មនុស្សយ៉ាងហោចណាស់៥នាក់ត្រូវបានសម្លាប់ហើយកុមារ២នាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយដែលបានចាប់ផ្តើមកើតឡើងពីក្នុងផ្ទះមួយ ហើយបានបញ្ចប់នៅឯសាលាបឋមសិក្សាមួយក្នុងរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ។
អ្នកបាញ់ប្រហារនោះត្រូវបានសម្លាប់ដោយប៉ូលិស។ នេះបើយោងតាមមន្ត្រីក្នុងស្រុក។
ជនរងគ្រោះយ៉ាងហោចណាស់៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរបស់ពួកគេនៅមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។
សារព័ត៌មានក្នុងស្រុកនិយាយថា មានការបាញ់ប្រហារមួយចំនួននៅជុំវិញសាលាបឋមសិក្សា Rancho Tehama កាលពីម៉ោង៨ព្រឹក ហើយកន្លែងកើតហេតុមួយក្នុងចំណោមនោះកំពុងត្រូវបានប៉ូលិសស៊ើបអង្កេត។
ខ្មាន់កាំភ្លើងរូបនោះបានបាញ់ដោយមិនរើសមុខ។ នេះបើយោងតាមការបញ្ជាក់របស់លោក Phil Johnston ជំនួយការប៉ូលិសសង្កាត់ Tehama ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន។
កុមារម្នាក់ត្រូវបានបាញ់សម្លាប់នៅឯសាលាបឋមសិក្សានោះ ហើយកុមារម្នាក់ទៀតដែលនៅក្នុងរថយន្ត truck ជាមួយនឹងស្ត្រីម្នាក់ក៏បានរងរបួសផងដែរ។ នេះបើយោងតាមសម្តីរបស់លោក Johnston។
លោក Brian Flint អ្នកស្រុករស់នៅទីនោះបានប្រាប់ទៅអ្នកកាសែតថា អ្នកជិតខាងរបស់លោក ដែលលោកស្គាល់ឈ្មោះថា Kevin គឺជាខ្មាន់កាំភ្លើង។ លោក Flint និយាយថា មិត្តរួមថ្នាក់របស់លោកម្នាក់គឺស្ថិតក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើងបានលួចរថយន្ត truck របស់លោក។ លោក Flint បាននិយាយទៀតថា លោកនិងមិត្តរួមថ្នាក់របស់លោកបានប្រាប់ទៅអាជ្ញាធរថា Kevin បានធ្វើសកម្មភាពប្លែកៗហើយបានគំរាមកំហែងរូបលោកនិងមិត្តរួមថ្នាក់ថែមទៀតផង៕