ក្រុមអ្នកត្រួតពិនិត្យកិច្ចការរបស់ធនាគាអភិវឌ្ឍអាស៊ី (ADB) និយាយថា សំណងនិងការទាមទាររបស់ជនរងគ្រោះជាង៤.០០០គ្រួសារដែលប៉ះពាល់ដោយការ អភិវឌ្ឍស្តារផ្លូវរថភ្លើងមិនត្រូវគេដោះស្រាយនៅឡើយទេ ទោះជាធនាគារនេះ បានទទួលស្គាល់ពីកំហុសរបស់ខ្លួនថា បានធ្វើឲ្យពលរដ្ឋរងទុក្ខវេទនានិង ប៉ះពាល់ដល់ជីវភាពពួកគាត់ក្តី។ គណៈគ្រប់គ្រងធនាគារនេះចង់ឃើញសំណង ទាំងឡាយត្រូវដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅតាមការសន្យារបស់ធនាគារ។
ក្រុមត្រួតពិនិត្យលើភាពអនុលោមនៃធនាគារអភិវឌ្ឍន៍អាស៊ី ហៅថា Compliance Review Panel (CRP) បាននិយាយថា ការសន្យារបស់ខ្លួនដើម្បីនឹងដោះស្រាយជូនដល់ពលរដ្ឋរងគ្រោះពីការបណ្តេញចេញពីលំនៅដ្ឋានឬការតាំងទីលំនៅថ្មីដោយសារការអភិវឌ្ឍស្តារផ្លូវរថភ្លើងជាច្រើនខ្សែក្នុងប្រទេសកម្ពុជានោះ មិនត្រូវបានផ្តល់សំណងតាមគោលនយោបាយរបស់ធនាគា ADB នោះនៅឡើយទេ។
ទាក់ទងនឹងបញ្ហាសំណង គោលនយោបាយរបស់ធនាគារ ADB ឬ អនុសាសន៍របស់អភិបាលគ្រប់គ្រងធនាគារមានចំនួន៦ចំណុចគឺ តម្រូវឲ្យធនាគារនេះបង្កើតគម្រោងផ្តល់សំណងដល់ពលរដ្ឋ កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងទីតាំងថ្មី ដោះស្រាយបណ្តឹងសារទុក្ខ អភិវឌ្ឍកម្មវិធីកសាងសមត្ថភាព បង្កើតគម្រោងដោះស្រាយបំណុល និង គម្រោងស្តារប្រាក់ចំណូលជាដើមនោះតាំងពីដើមឆ្នាំ២០១៤។ តែអនុសាសន៍ទាំងនេះ មិនត្រូវគេធ្វើតាមកិច្ចសន្យានោះទេ។
បើតាមរបាយការណ៍ត្រួតពិនិត្យចុងក្រោយមួយរបស់ក្រុមសវនករនៃធនាគារ ADB កាលពីថ្ងៃទី៦ ខែមេសាបានរកឃើញថា អ្នកគ្រប់គ្រងធនាគារ ADB រដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការដោះស្រាយការតាំងលំនៅដ្ឋានអន្តរក្រសួងបានចំណាយពេលវេលា ថវិកា និងប្រឹងប្រែងធ្វើឲ្យគម្រោងនេះវិលត្រឡប់ទៅកាន់ភាពអនុលោមតាមការសន្យាវិញដែរ។
ប៉ុន្តែរបាយការណ៍នោះបញ្ជាក់ថា ការប្រឹងប្រែងនេះតម្រូវឲ្យធ្វើបន្ថែមទៀត៖ «យ៉ាងណាក៏ដោយ នៅមានកិច្ចប្រឹងប្រែងបន្ថែមទៀតគឺ ទាមទារឲ្យធ្វើដើម្បីនាំគម្រោងនេះ ទទួលបានការអនុលោមឲ្យបានពេញលេញ»។
របាយការណ៍ត្រួតពិនិត្យរបស់ក្រុមសវនករ CRPនៃធនាគារ ADB បានរកឃើញពីកំហុសធនាគារដែលធ្វើផ្ទុយពីគោលនយោបាយរបស់ខ្លួនកាលពីឆ្នាំ២០១២ហើយនឹងបានបញ្ជាក់ទៀតថា ក្នុងចំណោមអនុសាសន៍ ទាំង៦របស់គណៈអភិបាលគ្រប់គ្រងធនាគារគឺគម្រោង១ទាក់ទងនឹងការដោះស្រាយប្រាក់បំណុលមិនត្រូវគេធ្វើតាមនោះទេ។ ស្ថាប័ននេះបានបន្ថែមថា៖
«គិតត្រឹមពេលដែលរបាយការណ៍នេះចេញផ្សាយ ធនាគារអភិវឌ្ឍន៍អាស៊ី ADB មិនបានធ្វើតាមអនុសាសន៍ទេ»។
ហើយក្រុមសវនករបានបញ្ជាក់ថា ធនាគារនេះត្រូវបង្កើត និងអនុវត្តវិធានការ ដើម្បីជួយដោះស្រាយការគាំទ្រចំណូលហិរញ្ញវត្ថុចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលរងផលប៉ះពាល់»។
ដោយឡែកអនុសាសន៍៥ទៀតដែលពាក់ព័ន្ធនឹងការរកដំណោះស្រាយ សំណងប្រជាពលរដ្ឋនិងធ្វើហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតមុខរបរការងារ ធ្វើការហ្វឹកហ្វឺនជាដើមនោះមិនត្រូវគេដោះស្រាយបានច្រើនទេ។
ពលរដ្ឋជាង៤.០០០គ្រួសារក្នុងទីតាំងជាច្រើនត្រូវរងទុក្ខ បាត់ផ្ទះ បាត់ដី បាត់បង់មុខរបរ ជំពាក់បំណុលគេតាំងពីមានការព្រមព្រៀងរវាងរដ្ឋាភិបាល ដើម្បីស្តារផ្លូវរថភ្លើងក្នុងប្រទេសកាលពីឆ្នាំ២០០៦។ ពលរដ្ឋដែលរងប៉ះពាល់ទាំងនោះភាគច្រើនរស់នៅតាមដងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ប៉ោយប៉ែត បាត់ដំបង ពោធិ៍សាត់ និង ក្រុងព្រះសីហនុ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋ ខ្លះបានធ្វើការរុះរើតាំងពីឆ្នាំ២០១០ដល់២០១២មកកំពុងជួបប្រទះនឹងបញ្ហា ជីវភាពនៅពេលដែលគ្មានដំណោះស្រាយ។
«អញ្ចឹងហើយយើងឃើញថាការពន្យារចំពោះការអនុវត្តអនុសាសន៍របស់ក្រុម ប្រឹក្សាភិបាលហ្នឹងគឺធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្លាំង មែនទែន»។
លោកថ្លែងថា រឿងផ្តល់សំណងជាច្រើនប្រភេទដល់ពលរដ្ឋរងគ្រោះនេះ គឺអាចធ្វើទៅបានជោគជ័យគឺអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល។ លោកមិនចង់ឃើញមានការបង្ខិតបង្ខំឲ្យធនាគារសងមិនចង់ឃើញការបញ្ចប់ កិច្ចសហការទេ។
«អញ្ចឹងយើងចង់ឃើញទាំងធនាគារអភិវឌ្ឍន៍អាស៊ី ទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋហ្នឹង ទទួលបាននូវការសហការគ្នាល្អ។ យើងចង់ឃើញឲ្យមានគម្រោងដែលធ្វើការជាមួយគ្នាហ្នឹងបានផលមកដល់ប្រជាពលរដ្ឋ មិនចង់ឃើញនូវការរំលោភទៅលើគោលនយោបាយទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋទេ»។
