ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​បង្កើន​ឥទ្ធិពល​សន្តិសុខ​តំបន់​ដោយ​មាន​កិច្ចព្រមព្រៀង​ជាមួយ​កោះ Tuvalu


នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី Tuvalu លោក Kausea ចាប់រលាក់​ដៃគ្នា​នៅ​លើកោះ One Foot បន្ទាប់ពី​បាន​ចូលរួម​ក្នុង Retreat របស់​មេដឹកនាំ​ ក្នុង​អំឡុង​វេទិកា​ប្រជុំ​កោះប៉ាស៊ីហ្វិក​នៅ​កោះ Cook ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី Tuvalu លោក Kausea ចាប់រលាក់​ដៃគ្នា​នៅ​លើកោះ One Foot បន្ទាប់ពី​បាន​ចូលរួម​ក្នុង Retreat របស់​មេដឹកនាំ​ ក្នុង​អំឡុង​វេទិកា​ប្រជុំ​កោះប៉ាស៊ីហ្វិក​នៅ​កោះ Cook ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជា​លើក​ទី១ហើយ​ដែល​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នឹង​ស្នើ​ផ្តល់​ឱ្យ​ពួក​អ្នក​ស្រុក​ដែល​ប្រឈម​ការគ្មាន​ទីកន្លែង​រស់​នៅ​ពី​ការឡើង​កម្តៅ​សាកល​នៅ​ក្នុង​ប្រទេស​ផ្សេងៗនូវ​ឱកាស​ដើម្បី​តាំងទីលំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

រដ្ឋាភិបាល Tuvalu និយាយ​ថា ​កម្រិត​ទឹក​សមុទ្រ​កើនឡើងបណ្តាល​ឱ្យ​មាន​ការគំរាម​កំហែង​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ចំនួន១ម៉ឺន១ពាន់​នាក់​របស់​ប្រទេស​នេះ​ដែល​រស់​នៅ​ប្រជុំ​កោះ​ទាបៗចំនួន៩។ ផែនការ​ទិដ្ឋាការ​មួយ​នឹង​អនុញ្ញាត​ឱ្យ​ពួក​អ្នក​កោះ២៨០នាក់​ផ្លាស់​ទីលំនៅ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ក្នុង​មួយ​ឆ្នាំ​ៗ។ ពួក​អ្នក​វិភាគ​និយាយ​ថា នេះ​ជា​ចំនួន​មធ្យម ក៏ប៉ុន្តែ អាច​កើនឡើង ប្រសិនបើ​ហានិភ័យ​នៃ​អាកាសធាតុ​កើន​ឡើង​នោះ។

ក៏​នឹង​មាន​ថវិកា​សម្រាប់​ការរៀបចំ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស Tuvalu ដើម្បី​ពង្រីក​ដី​នៅ​ក្នុង​រដ្ឋធានី Funafuti ប្រហែល ៦ ភាគរយ។ ប្រជុំ​កោះ​នេះ​លាត​សន្ធឹងនៅ​ពាក់​កណ្តាល​រវាង​អូស្ត្រាលី​ និង​កោះ​ហាវ៉ៃ។

ការប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese នៅ​ឯ​វេទិកា​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​នៅ​ប្រជុំ​កោះ Cook។

លោក Anthony Albanese ថ្លែងថា៖ «នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​រវាង​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ជាតិជា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ សន្ធិសញ្ញា​នេះ​គ្របដណ្តប់​លើ​វិស័យ​នៃ​កិច្ចសហ​ប្រតិបត្តិ ការ​ចំនួន៣គឺ​ការប្រែប្រួល​អាកាសធាតុ បម្លាស់​ទី​មនុស្ស​និង​សន្តិសុខ។ អូស្ត្រាលី​តាំង ចិត្ត​ផ្តល់​ការជួយ​ឧបត្ថម្ភ​ដល់​ប្រទេស Tuvalu នៅ​ក្នុង​ការឆ្លើយតប​ដល់​គ្រោះមហន្ត​រាយ​ធម្មជាតិ​ដ៏​សំខាន់​ៗ​ ដល់​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង​ឬ​ដល់​ភាពគឃ្លើន​ខាង​យោធា»។

កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឱ្យ​អូស្ត្រាលី​ជា​ដៃគូ​សន្តិសុខ​ដ៏​សំខាន់​មួយ​របស់​កោះ Tuvalu។

ស្របពេល​ដែល​ប្រទេស​ជា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ច្រើន​មាន​ទំនាក់​ទំនង​ផ្លូវការ​ជាមួយ​ចិន កោះ Tuvalu ទទួល​ស្គាល់​កោះ​តៃវ៉ាន់។ អូស្ត្រាលី​មាន​ការព្រួយ​កង្វល់​កើនឡើង​ពី​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់។ កាលពី​ឆ្នាំ​ទៅ ចិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិសុខ​ដែល​មិន​ធ្លាប់​មាន​កាលពីពេល​មុន​ជាមួយ​ប្រទេស Solomon Islands ដែល​ជា​ប្រជុំ​កោះ​យុទ្ធ​សាស្ត្រ​មួយ​នៅ​ភាគ​ឦសាន្ត​ប្រទេស​អូស្ត្រាលី។

