព្ធ ឬដើរហែក្បួន។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ដែលឃ្លាំហេតុការណ៍នេះនិយាយថា នេះគឺជាការរឹតត្បិតសិទ្ធិមនុស្ស ដែលប្រឆាំងនឹងការអនុវត្តន៍សិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលការណ៍នេះវាខុសពីរដ្ឋធម្មនុញ្ញដែលមានចែងអំពីសិទ្ធិប្រជាពលរដ្ឋ។
លោកបានប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា៖
«ហើយបរិយាកាសព្រឹកមិញនេះ គឺវាធ្វើឲ្យគេមើលឃើញថាជាភាពរឹតត្បិតសេរីភាពក្នុងការជួបជុំនិងការប្រមូលផ្តុំ និងការហែក្បួនដោយសន្តិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៅក្នុងច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី នៅក្នុងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធនយោបាយនោះផងដែរ»។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលដឹកនាំកម្លាំងសន្តិសុខមករារាំងការដើរក្បួននៅព្រឹកថ្ងៃសុក្រនេះ បដិសេធមិនធ្វើការអធិប្បាយ ដោយបង្វែរសំណួរទៅឱ្យអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទងសុំក្តីអធិប្បាយលើបញ្ហានេះឡើយរហូតដល់ល្ងាចថ្ងៃសុក្រនេះ។
ក្រោយការហាមឃាត់មិនឲ្យធ្វើការហែក្បួន និងការរុញច្រានគ្នាទៅវិញទៅមក រវាងអ្នកចូលរួមនិងក្រុមសមត្ថកិច្ចអាជ្ញាធររាជធានី នៅចុងបញ្ចប់អាជ្ញាធរបានយល់ព្រមទទួលញត្តិរបស់ក្រុមអ្នកចូលរួម ដើម្បីដាក់ជូនទៅការិយាល័យគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធ នៅនឹងកន្លែង ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលជាអ្នកតំណាងមកទទួលញត្តិនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានសន្យាថាលោកនឹងទទួលយកញត្តិនេះដាក់ជូនទៅក្រសួងពាក់ព័ន្ធ ហើយលោកនឹងធ្វើការឆ្លើយតបមកវិញនៅថ្ងៃពុធសប្ដាហ៍ក្រោយ។
«អ៊ីចឹងអ្វីដែលនៅក្នុងញត្តិនេះពាក់ព័ន្ធនឹងស្ថាប័នណា យើងខ្ញុំនឹងបញ្ជូនទៅស្ថាប័នទាំងអស់ដើម្បីសិក្សារកវិធីដោះស្រាយបញ្ហាដែលជាកង្វល់នោះ»។
ញត្តិស្ដីពី «តម្រូវការអាទិភាពរបស់ស្ត្រី» ដែលក្រុមសហជីពនិងសង្គមស៊ីវិលបានដាក់ជូនរដ្ឋាភិបាលនោះ មានប្រាំពីរចំណុច ដូចជាសំណូមពរឲ្យមានមតេ្តយ្យសហគមន៍ និងទារកដ្ឋាននៅតាមកន្លែងការងារ សំណូមពរឲ្យបង្កើតជម្រកសុវត្ថិភាពនៅពេលជួបអំពើហិង្សាក្នុងគ្រួសារ បញ្ឈប់ការបៀតបៀននិងហិង្សាផ្លូវភេទលើស្ត្រីនៅតាមសេវាកម្សាន្ត បញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សំណូមពរឲ្យមានកំណែទម្រង់មធ្យោបាយដឹកជញ្ជូនដែលមានសុវត្ថិភាព សម្រាប់ស្ត្រីកម្មកររោងចក្រ កែលំអលក្ខខណ្ឌការងារនិងពង្រឹងយន្តការការពារសិទ្ធិសម្រាប់ស្ត្រីធ្វើការងារតាមផ្ទះ និងពង្រឹងយន្តការការពារសិទ្ធិពីការកេងប្រវ័ញ្ចការងារ ការជួញដូរមនុស្សនិងទាសភាពសម័យទំនើបសម្រាប់ស្រ្តីពលករចំណាកស្រុក។
កញ្ញា ប៊ុន រចនា នាយិកាអង្គការក្លាហាន បានបង្ហាញភាពជឿជាក់និងសុទិដ្ឋិនិយមចំពោះការដាក់ញត្តិស្នើនេះ។
អ្នកការពារសិទ្ធិស្ត្រីដដែលបាននិយាយប្រាប់ VOA ថា៖
«សង្ឃឹមមួយរយភាគរយចា៎! បើអត់សង្ឃឹមក៏មិនមកទីនេះទេ ហើយបើសិនជាមិនសង្ឃឹមក៏មិនខំខ្នះខ្នែងដើម្បីមកឈរនៅទីនេះ មកក្ដៅនៅទីនេះ ហើយមានការមិនយល់គ្នាច្រើនដែរ»។
ក្រុមអ្នកចូលរួមនៅព្រឹកថ្ងៃសុក្រនេះ រួមមានក្រុមសហជីពនិងអង្គការសង្គមស៊ីវិលដែលបានសហការគ្នាធ្វើការដង្ហែក្បួននេះមានដូចជា សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF) សហព័ន្ធសហជីពកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្ដាញយុវជនកម្ពុជា សម្ព័ន្ធសហគមន៍កសិករកម្ពុជា សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា អង្គការអភិវឌ្ឍធនធានយុវជន អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស អង្គការសមធម៌កម្ពុជា សមាគមធាងត្នោត សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការអាក់សិនអេតកម្ពុជា។
ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានបញ្ចប់ ពេលក្រុមអ្នកចូលរួមបំបែកគ្នាទៅកាន់កន្លែងរៀងៗខ្លួន ក្រោយការទទួលញត្តិរបស់អ្នកតំណាងអាជ្ញាធរខ្មែរ៕