ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ​សៀវភៅ​«កម្ពុជា​ក្នុង​សតវត្ស​ទី២១»​បង្ហាញ​លទ្ធផល​អង្កេត​១​ទសវត្សរ៍​ក្នុង​ប្រទេស​កម្ពុជា


រូបឯកសារ៖ ទង់ជាតិកម្ពុជាត្រូវបានដាក់តាំងនៅក្បែរប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១០។
រូបឯកសារ៖ ទង់ជាតិកម្ពុជាត្រូវបានដាក់តាំងនៅក្បែរប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១០។

«‍សៀវភៅ​របស់ខ្ញុំ​គឺ​មាន​ន័យ​ត្រង់ៗ​ដូច​ចំណងជើង​តែ​ម្តង​ ​«​Cambodia in the 21st Century» (កម្ពុជា​ក្នុង​សតវត្ស​ទី២១)។​ ​ខ្ញុំ​គិត​ថា​ សៀវភៅ​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពីសង្គម​កម្ពុជា»។

កំណត់​និពន្ធ៖ លោក​ ​Marc​ ​Baudinet​ ​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា«Cambodia​ ​in​ ​the​ ​21st​ ​Century»​ ​ឬ​«កម្ពុជា​ក្នុង​សតវត្ស​ទី២១‍» ​ទើប​បាន​បញ្ចប់​ការ​សរសេរ​និង​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ​ក្នុង​ពេល​ថ្មីៗ​នេះ។​ ​លោក​ ​គី ម៉េងលី​ ​អ្នក​យក​ព័ត៌មាន​នៃ​VOA​ បាន​សម្ភាស​អ្នកនិពន្ធ​រូប​នេះ​ពី​រាជធានី​ភ្នំពេញ អំពី​ខ្លឹមសារ​សំខាន់ៗ​ក្នុង​សៀវភៅ​របស់​លោក​ក៏​ដូចជា​ទិន្នន័យ​អង្កេត​លើ​ការ​វិវត្ត​១០ឆ្នាំ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា៖

VOA​៖​ ​ជម្រាបសួរ​លោក​ ​Marc Baudinet។​ ​ជា​ដំបូង​ ​អរគុណ​លោក​ដែល​បាន​ចំណាយ​ពេល​ ​មក​ធ្វើ​បទសម្ភាសន៍​នៅ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ផ្នែក​ភាសាខ្មែរ។​ ​តើ​ខ្ញុំ​អាច​ដឹង​បានទេ​ក្នុង​សរសេរ​សៀវភៅ ​តើ​លោក​ត្រូវការ​ពេល​ប៉ុន្មាន​ដែរ?​ ​ហើយ​វា​ត្រូវការ​ពេល​ប៉ុន្មាន​ដែរ​សម្រាប់​លោក​ក្នុង​ការ​សង្កេត​មើល​សង្គម​កម្ពុជា​ ​ដើម្បី​សរសេរ​សៀវភៅ​នេះ?​

Marc​ ​Baudinet​៖​ ​បាទ​!​ ​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​អញ្ជើញ​របស់​ ​VOA។​ ​ខ្ញុំ​ធ្វើដំណើរ​ពី​ទ្វីប​អឺរ៉ុប​មកដល់​កម្ពុជា​ដំបូង​ ​ក្នុង​ឆ្នាំ២០១០។​ ​នា​ពេលនោះ​ ​អ្វីៗ​គ្រប់យ៉ាង​មាន​លក្ខណៈ​ខុសប្លែក​ ​នឹង​ ​អស្ចារ្យ​មែនទែន​បើ​ប្រៀបធៀប​ទៅ​នឹង​កន្លែង​ដទៃៗ​ទៀត​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ។​ ​ខ្ញុំ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ភ្លាម​នា​ពេល​បាន​ឃើញ​ភាព​ខុសប្លែក​នេះ​ ​ហើយ​ពេលនោះ​ផង​ដែរ​ ​គ្រានោះ​ខ្ញុំ​ពុំសូវ​យល់​ពី​របៀប​ដែល​មនុស្ស​នៅ​ទីនេះ​ប្រាស្រ័យ​ទាក់ទង​ ​និង​រស់នៅ​ជាមួយគ្នា​ទេ។​ ​ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ដឹង​បន្ថែម​ពីសង្គម​នេះ​ ហើយ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ដើរ​សួរ​នឹង​សម្ភាស​បណ្ដាជន​នៅ​ទីនេះ​ដោយ​មិន​ផ្លូវការ​នោះ​ទេ។

ខ្ញុំ​តែងតែ​សួរ​ពួក​គេ​ថា ​ហេតុអ្វី​បាន​មានរឿង​បែប​នេះ​ ​និង​បែប​នោះ។​ ​ហើយ​ក្រោយ​មក​ទៀត​ពេល៣ឆ្នាំ​កន្លងទៅ​ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​សរសេរ​អ្វីមួយ​ ​ទាក់ទង​ទៅ​នឹង​របៀប​នឹង​ដំណើរ​ផ្លាស់ប្ដូរ​ដ៏​លឿន​រហ័ស​របស់​សង្គម​កម្ពុជា។​ ​ខ្ញុំ​គិត​ថា ​មាន​វា​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ ​ក្នុង​ការ​សរសេរ​នឹង​ធ្វើការ​សង្កេត​ដំណើរ​វិវត្តន៍​ក្នុង​សង្គម​កម្ពុជា។​ ​តាមរយៈ​នេះ​ហើយ​ដែល​ខ្ញុំ​ផ្ដួចផ្ដើម​គំនិត​សរសេរ​សៀវភៅ​នេះ។​

