ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ចាប់​ខ្លួន​ភ្នាក់ងារ​កូរ៉េ​ខាង​ជើង​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​លក់​អាវុធ​ប្រល័យ​លោក


មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​ថា បុរស​ដើម​កំណើត​កូរ៉េ​ខាង​ត្បូង​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ជា​ភ្នាក់ងារ​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង។

បុរស​ដែល​មាន​ឈ្មោះ​ថា Chan Han Choi និង​មាន​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ដែល​ជា​ទី​កន្លែង​ដែល​បុរស​រូប​នោះ​បាន​រស់នៅ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។

ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​បាន​បញ្ជាក់​ថា ប្រសិនបើ​លោក Chan Han Choi នេះ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឈ្មួញ​កណ្ដាល​នៃ​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់​មួយ​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​អាវុធ​ប្រល័យ​លោក​ផង​នោះ នោះ​លោក​នឹង​ជួយ​កូរ៉េ​ខាង​ជើង​ឲ្យ​ទទួល​បាន​ប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក។

លោក Neil Gaughan ជំនួយការ​ស្នងការ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​បាន​និយាយ​ថា ករណី​នេះ​គឺ​ជា​ករណី​ដែល​យើង​មិន​ដែល​ឃើញ​កើត​ឡើង​នៅ​លើ​ទឹកដី​អូស្ត្រាលី​កន្លង​មក​នោះ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា លោក Chan Han Choi ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង។

លោក Neil Gaughan បាន​និយាយ​ថា៖ «លោក Chan Han Choi គឺ​ជា​ភ្នាក់ងារ​ដ៏​ស្មោះត្រង់​របស់​កូរ៉េ​ខាង​ជើង ដែល​ជឿ​ថា ខ្លួន​ធ្វើ​នេះ​គឺ​ដើម្បី​បម្រើ​ដល់​គោល​បំណង​ស្នេហា​ជាតិ​ខ្ពស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។

លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​និយាយ​ថា លោក​ទទួល​បាន​ដំណឹង​នេះ​ហើយ និង​បាន​ហៅ​ករណី​នេះ​ថា​ជា «បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត»។

លោក Chan Han Choi ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ចំនួន ៦ ករណី ដែល​ក្នុង​នោះ​ការ​ចោទ​ប្រកាន់​ពីរ​ករណី​គឺ​ពាក់ព័ន្ធ​នឹង​ច្បាប់​ការពារ​ការ​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក៕

XS
SM
MD
LG