ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសារព័ត៌មាន​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ចំ​ពេល​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក


រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកកាសែតរបស់អង្គភាពព័ត៌មានសំឡេងប្រជាធិបតេយ្យ (វីអូឌី) នៅក្នុងរូបថតមួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ (រូបថតពីទំព័រហ្វេសប៊ុក Mech Dara)
រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកកាសែតរបស់អង្គភាពព័ត៌មានសំឡេងប្រជាធិបតេយ្យ (វីអូឌី) នៅក្នុងរូបថតមួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ (រូបថតពីទំព័រហ្វេសប៊ុក Mech Dara)

អ្នក​សារ​ព័ត៌មាន​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ក្រុង​ព្រះសីហនុ​ឃាត់​ខ្លួន​រយៈ​ពេល​ប្រមាណ​ពីរ​ម៉ោង​កន្លះ ​ខណៈ​លោក​ចុះ​ទៅ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មានដោយ​មាន​ការ​ថត​រូប​អំឡុង​ពេល​អាជ្ញធរ​ក្រុង​ដែល​នៅ​ជាប់​មាត់​សមុទ្រ​នេះ​ ចុះ​បង្ក្រាប​នៅ​ក្នុង​ទីតាំង​មួយ​ដែល​មាន​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ស្នាក់​នៅ។​

កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មេសា ​ឆ្នាំ​២០២២ ​លោក​ ម៉ិច ដារ៉ា​ អ្នក​កាសែត​របស់​អង្គភាព​ព័ត៌មាន​សំឡេង​ប្រជា​ធិបតេយ្យ​ ​(វីអូឌី)​ ត្រូវ​បាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ខេត្ត​ព្រះ​សីហនុ​ចាប់​ខ្លួន​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​កន្លះ ​ដោយ​ចោទថា​«ថតរូប​ដោយ​គ្មាន​ការ​អនុញ្ញាត»។ ​ទោះ​ជា​យ៉ាងណា​ លោក​ថា​លោក​គឺគ្រាន់​តែ​បំពេញ​តួនាទី​ទៅ​តាម​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មានប៉ុណ្ណោះ ​ហើយ​ថា​ ការ​ថត​រូប​នៅ​តាម​ទី​សាធារណៈ​ទៀត​សោត​ក៏​មិន​មាន​អ្វី​ទាស់​ខុស​នោះ​ដែរ។​

អ្នក​កាសែត​វីអូឌី​រូប​នេះ​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្ហាញ​មាត្រា​នៃ​ច្បាប់​ជាក់​លាក់​ណា​មួយ​ដែល​ចែង​ថា​ ការ​ថត​រូប​នៅ​ក្នុង​ទីតាំង​សាធារណៈ​ជា​រឿង​ខុស​ច្បាប់​ ហើយ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ។​

លោក​និយាយ​ថា៖​« ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ថា​ តើ​ក្នុង​ប្រទេស​កម្ពុជា​យើង​ពិត​ជា​មាន​ច្បាប់​ដែល​ចែង​មិន​ឱ្យ​អ្នក​សារ​ព័ត៌មាន​ថត​រូប​នៅ​តាម​ទី​សាធារណៈ​ ហើយ​រាល់​ការ​ថត​រូប​ត្រូវ​សុំ​ការ​អនុញ្ញាត​ ឬ​ក៏​បែប​ម៉េច?​ បើ​អ៊ីចឹង​មែន​ រាជ​រដ្ឋាភិបាល​គួរ​តែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ​ខាង​ក្រសួង​ព័ត៌មាន ​ឬ​ក៏​ខាង​ក្រសួង​មហាផ្ទៃ​គួរតែ​បង្ហាញ​ថា​ តើ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ថត​រូប​ពេល​ដែល​សមត្ថ​កិច្ច​កំពុង​ប្រតិបត្តិ​ការ​ ឬ​ក៏​អី​ផ្សេងៗ​ ឬ​ស្ថាប័ន​រដ្ឋ​ ឬ​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ផ្សេងៗ​ហ្នឹង​ ថា​ តើ​បែប​ម៉េច?»

