ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​អភិរក្ស​និយម​អូស្ត្រាលី​ឈាន​ទៅ​រក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សភា


លោក​នាយក​រដ្ឋ​មន្ត្រី Malcolm Turnbull ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នកគាំទ្រ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ស៊ីដនី កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។
លោក​នាយក​រដ្ឋ​មន្ត្រី Malcolm Turnbull ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នកគាំទ្រ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ស៊ីដនី កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។

រដ្ឋាភិបាល​អភិរក្ស​និយម​ដែលកាន់​អំណាចក្នុង​ប្រទេស​អូស្ត្រាលី​កំពុង​តែ​ខិត​ចូល​ទៅ​កាន់​តែ​ជិត​ក្នុង​ការ​រក្សា​អំណាច​ដ៏​មុតស្រួច​របស់​ខ្លួន បន្ទាប់​ពី​ការ​បោះឆ្នោត​សភា​ជាមួយ​នឹង​លទ្ធផល​ដ៏​ប្រកៀកប្រកិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ។ ​

ការវិភាគ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្រ្តាលី​បាន​ឲ្យ​ដឹង​ថា គណបក្ស​ចម្រុះ​សេរី​ឬ​ជាតិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Malcolm Turnbull កំពុង​តែ​ឈាន​ទៅ​ដល់​ការ​ឈ្នះ​ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៧៣ នៅ​ក្នុង​រដ្ឋសភា ដែល​នៅ​ខ្វះ​តែ​អាសនៈ​៣​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​ភាគច្រើន។

លោក Turnbull បាន​ទទួល​ការ​គាំទ្រ​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Brisbane និង​ទទួល​បាន​ការ​សន្យា​ពី​តំណាងរាស្រ្ត​ឯករាជ្យ លោក Bob Katter ក្នុង​ការ​គាំទ្រ​គណបក្ស​ចម្រុះ​នេះ។ លោក Katter បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​នោះ​ថា លោក​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​មិន​មាន​ការ​រំភើប​ខ្លាំង​ក្លា​នោះ​ទេ ដោយ​លោក​សម្រេចចិត្ត​ដូច្នេះ គឺ​ដើម្បី​តែ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​អូស្ត្រាលី​ត្រូវ​បោះឆ្នោត​ម្តង​ទៀត​តែ​ប៉ុណ្ណោះ។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​រក្សា​សិទ្ធិ​របស់​ខ្ញុំ​ក្នុង​ការ​បោះជំហាន​ទៅ​មុខ​ក្នុង​ពេល​ណា​មួយ ក្នុង​ទិសដៅ​ណា​មួយ​ទៀត»។ ​

ទូរទស្សន៍ ABC ផ្សាយ​ថា គណបក្ស​ពលកម្ម ដែល​ជា​គណបក្ស​ប្រឆាំង​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៦ ខណៈ​ដែល​បេក្ខជន​ឯករាជ្យ​៤​នាក់ និង​បេក្ខជន​ក្រុម​ភាគតិច​ម្នាក់​របស់​គណបក្សត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ។ នៅ​ខ្វះ​តែ​៦​អាសនៈ​ទៀត​ប៉ុណ្ណោះ នោះ​គណបក្ស​ទាំងអស់​នឹងទទួល​បាន​ចំនួន​អាសនៈ​ស្មើ​គ្នា។

លោក Bill Shorten មេដឹកនាំ​គណបក្ស​ពលកម្ម បាន​ទទួល​ស្គាល់​ថា លោក​នាយក​រដ្ឋ​មន្ត្រី Turnbull នឹង​ត្រឡប់​ទៅ​កាន់​តំណែង​ម្តង​ទៀត ប៉ុន្តែ​លោក​នឹង​កាន់​តំណែង​ម្តង​ទៀត​ជាមួយ​នឹង​អំណាច​ខ្សោយ​ជាង​មុន និង​គណបក្ស​នយោបាយ​មួយ​ដែល​មាន​ការ​បែកខ្នែក​គ្នា​ខ្លាំង។

ភាព​ជាប់គាំង​ដែល​កើតឡើង​ដោយសារ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​ដាក់​ចំណាត់ថ្នាក់ Standard and Poor's ទម្លាក់​ពិន្ទុ AAA ​របស់​អូស្ត្រាលី​ពី​ឋិតឋេរ​មក​ជា​អវិជ្ជមាន​វិញ៕

XS
SM
MD
LG