កាលពីថ្ងៃអាទិត្យប្រទេសអូស្ត្រាលីបានព្រមានថា ពួកភេរវជនប្រហែលគ្រោងធ្វើការវាយប្រហារនៅខាងក្នុងនិងនៅជុំវិញក្រុងគូឡាឡាំពួ ដែលជាក្រុងធំជាងគេក្នុងប្រទេសម៉ាឡេស៊ី។
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីណែនាំខាងការធ្វើដំណើរមួយថា កំពុងមានការគំរាមកំហែងភេរវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី ដោយកត់សម្គាល់ថា អាជ្ញាធរនៅទីនោះបានចាប់ខ្លួនមនុស្សមួយចំនួន ដែលទាក់ទិននឹងគម្រោងធ្វើការវាយប្រហារទាំងនេះ ដោយមានរួមបញ្ចូលការវាយប្រហារប្រឆាំងនឹងកន្លែងកម្សាន្តក្នុងក្រុងគូឡាឡាំពួផងដែរ។
ស្ថានទូតនេះបាននិយាយនៅក្នុងសេចក្តីណែនាំ ដែលបានត្រូវផ្សព្វផ្សាយតាមគេហទំព័ររបស់ខ្លួនថា «ពួកភេរវជនប្រហែលគ្រោងធ្វើការវាយប្រហារនៅខាងក្នុងនិងនៅជុំវិញក្រុងគូឡាឡាំពួ។ ការវាយប្រហារអាចត្រូវធ្វើដោយមិនរើសមុខ និងប្រហែលយកផលប្រយោជន៍បស្ចឹមប្រទេសនិង កន្លែងដែលប្រជាជនបស្ចឹមប្រទេសទៅមកដោយញឹកញាប់ធ្វើជាទីដៅនៃការវាយប្រហារ។
អាជ្ញាធរ Malaysia បានបង្កើនកម្រិតនៃការប្រុងប្រយ័ត្នខាងសន្តិសុខនៅក្រោយការវាយប្រហារកាលពីថ្ងៃទី១៤ ខែមករា ក្នុងក្រុងចាកាតា ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ីនៅជិតខាង ដែលបានបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់។
ជាការឆ្លើយតបនឹងការព្រមានរបស់ប្រទេសអូស្ត្រាលី លោក Tajuddin Mohamad Isa មេប៉ូលិសក្រុងគូឡាឡាំពួបាននិយាយប្រាប់កាសែត The Star ជាភាសាអង់គ្លេសថា មានការបង្កើនកិច្ចការពារសន្តិសុខកាលពីពីរបីខែមុននេះហើយថាគ្មានការបញ្ជាក់ថា នឹងមានការវាយប្រហារទេ។
ចាប់តាំងពីឆ្នាំ២០១៣មក អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនមនុស្សជាង១៥០នាក់ដែលជាប់សង្ស័យថា មានចំណងទាក់ទងជាមួយពួករដ្ឋឥស្លាម។ កាលពីខែមុន បុរសម៉ាឡេស៊ីម្នាក់ អាយុ២៨ឆ្នាំ បានត្រូវចាប់ខ្លួនតែប៉ុន្មានម៉ោងនៅមុនពេលជននោះគ្រោងនឹងបំផ្ទុះខ្លួនឯងនៅក្នុងកន្លែងកម្សាន្តមួយក្នុងក្រុងគូឡាឡាំពួ។
សេចក្តីណែនាំអំពីការធ្វើដំណើរនេះក៏បានសុំដល់ប្រជាជនអូស្ត្រាលីឲ្យចៀសវៀងពីការធ្វើដំណើរទៅកាន់រដ្ឋ Sabah នៅលើកោះ Borneo នាផ្នែកខាងកើតនៃប្រទេសម៉ាឡេស៊ី ដែលល្បីឈ្មោះដោយសារមានកន្លែងមុជក្នុងសមុទ្រ ពីព្រោះមានការគំរាមកំហែងខ្លាំងដោយសារការចាប់ពង្រត់ដោយពួកឧទ្ទាមនៅហ្វីលីពីន។
សេចក្តីណែនាំនេះនិយាយថា អូស្ត្រាលីគួរ«មានការប្រុងប្រយ័ត្នជាធម្មតាខាងសុវត្ថិភាព» នៅពេលពួកគេឋិតនៅទូទាំងប្រទេសម៉ាឡេស៊ី៕