ការ​ឃាត់​ខ្លួន​អ្នក​កាសែត​របស់​សំឡេង​ប្រជា​ធិបតេយ្យ​(វីអូឌី)​រូប​នេះ​កើត​មាន​ឡើង​ស្របពេល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​ និង​ត្រៀម​ប្រារព្ធ​ទិវា​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ ខែ​ឧសភា​នេះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​(CamboJa) ​លោក​ ណុប វី​ ចាត់​ទុក​ថា​ ការ​ចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា​ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​អ្នក​សារ​ព័ត៌​មាន​ធ្ងន់ធ្ងរ។​ ​លោក​បន្ថែម​ថា ​ករណី​នេះ​បង្ហាញ​ឱ្យុ​ឃើញ​ថា​ អាជ្ញាធរ​មូលដ្ឋាន​គឺ​មិន​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ និង​តួ​នាទី​របស់​អ្នក​សារ​ព័ត៌មាន​នោះ​ទេ​ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​តែ​ប្រារព្ធទិវា​សេរី​ភាព​សារ​ព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២​នេះ។​

លោក​បន្ថែម​ថា៖​«យើង​ឃើញ​លោក ​ម៉ិច ដារ៉ា ​គាត់​ជា​អ្នក​សារ​ព័ត៌មាន​ដែល​មាន​ស្ថាប័ន​ត្រឹម​ត្រូវ។​ គាត់​អនុវត្ត​វិជ្ជាជីវៈ​បាន​តឹងរ៉ឹង។ ​ដូច្នេះ​ហើយ​វា​អត់​មាន​ហេតុផល​អី​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​សួរ​នាំ ​ឬ​ក៏​ឃាត់​ខ្លួន​គាត់​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ការ​ដែល​ដឹង​ថា​ គាត់​គឺ​ជា​អ្នក​សារ​ព័ត៌មាន​ហើយ​ មាន​ស្ថាប័ន​ត្រឹមត្រូវ​ហើយ ​ យើង​ទៅ​ឃាត់​ខ្លួន​ ហើយ​សួរ​នាំ​ហេតុ​ផល​ផ្សេងៗ។ ​នេះ​គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​ជា​ហិង្សា​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​ ហើយ​នឹង​ភារកិច្ច​របស់​អ្នក​សារព័ត៌មាន»។​
លោក​បន្ត​ថា​ អ្វី​ដែល​អាជ្ញាធរ​គួរ​តែ​ធ្វើ​ដើម្បី​ធានា​នូវ​សិទ្ធិ​និង​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន​នោះ​គឺ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់​ និង​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀស​វាង​នូវ​ការ​រំលោភ​បំពាន​ណា​មួយ​ទៅ​លើ​សិទ្ធិ​អ្នក​សារ​ព័ត៌មាន​ រួម​ទាំង​ច្បាប់​ដែល​មាន​ជាធរមាន​ដែល​មាន​ស្រាប់​ផង​ដែរ។​

លោក​និយាយ​ថា៖​«ជា​អ្នក​អនុវត្ត​ច្បាប់​យើង​អត់​ត្រូវ​រំលោភ​បំពាន​ច្បាប់​ទេ ហើយ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​អនុវត្ត​ឬ​ក៏​ការ​ដាក់​ចេញ​នូវ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​វា​រំលោភ​បំពាន​ទៅ​ដល់​គោល​ការណ៍​ជា​មូលដ្ឋាន​នៃ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន​ ហើយ​នឹង​ការ​រំលោភ​ទៅ​ដល់​ច្បាប់​ដែល​មាន​ជាធរមាន​ហ្នឹង»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោកឧត្តម​សេនីយ៍​ឯក ​កែម សារិន​ ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ព្រោះ​ទូរ​ស័ព្ទ​លោក​រោទិ៍​តែ​គ្មាន​អ្នក​ទទួល។​ ដោយ​ឡែកអ្នក​នាំពាក្យ​សាលាខេត្ត​ព្រះ​សីហនុ​លោក ​ឃាង​ ភារម្យ​ ថា​ លោក​មិន​បាន​ដឹង​អំពី​ករណី​ឃាត់​ខ្លួន​អ្នក​កាសែត​វីអូឌី​ខាង​លើ​ទេ។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ ស៊ឹង សែនករុណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ ថា ​កម្ពុជា​គ្មាន​ច្បាប់​ដែល​ហាម​មិន​ឱ្យ​អ្នក​សារ​ព័ត៌មាន​ថត​រូប​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ។​

លោក​ផ្តល់​ការ​កត់​សម្គាល់​បន្ត​ថា​ មួយ​រយៈ​ក្រោយ​នេះ​ ករណី​យាយី​អ្នក​កាសែត​យ៉ាង​ដូច្នេះ​នេះ​មិន​មែន​កើត​ឡើង​តែ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ទេ​ ប៉ុន្តែ​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​រង​ការ​យាយី​ស្រដៀង​គ្នា​នេះ​ផង​ដែរ។​

លោក​និយាយ​ថា៖​ «រយៈ​កាល​ចុង​ក្រោយ​នេះ ​យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ។​ ដូច​ជា​មិន​មែន​តែ​ខាង​សារ​ព័ត៌មាន​ទេ។ ខាង​អង្គការ​សង្គម​ស៊ីវិល​យើង​ទៅ​ឃ្លាំ​មើល​កូដកម្ម​ណាហ្គាវើលដ៍​ទៅ​ទៀត​ អត់​ឱ្យ​យើង​ចូល​ថត​រូប។​ ​នៅ​ពេល​គាត់​បង្រ្កាប ​ឬ​ក៏​រឹតត្បឹត​ទៅ​លើ​សេរី​ភាព​របស់​កូដករ​ អត់​ឱ្យ​យើង​ថតរូប​..​ អត់​ឱ្យ​យើង​ឃ្លាំមើល ​ដេញ​យើង​ចេញ​ពីទី​កន្លែង​ដែល​មាន​បញ្ហា​ប៉ះ​ទង្គិច​អី​ទាំង​អស់​ហ្នឹង»។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ពិនិត្យ​មើល​ច្បាប់​ដែល​មាន​ជាធរមាន​និង​ទង្វើ​របស់​ខ្លួន​ឡើង​វិញ​ជុំវិញ​ការ​រឹតត្បិត​ និង​យាយី​ក្នុង​ទម្រង់​ផ្សេងៗ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន។​

លោក​ថា៖​ «យើង​ក៏​ចង់​ឃើញ​ដូច​លោក ​ម៉ិច ដារ៉ា ​បាន​លើក​ឡើង​ថា​ អ៊ីចឹង​ គឺ​ចង់​ឱ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ច្បាប់​ឡើង​វិញ​អំពី​ការ​រឹតត្បិត​អី​ទាំង​អស់​ហ្នឹង​ ហើយ​ក៏​ចង់​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ​ពិនិត្យ​មើល​ទង្វើ​និង​សកម្ម​ភាព​របស់​មន្ត្រី​ក្រោម​ឱវាទ​ហ្នឹង​ដែល​ទៅ​អនុវត្ត​តួនាទី​ដោយ​មាន​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន​ ក៏​ដូច​ជា​ខាង​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​សហជីព​ជាតិ​អ៊ីចឹង»។​

អំឡុង​ខែ​មេសា​នេះ ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​របាយ​ការណ៍​ថ្មី​មួយ​ដោយ​បង្ហាញ​ថា​ សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សារ​ព័ត៌មាន​បាន​«រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ»​នៅ​ចន្លោះ​ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ដល់​ខែ​សីហា​ ឆ្នាំ​២០២១។​

របាយ​ការណ៍​ជា​ភាសាខ្មែរ ​កម្រាស់​៦៦​ទំព័រ​ ចេញ​ផ្សាយ​នៅ​ខែ​មេសា​នេះ ​ឱ្យ​ដឹង​ថា ​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួន​៧​ ត្រូវ​បាន​ដក​ហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​៩​នាក់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១៧​នាក់ ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ពី​«ការ​គាប​សង្កត់​មិន​ឈប់​ឈរ»​ និង​«គោល​ការណ៍​មិន​អត់​ឱន​ចំពោះ​មតិ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល»។

របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ថា​ ការ​គាប​សង្កត់​នោះ​នៅ​ក្រោម​រូបភាព​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ដូច​ជា​ការ​កោះ​ហៅ​ដោយ​អាជ្ញាធរ​ ការ​សួរ​ចម្លើយ​ ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន​ ការ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ ការ​ចោទ​ប្រកាន់ ​និង​ការ​ផ្តន្ទា​ទោស។​

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សាកល​ឆ្នាំ​២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង។ ​អង្គការ​ដដែល​នេះ​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បង្ក្រាប​ដោយ​មិន​បន្ធូរ​ដៃ​លើ​អង្គភាព​សារ​ព័ត៌មាន​ឯករាជ្យ​អំឡុង​ឆ្នាំ​២០១៧​ ដើម្បី​បាន​បន្ត​ក្រាញ​អំណាច​ផង​ដែរ៕

XS
SM
MD
LG