VOA៖ ទាក់ទង​ទៅ​នឹង​សៀវភៅ​លោក​ផ្ទាល់​ ​ហេតុអ្វីបានជា​លោក​ដាក់​ឈ្មោះ​ “Cambodia in the 21st Century" ដូច្នេះ?​ ​តើ​លោក​អាច​ប្រាប់​ត្រួសៗ​បានទេ​ថា​សៀវភៅ​របស់​លោក​និយាយ​ពី​អ្វី?

លោក Marc Baudinet អ្នកនិពន្ធសៀវភៅ កម្ពុជាក្នុងសតវត្សរ៍ទី២១ អំឡុងពេលផ្ដល់កិច្ចសម្ភាស នៅឯការិយាល័យផ្សាយប្រចាំរាជធានីភ្នំពេញរបស់VOA កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (គី ម៉េងលី/VOA)
លោក Marc Baudinet អ្នកនិពន្ធសៀវភៅ កម្ពុជាក្នុងសតវត្សរ៍ទី២១ អំឡុងពេលផ្ដល់កិច្ចសម្ភាស នៅឯការិយាល័យផ្សាយប្រចាំរាជធានីភ្នំពេញរបស់VOA កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (គី ម៉េងលី/VOA)

Marc​ ​Baudinet៖ សៀវភៅ​របស់ខ្ញុំ​គឺ​មាន​ន័យ​ត្រង់ៗ​ដូច​ចំណងជើង​តែ​ម្តង​ ​«​Cambodia in the 21st Century» (កម្ពុជា​ក្នុង​សតវត្ស​ទី២១)។​ ​ខ្ញុំ​គិត​ថា​ សៀវភៅ​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពីសង្គម​កម្ពុជា។​ ​គោលគំនិត​សំខាន់​នៃ​សៀវភៅ​នេះ​ ​គឺ​ចង់​ល្បងមើល​ថា​ ​មាន​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​សង្គម​នេះ​ ​ហើយ​សង្គម​នេះ​បាន​វិវត្ត​នូវ​ផ្នែក​អ្វីខ្លះ​ពី​បុរាណសម័យ​ ​មកកាន់​យុគសម័យ​ទំនើប​នេះ។​ ​ក្នុង​ការណ៍​នេះ​ ​ខ្ញុំ​អង្កេត​ឃើញ​ថា​ ​ការអប់រំ​របស់​ប្រជាជន​មាន​ភាព​ប្រសើរ​ឡើង​ ​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​បាន​ទទួលការ​អប់រំ​ ​មនុស្ស​ចាប់ផ្ដើម​មាន​លទ្ធភាព​ទិញ​រថយន្ត​ ​ទូរស័ព្ទ​ទំនើបៗ​ ​ហើយ​ប្រជាជន​កម្ពុជា​ចាប់ផ្ដើម​ប្រកប​អាជីព​ការ​ងារ​ផ្សេងៗ​ ​ដែល​ពុំ​ធ្លាប់​មាននៅ​ទីនេះ​ទេ​នាកាល​ពីមុន។

មានរឿង​ច្រើន​ណាស់​ដែល​កើត​ឡើង​ក្នុង​សង្គម​មួយ​នេះ​ ​ហើយ​នេះ​ហើយ​ជា​ចំណុច​សំខាន់​របស់​សៀវភៅ​នេះ​ក្នុង​ការ​កត់ត្រា។​ ​តាមរយៈ​សៀវភៅ​នេះ​ផង​ដែរ​ ​ខ្ញុំ​ក៏បាន​អង្កេត​មើល​ផង​ដែរ​ ​ពី​ការណ៍​ដែល​ទំនើបកម្ម​ទាំងនេះ​ ​ជះ​ឥទ្ធិពល​ទៅលើ​ទំនៀម​ទម្លាប់​ពី​បុរាណ​ ​និង​ប្រពៃណី​នៃ​សង្គម​នេះ​ ​ហើយ​អ្វី​ ​ដែល​ជា​លទ្ធផល​និង​ផលវិបាក​ទៅលើ​ការ​ធ្វើ​អន្តរកម្ម​របស់​ប្រជាជន​កម្ពុជា។​ ​កត្តា​ទាំងនេះ​បណ្ដាល​ឱ្យ​ខ្ញុំ​ជាប់ចិត្ត​ជាប់​ថ្លើម​យ៉ាង​ខ្លាំង​ ​ហើយ​អាច​និយាយ​បាន​ថា​ជា​ដំណើរ​ដើមចម​ដំបូង​ដែល​នាំ​ឱ្យ​តាក់តែង​សៀវភៅ​នេះ​ឡើង។

ប្រជាជនឈរតម្រង់ជួររង់ចាំចូល ធ្វើការបោះឆ្នោតនៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
ប្រជាជនឈរតម្រង់ជួររង់ចាំចូល ធ្វើការបោះឆ្នោតនៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

VOA៖​ ​ក្នុង​សៀវភៅ​លោក​ ​លោក​មាន​សុទិដ្ឋិនិយម​តិចតួច​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ ​ជាពិសេស​ទៅលើ​តួនាទី​ ​និង​សមត្ថភាព​ពួកគេ​ក្នុង​ការ​ពង្រឹង​ ​នឹង​លើក​តម្កើង​នីតិរដ្ឋ។ ហេតុអ្វី​បានជា​លោក​មាន​ការ​សន្និដ្ឋាន​ ​និង​ការសង្កេត​មើល​ដូច្នេះ?

Marc​ ​Baudinet៖ ខ្ញុំ​ចាប់ផ្ដើម​សរសេរ​សៀវភៅ​នេះ​ដំបូង​កាលពី​ឆ្នាំ២០១៦។​ ​ពេលនោះ​បណ្ដាជន​គ្រប់គ្នា​ផ្ដោត​និយាយ​អំពី​ការបោះឆ្នោត​ដែល​នឹង​ចូល​មកដល់​ខាងមុខ​ ​រួមមាន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧​ ​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ​ហើយ​ខ្ញុំ​គិត​ថា​ ​មាន​មនុស្ស​ច្រើន​គួរសម​ដែល​សម្ដែង​នូវ​គំនិត​សុទិដ្ឋិនិយម​របស់​ពួកគេ​ ​ដោយ​គិត​ថា​អ្វីៗ​អាច​នឹង​មានការ​ផ្លាស់ប្ដូរ​ ​ហើយ​រំពេចនោះ​ស្រាប់តែ​មាន​ភាព​ចលាចល។ អ្វីៗ​គ្រប់យ៉ាង​បាន​ដើរ​ទៅ​រក​ផ្លូវ​បញ្ច្រាស​ពី​នោះ​ទៅវិញ​ ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧ ដែល​បណ្ដាល​ឱ្យ​ខ្ញុំ​ត្រូវ​ត្រឡប់​មក​សរសេរ​ផ្នែក​ជាច្រើន​នៃ​សៀវភៅ​ខ្ញុំ​ឡើងវិញ។​

នីតិរដ្ឋ​ពិតជា​សំខាន់​ណាស់​ចំពោះ​សង្គម​មួយ​ដែល​ជោគជ័យ។​ ​បើ​អ្នកលើក​យក​ករណី​ប្រទេស​សិង្ហបុរី​មក​ធ្វើ​ជា​ឧទាហរណ៍​ ​អ្នក​នឹង​ឃើញ​ថា​ស្ថានភាព​នីតិរដ្ឋ​នៅ​សិង្ហបុរី​ពិតជា​រឹងមាំ​ខ្លាំង​ណាស់​ ​ចរិត​អភិបាលកិច្ច​តាម​បែប​គុណូបធិបតេយ្យ​ក៏​រឹងមាំ​ខ្លាំង​ ​ហើយ​ការអនុវត្ត​គោលការណ៍​អភិបាលកិច្ច​ល្អ​នៅ​ទីនោះ​ក៏​មាន​សភាព​រឹងមាំ​ខ្លាំង​ ​ដែល​នាំ​ឱ្យ​សង្គម​ដ៏​តូច​មួយ​នេះ​ទទួល​បាន​ជោគជ័យ​ដ៏​ចម្រើន។​

នៅ​ទីនេះ​ ​ប្រទេស​កម្ពុជា​ ​ការអនុវត្ត​នីតិរដ្ឋ​មាន​សភាព​រង្គោះរង្គើ​ ​ដែលគេ​ច្រើន​ផ្ដោត​សំខាន់​ថា​តើ​យើង​មាន​ប្រាក់​ច្រើនជាង​គូភាគី​យើង​ដែរ​ឬទេ​ ​ហើយ​ថា​តើ​យើង​អាច​ទុកចិត្ត​តុលាការ​ដែរ​ឬទេ​ ​បើ​អ្នកជា​ជន​ក្រខ្សត់។​ ​ដូច្នេះ​ហើយ​ប្រជាជន​នៅ​មាន​បញ្ហា​នៃ​កង្វះ​ទំនុក​ចិត្ត​ទៅលើ​សង្គម​របស់​ពួកគេ​ ​ហើយ​ពួកគេ​ក៏​ពុំ​មាន​ភាព​ក្លៀវក្លា​នោះ​ដែរ​ ​ក្នុង​ការ​វិនិយោគ​លើ​អ្វីមួយ​ ​ខណៈ​ពួកគេ​ទំនងជា​នឹង​ដឹង​ថា​ ​ច្បាប់​មុខ​ជា​ពុំ​ស្ថិតនៅ​ខាង​ពួកគេ​ឡើយ​ដោយសារ​ពួកគេ​ពុំ​មែន​ជា​អ្នកមាន។​

