ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​កំពុង​ពិចារណា​រក​មធ្យោបាយ​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​និង​អប់រំ


រូបឯកសារ៖ សិស្សនិស្សិតអន្តរជាតិមួយក្រុមបានធ្វើដំណើរតាមជើងយន្តហោះមកដល់អាកាសយានដ្ឋាន Darwin ក្នុងក្រុង Darwin ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ សិស្សនិស្សិតអន្តរជាតិមួយក្រុមបានធ្វើដំណើរតាមជើងយន្តហោះមកដល់អាកាសយានដ្ឋាន Darwin ក្នុងក្រុង Darwin ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។

កិច្ច​ព្រមព្រៀង​រវាងអូស្ត្រាលី​និង​សិង្ហបុរី​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ ទៅ​កាន់​អូស្ត្រាលី​បំពេញ​នូវ​គោល​ការណ៍​ផ្នែក​ជីវៈ​សុវត្ថិភាព​តឹងរ៉ឹង​ មុន​ពេល​ទៅ​ដល់​អូស្ត្រាលី។

ក្រុម​រដ្ឋមន្រ្តី​សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​សិង្ហបុរី​នេះ​នឹង​ជួយពលរដ្ឋ​អូស្ត្រាលីប្រមាណ​ ៤ ​ម៉ឺន​នាក់​ ដែល​ជាប់​គាំង​នៅ​ក្រៅ​ប្រទេស ​អាច​វិល​ត្រឡប់​មក​ប្រទេសកំណើត​វិញ ជំរុញ​វិស័យទេសចរណ៍ ក៏ដូចជា​ស្តារ​ឡើង​វិញ​នូវ​ទីផ្សារ​មាន​ទឹកប្រាក់រាប់​ពាន់លាន​ដុល្លារ​ សម្រាប់​និស្សិត​បរទេស​ទៅ​សិក្សា​តាមសាកលវិទ្យាល័យ​នានា​ នៅ​ប្រទេស​អូស្ត្រាលី ដែល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ការ​បិទ​ព្រំដែន។​

អស់​រយៈ​ពេលមួយ​ឆ្នាំ​ហើយ ​ដែល​រដ្ឋាភិបាល​ក្រុង​កង់បេរា​រដ្ឋធានី​អូស្ត្រាលីបាន​ហាមឃាត់​មិន​ឲ្យ​ជន​បរទេស​ធ្វើ​ដំណើរចូល​មក​ប្រទេស​នេះ​ នៅ​ក្នុង​កិច្ចប្រឹង​ប្រែង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។​ហើយ​បម្រាមលើ​ការ​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​ពន្យារពេលបន្ថែម​ យ៉ាងហោច​ណាស់​រហូត​ដល់​ខែ​មិថុនា។

ឧប​នាយក​រដ្ឋ​មន្ត្រីអូស្ត្រាលីលោក ​Michael McCormack​ និយាយ​ថា ​រដ្ឋាភិបាល​កំពុង​ត្រៀម​លក្ខណៈ​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះអន្តរជាតិ​ដំណើការឡើង​វិញ។​

លោក McCormack​ បាន​ថ្លែង​ថា៖​ «យើង​ក៏​កំពុង​ធានា​ឲ្យ​ច្បាស់​ថា​យន្តហោះ​ គឺ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច។​អ្នក​មិន​អាច​គ្រាន់​តែ​យក​យន្តហោះ​ចេញ​ពី​រោងដាក់​យន្តហោះ​ ហើយ​ដាក់​ឲ្យ​ហោះហើរ​នៅ​លើ​ផ្លូវ​អាកាស​ ដោយ​មិន​ត្រៀម​លក្ខណៈនោះ​ទេ។​ យើង​កំពុង​តែ​ធ្វើការ​ជាមួយ​សិង្ហបុរី​នៅ​ពេល​នេះ​ ដើម្បី​ដាក់​កន្លែង​ត្រួត​ពិនិត្យ​ជំងឺ​កូវីដ១៩​ ជាសក្តានុពល​នៅខែ​កក្កដា​ ហើយ​យើង​ឃើញ​ថា ​មាន​សញ្ញា​វិវត្ត​ទៅ​មុខ»។

លោកបានបន្ថែមថា៖ «ហើយ​នៅ​ខណៈ​ពេល​វ៉ាក់សាំង​កំពុង​ត្រូវ​បានចែកចាយ ដោយ​មិនមែន​ត្រឹមតែ​នៅ​អូស្ត្រាលីប៉ុណ្ណោះ​ទេ​ ប៉ុន្តែថែម​ទាំង​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែរ​នោះ​ យើង​នឹង​បើក​ជើង​យន្តហោះឡើង​វិញ​បន្ថែម​ទៀត»។​

នៅ​ក្រោម​ផែនការខាង​លើ​នេះ​ពលរដ្ឋ​អូស្ត្រាលីនឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះទៅ​កាន់​សិង្ហបុរី​ ដោយ​មិន​ចាំបាច់​មាន​ឯកសារ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ ប្រសិន​បើ​ពួកគេបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ ​រួច​រាល់​ហើយ។​

ដូចគ្នា​ផងដែរ​ ពលរដ្ឋ​សិង្ហបុរី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅអូស្ត្រាលី​ ដោយ​មិន​ចាំបាច់​ធ្វើ​ចត្តាឡីស័ក​ចំនួន​ពីរ​សប្តាហ៍​នៅ​សណ្ឋាគារ។​

អូស្ត្រាលីក៏​បាន​ផ្តល់​ការ​អនុញ្ញាត​ដូចគ្នា​នេះផងដែរ​ ដល់​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​នូវេលសេឡង់​ ប៉ុន្តែ​អាជ្ញាធរ​នៅ​ក្រុង​ Wellington​ មិន​ទាន់​ឆ្លើយ​តបដើម្បីអនុញ្ញាតពលរដ្ឋ​អូស្ត្រាលីចូល​ប្រទេស​ខ្លួន​នៅ​ឡើយ​ទេ។​

ពលរដ្ឋ​អូស្ត្រាលី​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ពី​ក្រៅ​ប្រទេស​ ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ជា​ចាំបាច់។​ ពលរដ្ឋ​អូស្ត្រាលីរាប់​ពាន់​នាក់​ត្រូវជាប់​គាំង​ ដោយសារ​បន្ទប់​ស្នាក់​នៅ​របស់​សណ្ឋាគារ​សម្រាប់​សុវត្ថិភាព​កូវីដ១៩ ​គឺ​មាន​កម្រិត។​

អូស្ត្រាលីមាន​កំណត់​ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​ចំនួន​ជាង ​២៩.០០០​ ករណី​ចាប់តាំង​ពីជំងឺរាតត្បាត​នេះ​បាន​កើត​ឡើង។​ មនុស្ស​ចំនួន​ ៩០៩ ​នាក់ ​បាន​ស្លាប់។ ​នេះ​បើ​យោង​ទៅ​តាម​ក្រសួង​សុខាភិបាល​អូស្ត្រាលី។​

អូស្ត្រាលី​មាន​ចំណុច​សំខាន់ៗ​ចំនួន​បួន​នៅ​ក្នុង​យុទ្ធសាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ ដែល​រួម​មាន​ការ​រឹតត្បិត​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ​ ការ​រឹតត្បិត​សកម្មភាព​សង្គម​តឹងរ៉ឹង ​ការតាមដាន​អ្នកចម្លងជំងឺ​មាន​លក្ខណៈស្មុគស្មាញ​ និង​ការ​ធ្វើតេស្ត​ជា​ទ្រង់ទ្រាយ​ធំ។​

កម្មវិធី​ចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស​នៅ​អូស្ត្រាលីបាន​ចាប់​ផ្តើម​ កាល​ពី​ខែ​មុន​នេះ៕

ប្រែសម្រួល​ដោយ​លោកណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG