ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​វាយប្រហារ​មួយ​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា


លោក Naing Ngan Lynn អ្នក​តំណាងរាស្រ្ត​ និង​ជា​បេក្ខជន​របស់​គណបក្ស​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy) ដេក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង​រ៉ង៉ហ្គូន ប្រទេស​មីយ៉ាម៉ា កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
លោក Naing Ngan Lynn អ្នក​តំណាងរាស្រ្ត​ និង​ជា​បេក្ខជន​របស់​គណបក្ស​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy) ដេក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង​រ៉ង៉ហ្គូន ប្រទេស​មីយ៉ាម៉ា កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ អ្នក​ស៊ើប​អង្កេត​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរីនៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ទោះ​បី​ការ​ជួប​ប្រជុំ​ខាង​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នៅ​ទី​នោះ​ត្រូវ​បាន​គេ​វាយ​ប្រហារ​ដោយ​បាន​ធ្វើ​ឲ្យ​សមាជិក​សភា​នៅ​មូលដ្ឋាន​ម្នាក់​រង​របួស​ក៏ដោយ។

​ក្រុម​មន្រ្តី​និយាយ​ថា បុរស​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​វាយ​ប្រហារ​ការ​ប្រជុំ​ខាង​នយោបាយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ឬ NLD នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន (Yangon) ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

លោក Naing Ngan Lynn ជា​សមាជិក​សភា​នៅ​មូលដ្ឋាន​ដែល​ឈរ​ឈ្មោះ​សម្រាប់​អាសនៈ​នៅ​ក្នុង​សភា​តំបន់​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ​ហើយ​បុរស​២​នាក់​ទៀត ​បាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។​ ក្រុម​មន្រ្តី​និយាយ​ថា ​អ្នក​វាយប្រហារ​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ដែរ ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​គោល​បំណង​នៃ​ការ​វាយ​ប្រហារ​នោះ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។

​ការ​វាយ​ប្រហារ ​ទំនង​បង្កើន​ការ​ភ័យ​ខ្លាច​នៃ​អំពើ​ហិង្សា​មុន​ពេល​ការ​បោះឆ្នោត​ទូទៅ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ​ខែវិច្ឆិកា​ខាង​មុខ​នេះ។ នេះ​ជា​ការ​បោះឆ្នោត​លើក​ទី​មួយ​នៅ​ក្នុង​រយៈពេល​២៥​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ដែល​កាល​ពី​ពេល​មុន​ត្រួតត្រា​ដោយ​ក្រុម​ប្រឹក្សា​យោ​ធា។

​អ្នក​សរសេរ​របាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ មាន​ភាព​ជឿ​ទុក​ចិត្ត ​និង​មាន​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​ទាំងអស់។

លោក Yanghee Lee អ្នក​សរសេរ​របាយការណ៍​ពិសេស​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «ការ​បោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ខ្លី​នឹង​ក្លាយ​ជា​ព្រឹត្តការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​អន្តរកាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ‍»៕

XS
SM
MD
LG