អភិបាលកិច្ច​តាម​បែប​គុណូបធិបតេយ្យ​ក៏​ជា​កត្តា​មួយ​ដែល​សំខាន់​ខ្លាំង​នោះ​ដែរ។ សម្រាប់​សង្គម​កម្ពុជា​ ​ខ្ញុំ​គិត​ថា​ អភិបាលកិច្ច​តាម​បែប​គុណូបធិបតេយ្យ​ ​កំពុងតែ​ស្គាល់​ភាព​ប្រសើរ​ឡើង​ហើយ។​ ​ខ្ញុំ​ក៏​គិត​ដែរ​ថា​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត។​ ​នៅ​ពេល​ការអប់រំ​កំពុង​មាន​ភាព​ប្រសើរ​ឡើង​ ​ខ្ញុំ​គិត​ថា​ អភិបាលកិច្ច​តាម​បែប​គុណូបធិបតេយ្យ​ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។​ ​ហើយ​កត្តា​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​អនាគត​កម្ពុជា។​ ​ប៉ុន្តែ​ ​ផ្លូវ​ដើរ​ទៅ​មុខ​នៅ​មាន​ចម្ងាយ​វែងឆ្ងាយ​ទៀត។​ ​ម្ល៉ោះហើយ​ ​ពេលខ្លះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ ​ហើយ​ពេលខ្លះ​ក៏​មាន​ទុទិដ្ឋិនិយម​បន្តិចបន្តួច​ផង​ដែរ​ចំពោះ​សង្គម​នេះ។​

VOA៖​ ​បើ​និយាយ​អំពី​នីតិរដ្ឋ​ ​លោក​ក៏បាន​លើកឡើង​ផង​ដែរ​ក្នុង​សៀវភៅ​លោក​ពី​លំដាប់​នៃ​ការ​រៀបចំ​សង្គម​ទៅតាម​បែបផែន​ធម្មជាតិ។​ ​លោក​បាន​លើកឡើង​ពី​ទស្សនៈ​វិស័យ​សង្គម​នយោបាយ​របស់​សង្គម​កម្ពុជា​ ​ហើយ​លោក​បាន​និយាយ​ថា​លំដាប់​នៃ​ ការ​រៀបចំ​សង្គម​នេះ​ពុំ​ដើរ​ស្របគ្នា​ទៅ​នឹង​គំនិត​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ទេ។ តាមរយៈ​នេះ​ ​តើ​លោក​ចង់​មានន័យ​យ៉ាងដូច​ម្ដេច?​

Marc Baudinet៖​ ​គោលគំនិត​ប្រជាធិបតេយ្យ​នោះ​គឺថា​ ​ជា​មូលដ្ឋាន​ ​បុគ្គល​មួយ​រូបៗ​ ​ឬ​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ដូចគ្នា​ ​និង​មានតម្លៃ​ស្មើគ្នា។​ ​មិនថា​អ្នកឯង​ជា​អ្នក​អនាម័យ​ ​ឬក៏​ជា​កសិករ​ក្រីក្រ​នោះ​ទេ​ ​អ្នកមាន​មាន​សារៈសំខាន់​ស្មើនឹង​ក្រុម​ម្ចាស់ដី​ស្ដុកស្ដម្ភ​ដទៃ​ទៀត។​ ​ពេល​ដែល​ពលរដ្ឋ​គ្រប់រូប​ចេញ​បោះឆ្នោត​ ​សន្លឹកឆ្នោត​របស់​ពួកគេ​មាន​តម្លៃ​ស្មើៗ​គ្នា។

សមភាព​គឺជា​មូលដ្ឋាន​ដែល​លទ្ធិប្រជាធិបតេយ្យ​អាច​រីក​លូតលាស់​ទៅ​បាន។​ ​ចំណែក​ឯ​នៅ​ទីនេះ​វិញ​ ​និយាយរួម​គឺ​បរិបទ​សង្គម​អាស៊ី​ទាំងមូល​ ​មិនថា​តែ​នៅ​កម្ពុជា​នោះ​ទេ គំនិត​ដែល​ថា​បុគ្គល​គ្រប់រូប​មាន​ភាព​ស្មើគ្នា​នោះ ​ពុំមែន​អ្វី​ដែល​មាន​ក្នុង​សង្គម​ទាំងនេះ​ទេ​តាំងតែពី​ដើម​រៀងមក​ ​ហើយ​យើង​ក៏​ពុំ​អាចយ​ក​គំនិត​នេះ​មក​ស្វែងយល់​ពីមុខ​ងារ​សង្គម​ទាំងនេះ​ដែរ។

