ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង​ការពារ​របស់​នួន ជា ថា​នួន​ ជា ពាក់ព័ន្ធ​នឹង​ឌុច


មន្ទីរ​ ស-២១ ​ឬ ​គុក​ទួលស្លែងនៅទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា

សាក្សី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​នួន ​ជា ​មាន​ការ​ទាក់ទង​ជា​ប្រចាំ​ជាមួយ​នឹង ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ ស-២១ ​ឬ ​គុក​ទួលស្លែង។

ការ​បង្ហាញ​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បដិសេធ​ការ​ទទួល​ខុសត្រូវ​លើ​គុក​ទួលស្លែង​និង​ប្រកាស​ថា ​គាត់​មិនមែន​ជា​មេ​កើយ​បញ្ជា​លើ​ ឌុច ​នោះ​ទេ។

លោក ​សូត្រ ​ទឿង ​ដែល​ធ្លាប់​ធ្វើជា​កង​ការពារ​របស់​នួន ​ជា ​បាន​អះអាង​ក្នុង​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​នេះ​ថា ​គាត់​បាន​នាំ​សំបុត្រ ​និង​ឯកសារ​ពី​នួន ​ជា ​ទៅ​ឲ្យ​ឌុច ​និង​យក​សំបុត្រ​ និង​ឯកសារ​ពី ​ឌុច ​ទៅ​ឲ្យ​នួន ​ជា ​វិញ។

លោក​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​សហព្រះរាជអាជ្ញារង​អន្ដរជាតិ ​លោក ​ដែល ​លីហ្ស៊ាក់ (Dale Lysak) តាមរយៈ​ជំនួយ​ពី​អ្នក​បកប្រែ។

«ឯកសារ​នោះ​ដាក់​ក្នុង​ស្រោម​សំបុត្រ។ ​មាន​សរសេរ​ជូន​ទៅ​ឌុច ​ពី​តា ​នួន ជា»។

លោក ​សូត្រ ​ទឿង ​អាយុ ​៦២ ​ឆ្នាំ ​មក​ពី​ខេត្ត​រតនគិរី។ ​គាត់​បាន​ចូល​ធ្វើ​បដិវត្តន៍​បែប​កុម្មុយនិស្ដ​ជាមួយ​ពួក​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៦៨ ​នៅ​ភូមិភាគ​ឥ្ឍសាន ​និង​ក្រោយមក​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​កង​ការពារ ​ឬ​អង្គរក្ស​របស់​នួន ​ជា។

សាក្សី​ដដែល​នេះ​ធ្វើ​ការ​ជា​អ្នក​នាំសារ​រវាង​នួន ​ជា ​និង​ឌុច ​ចាប់​ពី​ថ្ងៃ​ទី ​១៥ ​សីហា ​ឆ្នាំ​១៩៧៧ ​ក្នុង​អំឡុង​ប្រមាណ​ជា​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​ចម្លើយ​របស់​សាក្សី​ទៅ​កាន់​សហចៅក្រម​ស៊ើបអង្កេត​ដែល​បង្ហាញ​ដោយ​សហព្រះរាជអាជ្ញារង​អន្ដរជាតិ។

កាល​ពី​ម្សិលមិញ​ នួន ​ជា ​បាន​ស្នើ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​ច្រានចោល​សក្ខីកម្ម​ដែល​ឌុច ​លាតត្រដាង​ជាប់​ពាក់ព័ន្ធ​នឹង​រូប​គាត់។

សាក្សីរូប​នេះ​បាន​ឆ្លើយ​សំណួរ​របស់​លោកស្រី ​ទី ​ស្រ៊ីនណា ​មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី ​លោក​សូត្រ ​ទឿង ​បាន​លើក​ឡើង​ថា ​គាត់​មិន​ដែល​បាន​ឃើញ​នួន ​ជា ​និង ​ឌុច ​ជួប​គ្នា​ទល់​មុខ​នោះ​ទេ។ ជាមួយ​គ្នា​នោះ ​សូត្រ ​ទឿង ​ក៏​បាន​បញ្ជាក់​ថា ​គាត់​បាន​រស់​នៅ​ដោយ​ការ​ភ័យខ្លាច​ក្នុង​សម័យ​ខ្មែរក្រហម។ គឺ​ភ័យខ្លាច​ចំពោះ​ការ​ប្រព្រឹតិ្តខុស​នឹង​មាគ៌ា​របស់​អង្គការ​ និង​ភ័យខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​យក​ទៅ​សម្លាប់​ចោល៕

XS
SM
MD
LG