អាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេបានកំណត់អត្តសញ្ញាណថា ជនឈ្មោះ Anthony Quinn Warner អាយុ ៦៣ ឆ្នាំ គឺជាអ្នកដែលបានបំផ្ទុះរថយន្តកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Nashville រដ្ឋ Tennessee។
អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទកាសែតថា ជនឈ្មោះ Warner នេះ បានធ្វើសកម្មភាពនេះតែម្នាក់ឯង ហើយគោលបំណងនៃការបំផ្ទុះនេះនៅមិនទាន់ដឹងនៅឡើយទេ។
លោក Donald Cochran រដ្ឋអាជ្ញាប្រចាំតំបន់ Middle District នៃរដ្ឋ Tennessee បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា៖ «យើងបានធ្វើការសន្និដ្ឋានថា បុគ្គលដែលមានឈ្មោះ Anthony Warner គឺជាអ្នកបំផ្ទុះគ្រាប់បែកនោះ និងមានវត្តមាននៅពេលដែលគ្រាប់បែកបានបំផ្ទុះឡើង ហើយជននោះបានស្លាប់នៅក្នុងការផ្ទុះនោះ»។
ក្រុមអ្នកស៊ើបអង្កេតបានប្រើ DNA និងភស្តុតាងផ្សេងទៀតដើម្បីភ្ជាប់ជនឈ្មោះ Warner នេះទៅនឹងការផ្ទុះនោះ។ ពួកគេបានឆែកឆេរផ្ទះរបស់ Warner កាលពីថ្ងៃសៅរ៍នៅតំបន់ Antioch ដែលស្ថិតនៅចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រពីកន្លែងផ្ទុះនោះ នៅក្នុងសង្កាត់មួយនៃទីក្រុង Nashville ដែលជាកន្លែងពោរពេញដោយបារនិងភោជនីយដ្ឋាននានា៕