មនុស្សជាច្រើននាក់កំពុងបាត់ខ្លួននៅឡើយនៅក្នុងការបាក់ដីមួយនៅក្នុងអណ្តូងរ៉ែត្បូងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធម្សិលមិញ។
គ្រោះមហន្តរាយនេះកើតមានឡើងនៅវេលាម៉ោងជិតភ្លឺនៅក្នុងតំបន់ Hpakant ក្នុងរដ្ឋកាឈិនដែលជាទីកន្លែងសំខាន់នៃឧស្សាហកម្មរ៉ែត្បូង។ មនុស្សវាងពី៧០ទៅ៨០នាក់អាចត្រូវដីបាក់ហូរនាំទៅក្នុងបឹងមួយនៅក្បែរនោះ។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បាននិយាយថា សមាជិកនៃក្រុមអ្នកជួយសង្គ្រោះម្នាក់បានបញ្ជាក់ថាគេបានរកឃើញមនុស្សម្នាក់ស្លាប់ហើយមនុស្ស២៥នាក់ទៀតបានរងរបួសនិងកំពុងសម្រាកក្នុងមន្ទីរពេទ្យ។
ការបាក់ដីបានក្លាយជារឿងដែលតែងតែកើតឡើងជាទូទៅនៅក្នុងតំបន់ឧហ្សាហកម្មអណ្តូងរ៉ែត្បូងចំណូលច្រើនរបស់ប្រទេសមីយ៉ាន់ម៉ាដែលមានច្បាប់ធូរលុងហើយដែលជួលកម្មករចំណាកស្រុកនិងអ្នកធ្វើការមកពីគ្រប់ទិសទីនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីជីករកត្បូងយកទៅលក់ឆ្លងព្រំដែនក្នុងប្រទេសចិន។កម្មកររ៉ែត្បូងច្រើនរយនាក់បានស្លាប់កាលពីឆ្នាំទៅផងដែរនៅក្នុងតំបន់ Hpakant នេះនៅពេលមានការបាក់ដីដ៏ធំមួយ។
រដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi បានរារាំងកិច្ចប្រឹងប្រែងកែទម្រង់ឧស្សាហកម្មរ៉ែត្បូងនេះ។
អ្នកស្រី Aung San Suu Kyi បានចាប់ផ្តើមធ្វើកំណែទម្រង់ឧស្សាហកម្មរ៉ែត្បូងនេះតាមរយៈរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រីប៉ុន្តែកិច្ចប្រឹងប្រែងទាំងនោះត្រូវបានអន្តរាយនៅពេលពួកយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ៕