ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​អូស្ត្រាលី​ដើម​កំណើត​ចិន​ដែល​ជាប់​ឃុំ ៣ ឆ្នាំ​នៅ​ចិន​បាន​ត្រឡប់​ដល់​អូស្ត្រាលី​វិញ


ក្នុង​រូបថត​ដែល​ថត​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ហើយ​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី​បង្ហាញពី​អ្នកកាសែត​អូស្ត្រាលី អ្នកស្រី Cheng Lei នៅពេល​អ្នកស្រី​មកដល់​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង Melbourne។
ក្នុង​រូបថត​ដែល​ថត​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ហើយ​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី​បង្ហាញពី​អ្នកកាសែត​អូស្ត្រាលី អ្នកស្រី Cheng Lei នៅពេល​អ្នកស្រី​មកដល់​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង Melbourne។

អ្នក​កាសែត​អូស្ត្រាលី​ដើម​កំណើត​ចិន​ម្នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​បទ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់​រឿង​ចារកម្ម​និង​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល ៣ ឆ្នាំ បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​វិញ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese នៅ​ថ្ងៃ​ពុធ​នេះ។

អ្នកស្រី Cheng Lei ​អាយុ ៤៨ ឆ្នាំ ​បាន​ធ្វើការ​នៅ​នាយកដ្ឋាន​អន្តរជាតិ​នៃ​ទូរទស្សន៍ CCTV ​របស់​រដ្ឋាភិបាល​ចិន។ អ្នកស្រី​បាន​ជួបជុំ​ឡើង​វិញ​ជាមួយ​នឹង​កូន​អ្នកស្រី​ពីរ​នាក់​នៅ​ក្នុង​ទីក្រុង Melbourne។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Albanese។

ដំណើរ​ត្រឡប់​របស់​អ្នកស្រី​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​វិញ​នេះ​បាន​កើតឡើង​មុន​ពេល​លោក Albanese មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ពេល​ណា​មួយ​ដែល​លោក​មិន​ទាន់​ប្រកាស​នៅ​ឡើយ។

រដ្ឋាភិបាល​របស់​លោក Albanese បាន​តស៊ូ​មតិ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី Cheng និង​ជនជាតិ​អូស្ត្រាលី​ដើម​កំណើត​ចិន​ម្នាក់​ទៀត​ឈ្មោះ Yang Hengjun ដែល​ជាប់​ឃុំ​នៅ​ចិន​តាំង​ពី​ឆ្នាំ ២០១៩ មក។

ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​អូស្ត្រាលី​និង​ចិន​បាន​ប្រសើរ​ឡើង​តាំង​ពី​ពេល​ដែល​គណបក្ស​ការងារ​ដែល​ប្រកាន់​ទស្សនៈ​កណ្ដាល​ឆ្វេង​និយម​របស់​លោក Albanese ត្រូវ​បាន​ជ្រើសរើស​បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អភិរក្ស​និយម​អស់​រយៈពេល ៩ ឆ្នាំ​មក។ ចិន​បាន​ដក​ចេញ​នូវ​ឧបសគ្គ​ពាណិជ្ជកម្ម​ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ​មួយ​ចំនួន​លើ​ទំនិញ​នាំចូល​ពី​អូស្ត្រាលី។

លោក Albanese បាន​បញ្ជាក់​ថា អ្នកស្រី Cheng ត្រូវ​បាន​កាត់ទោស​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​អ្នកស្រី​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​សវនាការ​បិទ​ទ្វារ​មួយ​កាលពី​ឆ្នាំ​មុន​ក្រោម​បទ​ចោទ​សន្តិសុខ​ជាតិ។

លោក Albanese មិន​បាន​និយាយ​ថា​តើ​លោក Yang ទំនង​ជា​នឹង​ត្រូវ​បាន​ដោះលែង​ដែរ​ឬ​ក៏​អត់​នោះ​ទេ។

លោក Albanese បាន​និយាយ​ថា៖ «យើង​បន្ត​តស៊ូ​មតិ​ជាមួយ​នឹង​អាជ្ញាធរ​ចិន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ដើម្បី​ប្រយោជន៍ សិទ្ធិ និង​សុខុមាលភាព​របស់​លោក​បណ្ឌិត Yang»។

លោក Yang អាយុ ៥៨ ឆ្នាំ ដែល​ជា​អ្នក​និពន្ធ​និង​ជា​អ្នក​សរសេរ​ប្លុក​រឿង​លទ្ធិ​ប្រជាធិបតេយ្យ បាន​ប្រាប់​គ្រួសារ​របស់​លោក​កាលពី​ខែ​សីហា​ថា​លោក​ខ្លាច​ថា​លោក​នឹង​ស្លាប់​នៅ​មណ្ឌល​ឃុំឃាំង​ក្នុង​ទីក្រុង​ប៉េកាំង បន្ទាប់ពី​លោក​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ដុំ​គីស​នៅ​ក្នុង​ក្រលៀន។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លោក​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក​ដើម្បី​បាន​ព្យាបាល​ជំងឺ​នេះ។

លោក Yang ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ចិន​តាំងពី​ខែ​មករា ឆ្នាំ ២០១៩ មក នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​ប្រពន្ធ​និង​កូនស្រី​ចុង​របស់​លោក​ពី​ទីក្រុង New York សហរដ្ឋ​អាមេរិក ទៅ​ដល់​ទីក្រុង Guangzhou ប្រទេស​ចិន។

លោក Yang ត្រូវ​បាន​កាត់ទោស​ក្នុង​សវនាការ​បិទ​ទ្វារ​មួយ​ក្រោម​បទ​ចោទ​ប្រកាន់​ចារកម្ម​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ខែ​ឧសភា​ឆ្នាំ ២០២១ ហើយ​នៅ​រង់ចាំ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ៕

XS
SM
MD
LG