ផ្នែកផ្សាយជាភាសាភូមានៃវីអូអេបានរាយការណ៍ថា លោកស្រីអោងសានស៊ូជី មេដឹកនាំក្រុមប្រឆាំងក្នុងប្រទេសភូមាឋិតនៅក្នុងក្រុង Shanghai ប្រទេសចិនដើម្បីសង្កេតមើលតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្មសេរីនៃប្រទេសចិន។ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលលោកប្រធានាធិបតីចិនជួបជាមួយលោកស្រី លោក Xi Jinping បានមានប្រសាសន៍ថា ប្រទេសចិនតែងតែគិតគូរអំពីទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសភូមាតាមទស្សនៈយុទ្ធសាស្ត្រ និងមានរយៈពេលយូរ។ លោកស្រីអោងសានស៊ូជីក៏បានមានប្រសាសន៍ដែរថាគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានផ្តល់សារៈសំខាន់ខ្លាំងដល់មិត្តភាពរវាងប្រទេសភូមា និងប្រទេសចិន និងពេញចិត្តដល់សមិទ្ធិផលនៃការអភិវឌ្ឍរបស់ប្រទេសចិននៅក្រោមការដឹកនាំនៃគណបក្សកុម្មុយនិស្តចិន។ លោកស្រីក៏បានជួបជាមួយលោក Wang Jiarui អនុប្រធាននៃគណៈកម្មាធិការជាតិរបស់សន្និសីទពិគ្រោះយោបល់នយោបាយនៃប្រជារាស្ត្រចិន និងជាប្រធានផ្នែកអន្តរជាតិរបស់គណបក្សកុម្មុយនិស្តចិន។ លោក Yang Jiechi សមាជិកក្រុមប្រឹក្សារដ្ឋ និងលោកស្រី Shen Yueyue អនុប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាប្រជារាស្ត្រចិន និងជាប្រធាននៃសហព័ន្ធស្ត្រីចិនក៏បានជួបជាមួយលោកស្រីអោងសានស៊ូជីដែរកាលពីថ្ងៃព្រហស្បតិ៍។ លោកស្រីធ្វើដំណើរទៅកាន់ខេត្ត Yunan នៅមុនពេលលោកស្រីវិលត្រឡប់ទៅកាន់ប្រទេសភូមាវិញ៕
អត្ថបទទាក់ទង
បទយកការណ៍វីអូអ៖ ដកទំនប់ចេញវិញពីទន្លេ Klamath នៅអាមេរិក