ក្រុមមន្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថានប៉ែកខាងកើតបានថ្លែងថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដោយប្រើយន្តហោះដែលគ្មានមនុស្សបើក (drone) បានសម្លាប់មេដឹកនាំកំពូលរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់ដែលក្រុមសកម្មប្រយុទ្ធហៅថា Khorasan កាលពីថ្ងៃព្រហស្បតិ៍ ហើយយ៉ាងហោចណាស់ក្រុមបះបោរចំនួន១១នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ផងដែរ។
ការទម្លាក់គ្រាប់មីស៊ីលដោយប្រើយន្តហោះដែលគ្មានមនុស្សបើកបានធ្វើឡើងនៅក្នុងតំបន់ Achin ដែលជាសង្កាត់មួយដែលមិនមានស្ថិរភាព ស្ថិតក្នុងខេត្ត Nangarhar ដែលគេជឿថា ជាតំបន់ដែលក្រុមរដ្ឋឥស្លាមបានយកធ្វើជាទីស្នាក់ការរបស់ខ្លួន។
ក្រុមមន្រ្តីយោធារបស់អាមេរិកក្នុងទីក្រុងកាប៊ុលបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់នោះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពួកគេមិនអាចកំណត់បាននៅឡើយទេ ថាតើមេដឹកនាំរបស់ក្រុមរដ្ឋឥស្លាមក្នុងតំបន់នោះ ដែលមានឈ្មោះថា Hafiz Saeed Khan គឺជាជនម្នាក់ក្នុងចំណោមជនដទៃទៀតដែលត្រូវបានសម្លាប់ ឬយ៉ាងណានោះទេ។
អ្នកនាំពាក្យរបស់អភិបាលខេត្ត Nangarhar គឺលោក Attaullah Khogyani បានថ្លែងប្រាប់ VOA ថា ខ្លួនបានកំណត់ជាផ្លូវការថា ឈ្មោះ Hafiz Saeed Khan ដែលជាមេដឹកនាំក្រុមរដ្ឋឥស្លាមក្នុងតំបន់ Khorasan នេះ និងសមាជិករបស់គេ ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានបណ្តាលឲ្យមានការផ្ទុះដ៏ធំមួយនៅតំបន់ Bandar នៃតំបន់ Achin នៅវេលាម៉ោងប្រហែល៤ល្ងាច ម៉ោងក្នុងតំបន់នោះ។ នេះបើយោងតាមអ្នកភូមិដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន៕