​បណ្ដាជន​នានា​ទទួល​យល់​ព្រម​ថា​ក្នុង​សង្គម​នី​មួយៗ​មាន​ក្រុម​អភិជន​ ​និង​មាន​ជន​សាមញ្ញ​ភាគច្រើន​ផ្សេងទៀត​ ​ហើយ​ជន​សាមញ្ញ​ទាំងនោះ​ ​បើ​ធ្វើអ្វី​គួរតែ​ធ្វើ​ការងារ​នោះ​ ​ហើយ​មិន​គួរ​ជំទាស់​នឹង​សិទ្ធិ​អាជ្ញា​ឡើយ។​ ​ពួកគេ​គួរគប្បី​កុំ​សួរ​ថា​ ​ហេតុអ្វីបានជា​អ្នកឯង​ចូលចិត្ត​ធ្វើ​បែប​នេះ​ ​ឬ​បែប​នោះ​ ​ឬ​ហេតុអ្វីបានជា​អ្នកឯង​មាន​ខ្លាំង​ ​ហើយ​ហេតុអ្វី​បាន​ជា​ខ្ញុំ​ក្រ​ម្ល៉េះ។​ ​ហើយ​ច្បាស់​ណាស់​ នៅ​ពេល​ដែល​សង្គម​ទទួលយក​គំនិត​ថា​គ្រប់គ្នា​សុទ្ធតែ​មាន​សិទ្ធិ​ស្មើគ្នា​នោះ​ ​គ្រប់គ្នា​អាច​ប្រឈម​មុខ​ដាក់គ្នា​ហើយ​ជជែកវែក​ញែក​ពី​ឫសគល់​នៃ​ភាព​មិន​ស្មើគ្នា​នេះ។​ ​ពួកគេ​អាច​ដេញដោល​សួរ​ថា ហេតុអ្វី​បានជា​អ្នក​និយាយ​ដូច្នេះ​ ​ហើយ​ចុះបើ​អ្នក​គិត​បែបនេះ​វិញ​ ​ហេតុអ្វី​បានជា​អ្នកមាន​រថយន្ត​រហូតដល់​ប្រាំ​គ្រឿង​ ​ឯខ្ញុំ​រកតែ​មួយ​គ្រឿង​ជិះ​គ្មាន។​ ​ដូច្នេះ​ហើយ​ ​ខ្ញុំ​គិត​ថា​គំនិត​ដែល​មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន​ភាពស្មើគ្នា​នេះ​ ​នៅ​ពុំ​ទាន់​អាច​ទទួលយក​បាន​នៅឡើយ​ទេ​នៅ​ទីនេះ​ ​ជាពិសេស​ច្បាស់​ណាស់​ពី​សំណាក់​ពួក​អភិជន​ដែល​មិន​ចង់​ឲ្យ​មនុស្ស​ដែល​មាន​ជីវភាព​ក្រីក្រ​មាន​សិទ្ធិ​ស្មើនឹង​ខ្លួន​ឡើយ។

​ប៉ុន្តែ​ផ្នត់​គំនិត​បែប​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា​នៅ​ទីនេះ​ ​ដោយ​សារ​តែ​គំនិត​ប្រជាធិបតេយ្យ​ ​ទើប​តែ​មក​ដល់​សង្គម​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ ​អំឡុង​មុន​ពេល​ឆ្នាំ១៩៩៣។​ ​ដើមឡើយ​ ​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​យុត្តិ​វង្ស​ ​បាន​សរសេរ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​នេះ​ក្នុង​រដ្ឋធម្មនុញ្ញ​ដំបូង​គេ​របស់​កម្ពុជា​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ១៩៤០។​ ​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​យុត្តិ​វង្ស​ ​ជា​មនុស្ស​ដំបូង​ដែល​បាន​សរសេរ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ ​មុន​ពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង។ ព្រះអង្គ​គឺជា​មនុស្ស​ដំបូង​ដែល​បាន​ណែនាំ​គំនិត​ទាំងនេះ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ប៉ុន្តែ​គេ​ត្រូវ​ចាំ​ដល់​ឆ្នាំ១៩៩៣​ ​ទម្រាំ​មាន​អ្វីមួយ​ដែល​ជាក់លាក់​កើតឡើង។​ ​ម្ល៉ោះហើយ​នេះ​គឺ​នៅ​ថ្មីថ្មោង​ណាស់​ ​ហើយ​សង្គម​កម្ពុជា​នៅ​ពុំ​ទាន់​ស្រូប​យក​ ​និង​យល់​ជាក់លាក់​ពី​គំនិត​ទាំងអស់​នេះ​នៅឡើយ​ទេ។​ ​គំនិត​ប្រជាធិបតេយ្យ​នេះ​ក៏​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ ​អភិជន​ ឬ​អ្នក​ដែល​មានអំណាច​នៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ផង​ដែរ។​ ​អ៊ីចឹង​សម្រាប់​កម្ពុជា​ ​ខ្ញុំ​គិត​ថា​នៅ​ត្រូវការ​ពេល​បន្ថែម​ទៀត។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង​ សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង​ សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

VOA៖​ ​ខ្ញុំ​ក៏បាន​សង្កេតឃើញ​ផង​ដែរ​ថា​នៅ​ផ្នែក​ចុងក្រោយ​នៃ​សៀវភៅ​របស់​លោក​ ​លោក​បាន​បង្ហាញ​ពី​ភាព​ដូចគ្នា​រវាង​កាលដែល​ព្រះបាទអង្គឌួង​ ក្រសោប​យក​អន្តរាគមន៍​បារាំង​ ​និង​ការ​ងាក​ទៅ​រក​ប្រទេស​ចិន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​តាមរយៈ​នេះ​ ​តើ​លោក​ចង់​មានន័យ​យ៉ាងដូច​ម្តេច?

Marc​ ​Baudinet៖​ ​នយោបាយ​ភូមិសាស្ត្រ​ពិតជា​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ការ​លេងល្បែង​អំណាច​មួយ​រវាង​ប្រទេស​នានា​ ​ប្រទេស​ខ្លះ​មានអំណាច​ខ្លាំង​ ​និង​ខ្លះ​ទៀត​មាន​អំណាច​ខ្សោយ។​ ​ក្នុង​សតវត្ស​ទី១៩​ ​កម្ពុជា​ធ្លាប់​មាន​បញ្ហា​ជាច្រើន​ជាមួយ​ប្រទេសជិត​ខាង​ខ្លួន​ទាំងពីរ​ ​ដែល​អំណាច​ខ្លាំង​ជាង​ ​ពោល​គឺ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ។

នា​ពេលនោះ​ ព្រះមហាក្សត្រ​កម្ពុជា​ ​បានសម្រេច​ចិត្ត​សុំ​ឲ្យ​ប្រទេស​ទីបី​ចូល​ជួយ។​ ​ប៉ុន្តែ​ការ​ធ្វើ​ដូចនេះ​ ​ព្រះរាជា​ខ្មែរ​ទ្រង់​ពុំ​បាន​ឈ្វេង​យល់​ច្បាស់​នោះ​ទេ​នាគ្រានោះ​ ​ថា​កម្ពុជា​នឹង​ត្រូវ​ខាត​អស់​ប្រយោជន៍​ដ៏​ធំ​មួយ​ ​ពោល​គឺ​កម្ពុជា​ត្រូវ​បាន​ធ្លាក់​ក្រោម​នឹម​អាណានិគម​ ​ហើយ​បាត់បង់​ឯករាជ្យ​ភាព​ខ្លួន។​ ​យ៉ាងណាក្ដី​ ​ស្ថានភាព​បច្ចុប្បន្ន​នេះ​គឺ​ខុសប្លែក​ពីមុន​ ​ហើយ​បរិបទ​ក៏​មាន​លក្ខណៈ​ខុសប្លែក​ពី​ជំនាន់​នោះ​ឆ្ងាយ។​ ​តែ​ទោះបីជា​យ៉ាង​នេះ​ក៏ដោយ​ ​ក៏​ខ្ញុំ​នៅ​គិត​ថា​ ការ​ដណ្ដើម​អំណាច​គ្នា​នៅតែ​មាន​ក្នុង​ សមរភូមិ​ភូមិសាស្ត្រ​នយោបាយ។​

ខ្ញុំ​កំពុង​ឆ្ងល់​ថា​តើ​វា​ពិតមែន​ឬទេ​ដែល​ ​សព្វថ្ងៃ​នេះ​ ​កម្ពុជា​បាន​ផ្ដល់​នូវ​អ្វី​ច្រើនពេក​ហើយ​ទេ​ដឹង​ទៅដល់​ប្រទេស​ចិន។​ ​តើ​វា​អាច​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​កម្ពុជា​ដែរ​ឬទេ​ក្នុង​ពេល​អនាគត​ដ៏​វែងឆ្ងាយ។​ ​នេះ​មិនមែន​ចង់​មានន័យថា​ប្រទេស​ចិន​អាច​ដាក់​កម្ពុជាក្រោម​អាណានិគម​ខ្លួន​ទេ។​ ​អត់ទេ​ ​យុគសម័យ​នោះ​បាន​បិទ​បញ្ចប់​ ​ក៏បាន​កន្លង​ផុត​រួច​ទៅ​ហើយ​ដែរ។​ ​ប៉ុន្តែ​មាន​វិធី​ផ្សេងទៀត​ដែលគេ​អាច​កេង​ចំណេញ​ ​ឬ​ជះឥទ្ធិពល​ដល់​ប្រទេស​តូចៗ​បាន​តាមរយៈ​ការ​ជួយ​ឲ្យ​ចិន​ទទួល​បាន​ដី​ជាច្រើន​នៅ​កម្ពុជា។

ដូច្នេះ​ ​យើង​អាច​ចោទ​ជា​សំណួរ​ថា​ តើ​កម្ពុជា​បាន​ផ្តល់​នូវៗ​ច្រើនពេក​ហើយ​ទេ​ដឹង​ទៅ​ប្រទេស​ចិន។​ ​តើ​វា​មាន​ចំណុច​ណាមួយ​ដែល​មាន​សុវត្ថិភាព​ ​និង​ជំនឿ​ជឿ​ទុកចិត្ត​ដែរ​ឬទេ​ ​រវាង​ការណ៍​ដែល​ត្រូវ​សុំ​ជំនួយ​ពី​ប្រទេស​ដែល​មានអំណាច​ខ្លាំង​ជាង​ ​និង​ការ​ថែរក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន។​ ​ច្បាស់​ណាស់​ ​សម្រាប់​អ្នកការទូត​ ​និង​រដ្ឋាភិបាល​កម្ពុជា​វិញ​ ​នេះ​គឺជា​បញ្ហា​មួយ​ដែល​ពិបាក​ដោះស្រាយ​ជា​ខ្លាំង​ ​ដោយសារតែ​ប្រទេស​ចិន​ពិត​នឹង​មិន​រួញរា​ឡើយ​ក្នុង​ការ​និយាយ​ពី​តម្រូវការ​របស់​ខ្លួន​ ​ចិន​អាចយក​កម្ពុជា​ទៅ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ដល់​សមាជិក​អាស៊ាន​ដទៃ​ទៀត។​ ​ដូច្នេះ​ហើយ​ ​នេះ​គឺជា​បញ្ហា​មួយ​ដ៏​លំបាក​សម្រាប់​កម្ពុជា​ដែល​ចាំបាច់​ត្រូវការ​ដោះស្រាយ​ ​ហើយ​យើង​នឹង​ចាំ​មើល​ថា​នឹង​មាន​អ្វី​កើតឡើង​បន្ត​ទៀត។​

VOA៖​ ​លោក​បាន​លើកឡើង​អំពី​ការដែល​កម្ពុជា​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​បរទេស​ជាពិសេស​គ្រា​ដែល​ព្រះបាទអង្គឌួង ​បាន​ស្នើសុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​បារាំង។​ ​តើ​លោក​គិត​ថា​ នេះ​គឺជា​អ្វី​ដែល​កម្ពុជា​តែងតែ​ត្រូវ​ធ្វើ ​ឬ​ទាំង​ពីដើម​មក​ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​ ​និង​អធិបតេយ្យ​ភាព​ជាតិ?​

Marc​ ​Baudinet៖​ ​ខ្ញុំ​មិនមែន​ចង់​មានន័យ​រហូតដល់​ថ្នាក់​ហ្នឹង​នោះ​ទេ។​ ​អ្នក​ត្រូវ​សិក្សា​ពី​ស្ថានការណ៍​មុន​សតវត្ស​ទី១៩។​ ​តែ​ប្រសិនបើ​យើង​មើល​ពី​អ្វី​ដែល​កើតឡើង​បន្ទាប់ពី​នេះ​ ​កម្ពុជា​ក្លាយ​ជា​ផ្នែក​នៃ​ទឹកដី​អាណានិគម​ ​ហើយ​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន។​ ​ភ្លាម​នោះ​ ​កម្ពុជា​ក៏បាន​ចាប់ផ្ដើម​ចូល​ក្នុង​ឆាក​ពិភពលោក​ដែល​បាន​ប្រែក្លាយ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ពិភពលោក​ដ៏​ធំ​ ​ពី​អាណាចក្រ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ។​ ​ហើយ​បន្ទាប់ពី​ទទួល​បាន​ឯករាជ្យ​មកវិញ​ ​កម្ពុជា​ពើប​ប្រទះ​នឹង​សង្គ្រាម​ដ៏​ជូរចត់​មួយ​ ​គឺ​សង្គ្រាម​វៀតណាម​ ​ហើយ​សង្គ្រាម​នេះ​បាន​នាំមក​ឲ្យ​កម្ពុជា​នូវ​គ្រោះ​មហន្តរាយ​ដ៏​ធំ ទោះបីជា​កម្ពុជា​ពុំ​មាន​ជាប់​ទាក់ទង​នឹង​សង្គ្រាម​នេះ​ក៏ដោយ។​ ​កម្ពុជា​បាន​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពីសំណាក់​បរទេស។

ខ្ញុំ​ពុំ​មែន​មានន័យថា​ កម្ពុជា​តែងតែ​សុំ​ការ​ជួយ​ពី​បរទេស​នោះ​ទេ​ ​ប៉ុន្តែ​បើ​យើង​មើល​ពី​ឫសគល់​នៃ​បញ្ហា​វិញ​ ​ប្រទេស​នីមួយៗ​តែងតែ​ទាក់ទង​គ្នា​ ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ ​ហើយ​មនុស្ស​តែង​ធ្វើ​ការ​បម្លាស់ទី​ ​និង​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។​ ​ដូច្នេះ​ហើយ​ ​ប្រទេស​នីមួយៗ​មិន​អាច​ចៀស​ផុត​ពី​ប្រទេស​មហាអំណាច​ផ្សេង​ ​ប្រទេស​មហាអំណាច​ដែល​មិត្តភាព​ ​និង​ប្រទេស​មហាអំណាច​ដែល​ពុំសូវ​មាន​មិត្តភាព​ជាដើម​ហើយ​ដោយ​សារ​តែ​វា​ជា​ការ​ដណ្ដើម​អំណាច​គ្នា​ ​ប្រទេស​ធំៗ​តែង​តែ​ព្យាយាម​ធ្វើឲ្យ​ខ្លួនឯង​ខ្លាំង​ជាង​មុន។ បណ្ដា​ប្រទេស​លោក​ខាងលិច​ក៏​ដូច្នេះ​ដែរ។

តាមខ្ញុំ​គិត​ ​នេះ​គឺជា​អ្វី​ដែល​យើង​ ​ហៅថា​លំដាប់​ច្បាប់​ធម្មជាតិ​នៃ​អន្តរកម្ម​រវាង​ប្រទេស​នី​មួយៗ។​ ​ប្រទេស​លោក​ខាង​លិច​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខូចខាតច្រើន​ណាស់​នៅ​ទីនេះ ហើយ​បន្ទាប់មក​ទៀត​មាន​សង្គ្រាម​ត្រជាក់​ ​និង​សង្គ្រាម​វៀតណាម។​ ​នេះ​ហើយ​ជា​របៀប​ដែល​ ​រឿង​បាន​កើតឡើង។​ ​តាម​រយៈ​នេះ​ ​ខ្ញុំ​ចង់​មានន័យថា​ អ្នក​នយោបាយ​រដ្ឋាភិបាល​នឹង​ត្រូវ​ចេះ​បត់បែន​ ​នឹង​ចេះ​ពី​របៀបតតាំង​នឹង​ប្រទេស​ផ្សេងៗ​ ​ហើយ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​កម្ពុជា។​ ​សម្រាប់​កម្ពុជា​នា​ពេល​ ​ឥឡូវនេះ​ ​ចំណុច​សំខាន់​គឺ​ត្រូវ​កំណត់​ឲ្យបាន​នូវ​តុល្យភាព​ត្រឹមត្រូវ​វាង​ប្រទេស​ចិន​ម្ខាង​ ​និង​លោក​ខាងលិច​ ឬ​សហរដ្ឋអាមេរិក​នៅ​ម្ខាង​ទៀត។​