តំណាងពលរដ្ឋគ្រោះនៅតែទទូចឲ្យមានការដោះស្រាយសំណងឲ្យពួកគេបានឆាប់ៗដើម្បីស្តារជីវភាពឡើងវិញ។
លោក ប៉ុល ទ្រី អាយុ ៤៣ឆ្នាំ មានកូនក្នុងបន្ទុក៥នាក់ រស់នៅរ៉ាសំរោង ខាងលិច ជាយក្រុងភ្នំពេញ បានថ្លែងថា គ្មានការដោះស្រាយទេ ហើយលោកត្រូវប្រឈម មុខនឹងបញ្ហាជីវភាពធ្ងន់ធ្ងរដោយសារបន្ទុកធ្ងន់។
«បងប្អូនប្រជាពលរដ្ឋនៅទីនេះគាត់ខ្វះខាតច្រើនណាស់ ដោយសារអី ដោយសារគាត់បាត់មុខរបរ។ គាត់ពិបាកនឹងរកស៊ី ដោយសារមករស់នៅជ្រៅពេក ឆ្ងាយពីផ្សារ។ លំបាកទាំងខ្ញុំអីហ្នឹង។ ខ្ញុំធ្វើផ្ទះហើយចោល។ ខ្ញុំមកនៅជាប់ថ្នល់ជាតិវិញដើម្បីរកស៊ីដោះស្រាយជីវភាពគ្រួសារហ្នឹង»។
លោកបានបន្ថែមថា ទាំងធនាគារ ADB និងរដ្ឋាភិបាលកម្ពុជាមិនទាន់បានដោះស្រាយបំណុលបង្កើតប្រាក់ចំណូល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកភ្លើង មន្ទីរពេទ្យ សាលារៀននិងបញ្ហាផ្សេងៗទៀត ដែលជាគោលនយោបាយធនាគារ ADB នោះជូនដល់ប្រជាពលរដ្ឋទេ។
លោក ឆេង ប៊ុន ហាក់ អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានបញ្ជាក់ពីការទាមទារ សំណងនិងការមិនដោះស្រាយជូនប្រជាពលរដ្ឋតាមគោលនយោបាយធនាគារADBថា៖
«បញ្ហាទី១ រាជរដ្ឋាភិបាលនិងធនាគារ ADB អត់បានគោរពទៅតាមគោលនយោបាយហ្នឹងទេ ហើយធ្វើហ្នឹងអត់បានផ្តល់ព័ត៌មាន ឬមួយពិគ្រោះយោបល់ឬមួយផ្តល់ជម្រើសទេ។ មានគ្រួសារខ្លះ ដែលត្រូវបានដី បានអី គឺបានតែ១០ដុល្លារក៏មានដែរ។ អញ្ចឹងអ្វីដែលធ្វើហ្នឹងគឺផ្ទុយទាំងអស់»។
លោកថា លោកគួរត្រូវបានសំណងតាំងពីឆ្នាំ២០១១ តែដោយសារគេមិនដោះស្រាយឲ្យ នោះលោកបានប្តឹងរហូតមក។ លោកបានថ្លែងថា មានអំពើពុករលួយ កិបកេងដីប្រជាពលរដ្ឋខ្លះនៅពេលចែករំលែកដីជូនប្រជាពលរដ្ឋ។ ដោយសារ គេយកដីនោះទៅលក់ ហើយអះអាងថា បានផ្តល់ជូនដល់ពលរដ្ឋរងគ្រោះ ហើយ តែពលរដ្ឋរងគ្រោះមិនត្រូវបានទេ។ ហើយហេដ្ឋារចនាសម្ព័ន្ធក៏គ្មានបានធ្វើដែរ។
លោកបានអំពាវនាវឲ្យស្ថាប័នម្ចាស់ជំនួយ ADB រកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងផ្តល់សំណងដល់ពលរដ្ឋដែលកំពុងរងទុក្ខនោះ។ ហើយបានបន្ថែមថា បណ្តឹងខ្លះកំពុងស្ថិតក្នុងដៃគណៈកម្មការសភា៕