លោក Kausea Natano ជា​នាយក​រដ្ឋមន្ត្រី​កោះ Tuvalu។ លោក​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ ប្រទេស​របស់​លោក​ក៏​ស្វះស្វែង​រក​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​ដែរ។

លោក Kausea Natano ថ្លែងថា៖ «ចិន​ក៏​បាន​មក​ស្នើ​សុំ​បង្កើត​ចំណង​ទាក់ទង​ការទូត​ជាមួយយើង​ដែរ ហើយ​យើង​បាន​និយាយ​ថា​បាន។ យើង​បាន​យល់ព្រម។ ក៏ប៉ុន្តែ ពីព្រោះតែ គោលនយោបាយ​ចិន​តែ​មួយ គេ​មិន​អនុញ្ញាត​ឱ្យ​យើង​មាន​ចំណង​ទាក់ទង​ការទូត២​ជាមួយ​កោះ​តៃវ៉ាន់​និង​ពួកគេ​ទេ»។

ពួក​អ្នក​វិភាគ​ជឿ​ថា​ ​កិច្ចព្រមព្រៀង​នោះ​ជា​ការប៉ុនប៉ង​មួយ​ដោយ​អូស្ត្រាលី​ដើម្បី​បង្កើន​វត្តមានរបស់​ខ្លួន​នៅ​ក្នុង​តំបន់​នៅពេល​ដែល​ចិន​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

លោក​ស្រី Meg Keen ជា​នាយិកា​កម្មវិធី​ប្រជុំ​កោះ​ប៉ាស៊ី ហ្វិក​នៅ​ឯ​វិទ្យាស្ថាន Lowy ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។ លោក​ស្រី​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​អូស្ត្រាលី ABCថា កិច្ចព្រមព្រៀង​នេះ​ជំរុញ​ចំណង​ទាក់ទង​សន្តិសុខ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ជាមួយ​ប្រទេស Tuvalu។

លោក​ស្រី Meg Keen ថ្លែងថា៖ «អ្វី​ដែល​ជា​ប្រយោជន៍ផ្តល់​ឱ្យ​យើង​ដែល​អាច​មើល​ឃើញ​នោះ​គឺ​ពួកគេ​ចង់​ចូលរួមក្នុង​កិច្ចព្រមព្រៀង​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ពួកគេ​មាន​សិទ្ធិ​ធ្វើ​ជាមួយ​ចិន​និង​ប្តូរ​ការគោរពរបស់​ពួកគេ​ពី​កោះ​តៃវ៉ាន់​ទៅ​ចិន​ដីគោក​ឬ​មាន​កិច្ចព្រមព្រៀង​សន្តិសុខ​ខ្លះ​ជាមួយ​ចិន​ក៏បាន។​ ប៉ុន្តែមុន​ដំបូង​ពួកគេ​ត្រូវ​អនុញ្ញាត​ឱ្យ​យើង​ដឹង​សិន​ ហើយ​បន្ទាប់មក​នឹង​មាន​ការសន្ទនា​អំពី​បញ្ហា​នេះ។ វា​មិន​មែន​ជា​ការបោះឆ្នោត​វ៉េតូ​ដែល​យើង​ទទួល​បាន​តាម​រយៈកិច្ចព្រមព្រៀង​នេះ​ទេ»។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោក​ស្រី Penny Wong បាន​បញ្ជាក់​ឡើង​វិញ​ពី​បំណង​របស់​អូស្ត្រាលី​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដោយ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា «យើង​ទទួល​ស្គាល់​ថា​យើង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើង ហើយ​យើង​ត្រូវតែ​ធ្វើការ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ក្លាយ​ជា​ដៃគូ​ជម្រើស​មួយ»។

រហូត​មក​ទល់​ពេល​នេះ ​នៅមិន​មាន​ប្រតិកម្ម​មកពី​ពួក​មន្ត្រី​ចិន​ដល់​កិច្ចព្រមព្រៀង​ទ្វេភាគី​របស់​អូស្ត្រាលី​ជាមួយ​ប្រទេស Tuvalu ​ទេ​។ សន្ធិសញ្ញា Falepili ជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ដាក់​ឈ្មោះ​តាម​ភាសាTuvaluមាន​ន័យ​ថាភាព​ជា​អ្នក​ជិត​ខាង​ល្អ ​ថែទាំ​គ្នា​និង​គោរព​គ្នា​ទៅវិញ​ទៅមក៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG