ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​យ៉ាង​ហោច​ណាស់​៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​យប់​ទី​ពីរ​នៅ​ទីក្រុង St. Louis


ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​រុញ​ច្រាន​ឲ្យ​ដួល​ដោយ​ប៉ូលិស​ត្រូវ​បាន​ជួយ​ដោយ​បាតុករ​ម្នាក់​ទៀត​ នៅ​ពេល​ដែល​ប៉ូលិស​ព្យាយាម​បំបែក​ហ្វូង​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ដោយ​សារ​តែ​សាល​ក្រម​របស់​តុលាការសម្រេច​ថា មន្ត្រីប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​ Jason Stockley គ្មាន​កំហុស កាល​ពី​ថ្ងៃទី​១៥ ខែ​កញ្ញា។

លោក ​Eric Greitens ​អភិបាល​រដ្ឋ​ Missouri ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋបាល​របស់​លោក​នឹង​ធ្វើ​ចំណាត់​ការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​ហិង្សា​នៅ​ក្នុងទីក្រុង ​St. Louis ​ដែល​ការ​តវ៉ា​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់។

អ្នក​តវ៉ា​មួយ​ក្រុម​តូច​បាន​ចាប់​ផ្តើម​វាយ​បំបែក​កញ្ចក់​បង្អួច​និង​គប់​របស់​របរ​ដាក់​លើ​ប៉ូលិស​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ក្នុង​យប់​ទី​ពីរ ជុំវិញ​ការ​ដក​បន្ទុក​ចេញ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ក្នុង​ករណី​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ​រូប​នោះ។ គេ​រំពឹង​ថា​នឹង​មាន​ការ​តវ៉ា​បន្ថែម​ទៀត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។

មនុស្ស​យ៉ាង​ហោច​ណាស់​៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុងពេល​នៃ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​បាន​កើតឡើង​នៅ​តំបន់ ​Delmar Loop ​ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ St. Louis។ តំបន់ ​Delmar Loop​ នេះ ​មាន​ហាង​ជាង​១០០​ ដោយ​រួម​មាន​ទាំង​ភោជនីយដ្ឋាន ​វិចិត្រសាល ​ហាង​លក់​សម្លៀក​បំពាក់ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​កន្លែង​កំសាន្ត​នានា។

ប៉ូលិស​ក្នុង​ឯក​សណ្ឋាន​វាយ​ឆ្មក់បាន​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​យ៉ាង​លឿន ​នៅ​ក្រោយ​ពេល​ដែល​អ្នក​តវ៉ា​បាន​ចាកចេញ​ពី​កន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំបែង​កញ្ចក់​នោះ៕

XS
SM
MD
LG