ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​សន្យា​ផ្ដល់​ថវិកា​រាប់​លាន​ដុល្លារ​ដល់​ប្រទេស Solomon Islands ស្រប​ពេល​ឥទ្ធិពល​ចិន​កើន​ឡើង​នៅ​ក្នុង​តំបន់


រូបឯកសារ៖ ផែនទីបង្ហាញពីប្រទេស Solomon Islands ប្រទេសកោះដទៃទៀត និងប្រទេសអូស្រ្តាលី។
រូបឯកសារ៖ ផែនទីបង្ហាញពីប្រទេស Solomon Islands ប្រទេសកោះដទៃទៀត និងប្រទេសអូស្រ្តាលី។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស Solomon Islands ដែល​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​រង​នូវ​សម្ពាធ​កើន​ឡើង​ឲ្យ​ងាក​ចេញ​ពី​កោះ​តៃវ៉ាន់​ទៅ​រក​ប្រទេស​ចិន។

ប្រទេស Solomon Islands គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដី​កោះ​ចំនួន ៦ នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក និង​ជា​ប្រទេស​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​នោះ ដែល​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ មិន​មែន​ជាមួយ​ប្រទេស​ចិន។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស Solomon Islands ដែល​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​រង​នូវ​សម្ពាធ​កើន​ឡើង​ឲ្យ​ងាក​ចេញ​ពី​កោះ​តៃវ៉ាន់​ទៅ​រក​ប្រទេស​ចិន។

សមាជិក​សភា​មួយ​ចំនួន​នៃ​ប្រទេស Solomon Islands ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​អន្ទះសា​ចង់​ទាញ​ប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច ដែល​ពួកគេ​ជឿ​ថា​បាន​មក​ពី​ការ​ផ្លាស់ប្ដូរ​គោល​ជំហរ​ការទូត​របស់​រដ្ឋាភិបាល Solomon Islands ពី​កោះ​តៃវ៉ាន់​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្នុង​ចំណោម​ការ​នាំ​ចេញ​ទាំង​អស់​របស់​ប្រទេស Solomon Islands មាន​ការ​នាំ​ចេញ​ចំនួន ៦៥ ភាគរយ ទៅ​កាន់​ប្រទេស​ចិន។ ប្រទេស​ដី​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ចំនួន ៨ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស Fiji ផង​ដែរ ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​ចំនួន ១ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ។

ប៉ុន្តែ​លោក​បណ្ឌិត Transform Aqorau ដែល​ជា​អតីត​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​រូប​នៃ​ប្រទេស Solomon Islands បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​រឿង​នេះ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា អ្នក​នយោបាយ​នៃ​ប្រទេស Solomon Islands គឺ​ងាយស្រួល​ត្រូវ​គេ​បោក​ប្រាស់​ណាស់ និង​ងាយស្រួល​ត្រូវ​គេ​ទាក់ទាញ​ដោយ​ប្រើ​ទឹក​លុយ និង​ដោយ​ការ​សន្យា​ផ្ដល់​លុយ​ឲ្យ។ ខ្ញុំ​គិត​ថា ពួកគេ​ត្រូវតែ​ពិចារណា​សម្រាប់​រយៈពេល​វែង​ទៅ​ថ្ងៃ​អនាគត»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី Morrison នេះ បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ថា ប្រទេស​អូស្ត្រាលី​នៅតែ​ប្ដេជ្ញា​រក្សា​ឥទ្ធិពល​ជា​យូរ​មក​ហើយ​របស់​ខ្លួន​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ ទោះបីជា​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ​មាន​ការ​កើន​ឡើង​ក៏​ដោយ។

រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ១៧០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ។

លោក Jonathan Pryke ប្រធាន​ផ្នែក​កម្មវិធី​កិច្ចការ​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន Lowry នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ជឿ​ថា រដ្ឋាភិបាល​អូស្ត្រាលី​មិន​ត្រូវ​មើល​រំលង​ពី​តម្រូវការ​នៅ​ក្នុង​ការ​ជួយ​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ និង​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ។

លោក Pryke និយាយ​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​ធ្វើ​ឲ្យ​ច្បាស់​ថា [ថវិកា​ជំនួយ] ដែល​ជា​លុយ​បង់​ពន្ធ​របស់​ពលរដ្ឋ​អូស្ត្រាលី​ទាំង​នេះ គឺ​នៅតែ​អាច​សម្រេច​បាន​នូវ​លទ្ធផល​អភិវឌ្ឍ​រយៈពេល​វែង ហើយ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ទាំង​នេះ​គឺ​មាន​សារៈសំខាន់​ដូច​គ្នា​ទាំង​ចំពោះ​ផល​ប្រយោជន៍​ជាតិ​របស់​ប្រទេស​អូស្ត្រាលី និង​ទាំង​ចំពោះ​ការ​រារាំង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់‍»។

ប្រទេស Solomon Islands ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​អូស្ត្រាលី និង​មាន​ប្រជាជន​ចំនួន ៦ សែន ៦ ម៉ឺន​នាក់។ ប្រជាជន​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ការ​នេសាទ ការ​ធ្វើ​កសិកម្ម និង​ព្រៃឈើ ដើម្បី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ប្រទេស​នេះ​មាន​ធនធាន​រ៉ែ​ដែល​មិន​ទាន់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ឡើយ ដូចជា​សំណ មាស និង​នីកែល​ជា​ដើម។ ភាព​តានតឹង​រវាង​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស Solomon Islands បណ្ដាល​ឲ្យ​ប្រទេស​អូស្ត្រាលី​ដឹកនាំ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ឆ្នាំ ២០០៣ ដែល​បេសកកម្ម​នេះ​បន្ត​រហូត​រយៈពេល ១៤ ឆ្នាំ ទើប​បញ្ចប់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG