សមត្ថកិច្ចនៅទីក្រុងភ្នំពេញបានចាប់ខ្លួន ឧត្តមសេនីយ៍ទោម្នាក់ដែលបំពេញការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការសង្ស័យថា បានប្រព្រឹត្តអំពើឆបោកប្រាក់ពីពលរដ្ឋជាង ៥ម៉ឺនដុល្លារអាមេរិក យកទៅរត់ការចូលក្របខណ្ឌនគរបាលជាតិ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
មុនពេលចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ ឧត្តមសេនីយ៍ទោ លោក អេង សាវឿន មានតួនាទីជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សមត្ថកិច្ចបានចាប់ខ្លួន លោក អេង សាវឿន កាលពីថ្ងៃចន្ទ ពាក់ព័ន្ធការឆបោកលុយពីពលរដ្ឋយកទៅរត់ការចូលក្របខណ្ឌនគរបាលជាតិ ដែលជាសកម្មភាពខុសច្បាប់ ខុសវិន័យកងកម្លាំង ហើយក៏ខុសពីក្រមសីលធម៌មន្ត្រីរាជការស៊ីវិល។ លោកបន្ថែមថា មន្ត្រីមិនអាចយកតួនាទីរដ្ឋទៅប្រើដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនបានទេ។
លោកថ្លែងថា៖ «មន្ត្រីជាការពិតហើយ ប៉ុន្តែជារឿងបុគ្គល របស់ជនដែលឆ្លៀតរកប្រយោជន៍ ឬក៏ជនដែលហៅថាយកអង្គភាព យកតួនាទីមករកប្រយោជន៍សម្រាប់ខ្លួនឯង ដែលខ្លួនឯងបានដឹងច្បាស់ថា មិនបានលទ្ធផលជាវិជ្ជមានទេ។ ហើយដែលធ្វើឱ្យគេជឿជាក់ទុកចិត្ត ចំពោះបងប្អូនមួយចំនួនដែលចង់ចូលក្របខណ្ឌនេះ ក្របខណ្ឌនោះ ដោយពុំបានដឹងច្បាស់ពីនីតិវីធី និងច្បាប់កំណត់ដើម្បីចូលក្របខណ្ឌបាន»។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ កន្លងមកករណីរត់ការចូលក្របខណ្ឌក្រសួងមហាផ្ទៃនេះ គឺក្រសួងក៏ធ្លាប់អនុវត្តចំណាត់ការជាហូរហែទៅលើមន្ត្រីទាំងនោះផងដែរ ដូចជា ការដកហូតតំណែង ការបណ្តេញចេញពីក្របខណ្ឌ ឬបន្ថយឋានន្តរស័ក្តិ ហើយក្រសួងក៏ធ្លាប់សម្របសម្រួលយកប្រាក់ដែលរឹបអូសបានពីសកម្មភាពឆបោកនោះ ទៅប្រគល់ឱ្យពលរដ្ឋវិញផងដែរ។
បន្ទាប់ពីការឃាត់ខ្លួនឧត្តមសេនីយ៍ទោ លោក អេង សាវឿន សារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែមីនា។ វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីក្រុមគ្រួសាររបស់លោក អេង សាវឿន បាននៅឡើយទេ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោក អេង សាវឿន ត្រូវបានចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។ លោកបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែម ដោយបានបង្វែរសំណួរទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញជំវិញ។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីក្រុមមន្ត្រីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី និងលោក អ៊ី រិន្ទ បានទេនៅថ្ងៃពុធនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការសូកប៉ាន់លុយដើម្បីក្លាយជាមន្ត្រី នៅតាមក្រសួងស្ថាប័នរដ្ឋនេះ គឺតែងតែកើតមាន។
ជារឿយៗលោកក៏ឮពលរដ្ឋនិយាយអំពីបញ្ហានេះនៅតាមទីសាធារណៈផងដែរ។
លោកបន្ថែមថា ដើម្បីលុបបំបាត់សកម្មភាពអវិជ្ជមានទាំងនេះបាន គឺទាមទារឱ្យក្រសួងសាមី និងរដ្ឋាភិបាល អនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹង ដោយកុំអត់ឱនចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធការយកលុយកាក់ពីពលរដ្ឋជាថ្នូរនឹងការសម្រួលឱ្យបានចូលធ្វើការក្នុងក្របខណ្ឌរដ្ឋ ហើយបើកឱ្យមានការប្រឡងប្រជែងដើម្បីបានចូលបម្រើការងាររដ្ឋដោយឈរលើសមត្ថភាព។
លោកថ្លែងថា៖ «ដូច្នេះអ្វីដែលយើងគិតថាអាចធ្វើទៅបាន គឺទីមួយខ្ញុំគិតថា គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើតគណៈកម្មការពិសេសមួយ ដើម្បីដឹកនាំការប្រឡងប្រជែង ទាំងកែ[វិញាសារប្រឡង] ទាំងអីទាំងអស់ហ្នឹង ដោយពុំចាំបាច់ឱ្យពាក់ព័ន្ធជាមួយក្រសួងសាមីដែលគាត់រើសបុគ្គលិកហ្នឹងទេ មានន័យថាដាក់ទៅក្រុមអធិការកិច្ចពិសេសដើម្បីចាត់ចែងការប្រឡងហ្នឹង»។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០២៣ ក៏មានករណីឆបោកស្រដៀងគ្នានេះបានកើតឡើងផងដែរ ដោយប្រជាពលរដ្ឋចំនួន១១គ្រួសាររស់នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យប្តឹងទៅលើមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ ចំពោះការបោកលុយរបស់ពួកគេជាង៩ម៉ឺនដុល្លារដើម្បីរត់ការចូលក្របខណ្ឌមន្ដ្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេច៕
វេទិកាបញ្ចេញមតិ