VOA៖​ ​ក្រៅពី​នយោបាយ​ការបរទេស​របស់​កម្ពុជា​ ​ខ្ញុំ​ចង់​លើកឡើង​អំពី​ដំណើរ​វិវត្តន៍​នៃ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​ ​បើ​ក្រឡេក​មើល​ពី​ការ​បង្ក្រាប​ផ្នែក​ទិដ្ឋភាព​នយោបាយ​នា​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨​វិញ​ ​តើ​លោក​យល់ថា​ វា​អាច​ប៉ះពាល់​ទិដ្ឋភាព​នយោបាយ​សង្គម​នៅ​កម្ពុជា​ដែរ​ឬទេ?​

Marc​ ​Baudinet៖​ ​ខ្ញុំ​គិត​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​ដើរ​ដល់​ផ្លូវ​បំបែក​មួយ។​ ​អ្វី​ដែល​កើតឡើង​ក្នុង​ឆ្នាំ២០១៧​ ​និង​២០១៨​ ​គឺជា​អ្វី​ដែល​អនាគត​នឹង​ប្រាប់​យើង។​ ​វា​ក៏​ប្រហែលជា​របត់​មួយ​ដែរ។​ ​មើល​ទៅ​ ​សង្គម​នេះ​មានការ​យល់ឃើញ​មិន​ស្របគ្នា​ឡើយ។​ ​បើ​មើល​ពី​ជ្រុង​ម្ខាង​ ​យើង​ឃើញ​ថា ​មាន​មនុស្ស​ដែល​ចង់​មានការ​ផ្លាស់ប្ដូរ​ ​ពួកគេ​ចង់​បាន​សង្គម​មួយ​ដែល​បើក​ចំហ​ជាង​នេះ។​ ​ហើយ​បើ​យើង​មើល​ពី​ម្ខាងទៀត​ ​យើង​ឃើញ​ថា​ មាន​មនុស្ស​ដែល​ចង់​រក្សា​ស្ថានការណ៍​បច្ចុប្បន្ន។​ ​អ៊ីចឹង​ហើយ​ ​សម្រាប់​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ផង​ដែរ​ ​តើ​ពួកគេ​ត្រូវ​ជ្រើសរើស​បែប​ណា?​ ​តើ​ពួកគេ​គួរ​បន្ត​ដើរ​ផ្លូវ​ដដែល​បន្ត​ទៅទៀត​ ​ឬមួយ​ក៏​ពួកគេ​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្តូរ?​ ​អនាគត​នឹង​ប្រាប់។​ ​ហើយ​ពួក​យើង​មិន​ដឹង​ទេ​ឥឡូវនេះ។​ ​ប៉ុន្តែ​ ​ខ្ញុំ​គិត​ថា ​នា​ពេល​អនាគត​យើង​នឹង​ចងចាំ​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​នៅ​ឆ្នាំ២០១៧​ ​ថា​ជា​ចំណុច​របត់​មួយ។​

រហូតមកដល់​ឆ្នាំ២០១៧​ ​យើង​មានការ​ពិសោធ​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាប់ផ្ដើម​ដំបូង​ដោយមាន​ការ​បោះឆ្នោត​បែប​ពហុបក្ស​ ​បន្ទាប់ពី​សម័យ​ខ្មែរ​ក្រហម​ ​ហើយ​បន្ទាប់​មក​ទៀត​យើង​មានការ​រៀប​ចំ​ការ​បោះឆ្នោត​ប្រាំ​ឆ្នាំ​ម្ដង។​ ​មាន​បញ្ហា​ជាច្រើន​បាន​កើតឡើង​ ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ការ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​រួច។

ប្រសិនបើ​យើង​មើល​ទៅ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​វិញ​ ​នេះ​គឺ​មានការ​រីកចម្រើន​ហើយ។​ ​ប៉ុន្តែ​ក្នុង​ឆ្នាំ២០១៧​ ​ដំណើរ​នេះ​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់។​ ​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់ពីនេះ?​ ​តើ​នឹង​មាន​គណបក្ស​ប្រឆាំង​ថ្មី​ផ្សេង​មួយទៀត​ឬទេ?​ ​យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា។​ ​ប៉ុន្តែ​ ​ខ្ញុំ​គិត​ថា​ ​យើង​កំពុង​ដើរកាត់​ដំណាក់កាល​មួយ​ដ៏​សំខាន់​ក្នុង​របត់​ប្រវត្តិសាស្ត្រ​កម្ពុជា​បច្ចុប្បន្ន។

VOA៖​ ​បើ​តាម​ទស្សនៈ​លោក​ ​តើ​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​កម្ពុជា​ដែរ​ឬទេ?​

Marc​ ​Baudinet៖​ ​ថា​តើ​កម្ពុជា​នឹង​បន្ត​ដំណើរ​ទៅមុខ​ទៀត​ ​នឹង​ព្យាយាម​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ជាង​នេះ​ឬទេ​ ​ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ​នៅ​ពេល​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG