ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​គ្រោង​បង្កើត​ឧទ្យាន​សមុទ្រ​សំខាន់​ពីរ​នៅ​មហា​សមុទ្រ​ឥណ្ឌា


ស្ត្រី​ម្នាក់​ថត​រូប​ខ្លួន​ឯង​នៅ​មុខ​មហោស្រព Operah House ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ស្ត្រី​ម្នាក់​ថត​រូប​ខ្លួន​ឯង​នៅ​មុខ​មហោស្រព Operah House ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ប្រទេស​អូស្ត្រាលី​គ្រោង​នឹង​ដាក់​តំបន់​មួយ​នៃ​មហា​សមុទ្រ​ឥណ្ឌា​ដែល​មាន​ទំហំ​ធំ​ជាង​ប្រទេស​បារាំង ឬ​ក៏​ធំ​ជាង​រដ្ឋ Texas នៃ​សហរដ្ឋ​អាមេរិក ចូល​ក្នុង​បណ្តាញ​ឧទ្យាន​សមុទ្រ​របស់​ខ្លួន។

តំបន់​អភិរក្ស​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ជុំវិញ​កោះ Christmas ដែល​មាន​ចម្ងាយ​ប្រមាណ ១.៥០០ គីឡូម៉ែត្រ ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី។

កោះ​នោះ​គឺជា​ទីតាំង​របស់​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​អូស្ត្រាលី សម្រាប់​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន និង​ក៏​ជា​កន្លែង​ល្បី​ឈ្មោះ​សម្រាប់​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ក្តាម​ក្រហម​រាប់​លាន​ក្បាល​ជា​រៀងរាល់​ឆ្នាំ​ផងដែរ។

តំបន់​នេះ​គឺជា​កន្លែង​ត្រី​ពង​តែ​មួយ​គត់​សម្រាប់​ត្រី​ធូណា​ព្រុយ​ខៀវ​តំបន់​ភាគ​ខាង​ត្បូង​ដែល​ជិត​ផុត​ពូជ។

ដែន​ជម្រក​សមុទ្រ​ផ្សេង​ទៀត​នឹង​រួម​បញ្ចូល​ប្រជុំ​កោះ Cocos Keeling ផងដែរ។ ប្រជុំ​កោះ​ផ្កា​ថ្ម​នេះ​គឺ​ជា​ដែនដី​ខាង​ក្រៅ​មួយ​ទៀត​របស់​ប្រទេស​អូស្ត្រាលី និង​ជា​កន្លែង​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦០០ នាក់​រស់នៅ។ កោះ​នោះ​ស្ថិត​នៅ​ប្រហែលជា​ពាក់​កណ្តាល​រវាង​ទីក្រុង Perth ប្រទេស​អូស្ត្រាលី និង​ប្រទេស​ស្រីលង្កា ដែល​ជា​ប្រទេស​ដី​កោះ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង។

កោះ Christmas និង​ប្រជុំ​កោះ Cocos Keelingត្រូវ​បាន​អ្នក​ជំនាញ​ចាត់ទុក​ថា​ជា​ទីកន្លែង​ដែល​ពោរពេញ​ដោយ​ជីវៈចម្រុះ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ដែល​កំពុង​រង​សម្ពាធ​ពី​ការ​នេសាទ​បែប​ឧស្សាហកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បំពុល​នានា។

ឧទ្យាន​សមុទ្រ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ទាំង​នេះ​នឹង​មាន​ទំហំ​សរុប​រហូត​ទៅ​ដល់ ៧៤០.០០០ គីឡូម៉ែត្រ​ការ៉េ។ អង្គការ​បរិស្ថាន​ជា​ច្រើន​បាន​គាំទ្រ​ឧទ្យាន​សមុទ្រ​ទាំង​នេះ។

អ្នកស្រី Christabel Mitchell នាយក​ថ្នាក់​ជាតិ​នៃ​អង្គការ Save Our Marine Life Alliance បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ABC របស់​ប្រទេស​អូស្ត្រាលី​ថា អង្គការ​របស់​អ្នកស្រី​ស្វាគមន៍​គម្រោង​នេះ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​គឺជា​ឱកាស​ដ៏​គួរ​ឲ្យ​រំភើប​មួយ។ ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នេះ​គឺ​មាន​សារៈសំខាន់​ជា​សាកល។ តំបន់​ទាំង​នេះ​នឹង​ក្លាយជា​ឧទ្យាន​សមុទ្រ​ធំៗ​បន្ថែម​ទៀត​របស់​ពិភពលោក។ វា​អាច​មាន​ទំហំ​រហូត​ដល់​ទៅ​ពីរ​ដង​នៃ​ទំហំ​ឧទ្យាន​សមុទ្រ Great Barrier Reef និង​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅរក​ការ​ការពារ​ធនធាន​សមុទ្រ​ជាតិ​របស់​ប្រទេស​អូស្ត្រាលី»។

អាជ្ញាធរ​អូស្ត្រាលី​នឹង​ចាប់ផ្តើម​ការ​ពិភាក្សា​ជាមួយ​សហគមន៍​នានា​នៅ​លើ​កោះ​ទាំង​នោះ​និង​ជាមួយ​នឹង​វិស័យ​នេសាទ​បែប​អាជីវកម្ម។

កន្លង​មក ប្រទេស​អូស្ត្រាលី​បាន​បង្កើត​ឧទ្យាន​សមុទ្រ​ចំនួន ៦០ កន្លែង​នៅ​ជុំវិញ​ប្រទេស។ មន្ត្រី​នានា​បាន​និយាយ​ថា ពួកគេ​បាន​ជួយ​អភិរក្ស​ដែន​ជម្រក​នានា និង​ពពួក​សត្វ​ផ្សេងៗ​ដែល​ពឹងផ្អែក​លើ​ដែន​ជម្រក​ទាំង​នោះ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG