ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​នាំ​ចេញ​អូស្ត្រាលី​ត្រៀម​ខ្លួន​រង​ផលប៉ះពាល់​កាន់​តែ​ខ្លាំង​ពី​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន


រូបឯកសារ៖ ទង់ជាតិអូស្ត្រាលីនិងទង់ជាតិចិន ត្រូវបានដាក់ក្បែរគ្នាក្នុងពិពរណ៍ផលិតផលអន្តរជាតិរបស់ចិន នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិអូស្ត្រាលីនិងទង់ជាតិចិន ត្រូវបានដាក់ក្បែរគ្នាក្នុងពិពរណ៍ផលិតផលអន្តរជាតិរបស់ចិន នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

«មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ជា​ពាក្យពេចន៍​ដែល​មន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ឆ្លើយតប​ចំពោះរបាយការណ៍​ថា អ្នក​ទិញ​ត្រូវ​បាន​អាជ្ញាធរ​ចិនបញ្ជា​មិន​ឱ្យ​ទិញ​ធ្យូង ទង់ដែង ស្រា ស្រូវ​បាឡេ ស្ករ បង្កង និង​ឈើ​ពី​ប្រទេស​អូស្ត្រាលី ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ ហើយ​ប្រទេស​អូស្ត្រាលី​កំពុង​រង់ចាំ​ការ​បកស្រាយ​ទៅ​លើ​បញ្ហា​នេះ។

លោក Simon Birmingham រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​នៃ​ប្រទេស​អូស្ត្រាលី ​និយាយ​ថា អាជ្ញាធរ​ចិន​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​លើ​កិច្ចប្រឹងប្រែង​ ដើម្បី​ប្រឆាំង​នឹង​អូស្ត្រាលី។

ការ​នាំ​ចេញ​ផលិតផល​កសិដ្ឋាន​អូស្ត្រាលី​ចំនួន​ ១ ភាគ ​៣ ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ចិន ហើយ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ថា អាជីវកម្ម​នេះ​នឹង​ជាប់គាំង​ ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​ការទូត។

នៅ​ក្នុង​ឆ្នាំ ២០១៨ អូស្ត្រាលី​បាន​ហាមឃាត់​ក្រុមហ៊ុន ​Huawei ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន​ មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​បណ្តាញ​ 5G ដោយសារ​តែ​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ។

ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ការ​ចោទប្រកាន់​ពី​ការ​ជ្រៀតជ្រែក​របស់​ចិន​ទៅក្នុង​នយោបាយ​ក្នុង​ស្រុក​របស់​អូស្ត្រាលី និង​ចារកម្ម​តាម​អ៊ីនធឺណិត ព្រម​ទាំង​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​អូស្ត្រាលី​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ។

រដ្ឋាភិបាលអូស្ត្រាលីក៏បានប្រកាន់យកគោលជំហរកាន់តែតឹងរ៉ឹងលើបញ្ហាព្រំដែននៅសមុទ្រចិនខាងត្បូង។ ជាលទ្ធផល ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលអាក្រក់ ដែលមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​អូស្ត្រាលី​ថា​មាន «រោគ​ប្រឆាំង​ចិន»។

ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ នៅ​ដើម​ឆ្នាំ​នេះ​ ចំពោះ​ការ​ស៊ើបអង្កេត​ជា​សាកល​ទៅ​លើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩​ បាន​ធ្វើ​ឱ្យ​ចិន​កាន់​តែ​ខឹង​ខ្លាំង។

អ្នកស្រី Madeleine King ដែល​ជា​អ្នក​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​ និង​ជា​រដ្ឋមន្ត្រី​ស្រមោល​នៅ​ក្រសួង​ពាណិជ្ជកម្ម​ បានថ្លែងថា នេះ​ជា​ចំណាត់ការ​ដែល​អ្នកស្រី​គាំទ្រ ប៉ុន្តែ​អ្នកស្រី​និយាយ​ថា រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​មិន​បាន​ត្រឹមត្រូវ​នោះ​ទេ។

អ្នកស្រី King ថ្លែងថា៖ «យើង​គាំទ្រ​ចំណាត់ការ​នោះ ប៉ុន្តែ​យើង​ក៏​មាន​បញ្ហា​ផង​ដែរ។ លោក​រដ្ឋមន្ត្រី​ទំនង​ជា​បាន​លើក​ពី​បញ្ហា​នេះ​នៅ​ក្នុង​សារព័ត៌មាន ប៉ុន្តែ​នោះ​មិន​មែន​ជា​វិធី​ដែល​អ្នក​ដោះស្រាយ​បញ្ហា​ការទូត ​ឬ​វិធី​ដែល​អ្នក​ធ្វើ​ដើម្បី​ជោគជ័យនោះ​ទេ។ ​ខ្ញុំ​គិត​ថា គ្រប់​គ្នា​អាច​មើល​ឃើញ​ថា វា​ជា​បរាជ័យ​តិចតួច​របស់​រដ្ឋាភិបាល ប៉ុន្តែ​ថ្ងៃស្អែក​គឺ​ជា​ថ្ងៃ​ថ្មី​មួយ​ទៀត ហើយ​អ្នក​ត្រូវ​ចាប់ផ្តើម​កសាង​ទំនាក់ទំនង​នេះ​ឡើង​វិញ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ចោទប្រកាន់​លោក Scott Morrison នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ពី​ «ការ​ចូលរួម​ដោយ​មិន​គិត​មុខ​ក្រោយ ​ក្នុង​ការ​ប៉ុនប៉ង​របស់​រដ្ឋបាល​សហរដ្ឋអាមេរិក​ក្នុង​ការ​ទប់ទល់​នឹង​ចិន»។​

រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​បាន​ព្យាយាម​រក្សា​តុល្យភាព​នៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន និង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​ជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​យូរលង់​មួយ​របស់​ខ្លួន។

មក​ទល់​ពេល​នេះ ពាណិជ្ជកម្ម​ក្នុង​វិស័យ​គន្លឹះ​មួយ​មិន​ទាន់​រង​ផលប៉ះពាល់​ពី​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នៅ​ឡើយ​ទេ។ ការ​នាំ​ចេញ​រ៉ែ​ដែក​របស់​អូស្ត្រាលី​ ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅដ្ឋាន ដែល​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ដែល​ជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ ​នៅ​ក្នុង​ពិភពលោក​បន្ត​ដំណើរការ​ទៅ​មុខ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន BHP និង​ក្រុមហ៊ុន Rio Tinto ដែល​ជា​ក្រុមហ៊ុន​រុករក​ធនធាន​ដ៏​ធំ​របស់​អូស្ត្រាលី​ មាន​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​តម្រូវការ​របស់​ចិន ហើយ​អ្នក​វិភាគ​និយាយ​ថា ពួកគេ​នឹង​ធ្វើ​ការ​វាយតម្លៃ​ឡើង​វិញ​ពី​ហានិភ័យ​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការ​ជាមួយ​នឹង​ចិន៕

XS
SM
MD
LG