ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជិត​ខាង​ចិន​បារម្ភ​អំពី​ផែនការ​ចិន​ក្នុង​ការ​ដាក់​ពង្រាយ​រោងចក្រ​នុយក្លេអ៊ែរ​អណ្តែត


រូបឯកសារ៖ រូបភាពថតពី​អាកាស​បង្ហាញ​ដែនដី​ដែល​ចិន​អះអាង​កាន់កាប់​នៅ​តំបន់​ប្រជុំកោះ Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ រូបភាពថតពី​អាកាស​បង្ហាញ​ដែនដី​ដែល​ចិន​អះអាង​កាន់កាប់​នៅ​តំបន់​ប្រជុំកោះ Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ គម្រោងរបស់​ប្រទេសចិន​ក្នុងការដាក់​ពង្រាយ​រោងចក្រ​នុយក្លេអ៊ែរអណ្តែត​នៅក្នុង​សមុទ្រ​ចិន​មានជម្លោះអាចបង្កើនការតានតឹងជាមួយ​ប្រទេស​ឯទៀតៗ ដែល​ធ្វើការ​ទាមទារ​ដែរ ​និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​តំបន់ ហើយ​ថា​ ​ប្រទេសទាំង​នេះ​គួរធ្វើការតាមរយៈ​ក្រប​ខណ្ឌពហុភាគី ដើម្បី​ទប់ទល់​នឹង​ចិន។

កាសែត The Washington Post របស់​អាមេរិក​ បានរាយការណ៍កាល​ពី​ដើម​ខែឧសភាថា ​ប្រទេស​ចិន​គ្រោងនឹង​បញ្ជូនរោងចក្រ​ថាមពល​នុយក្លេអ៊ែរ​អណ្តែត​ ២០ ទៅ​កាន់​បណ្តា​កោះ​ដែល​ខ្លួន​ទាមទារថា​ជារបស់​ផងខ្លួន នៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ ដែល​នៅ​ទី​នោះ​ចិនមាន​ជម្លោះទឹកដី​យូរ​យារ​មក​ហើយ​ជាមួយ​ប្រទេសខ្លះ​ក្នុង​តំបន់។

ប្រទេស​ចិន​បាន​ទាមទារសមុទ្រ​ចិន​ខាងត្បូង​សឹង​តែ​ទាំង​អស់ថា​ជារបស់​ផងខ្លួន ទោះជា​មានសេចក្តី​សម្រេចមួយដោយ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​កាល​ពី​ឆ្នាំ​ ២០១៦ ដែល​ច្រាន​ចោល​ការ​អះអាង​នេះ​ថា ​«គ្មានមូលដ្ឋាន​ផ្លូវ​ច្បាប់‍‍» ​ក៏​ដោយ។ ប្រទេសម៉ាឡេស៊ី ​ហើយ​ជា​ពិសេសប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន ​ក៏​បាន​ទាមទារ​ថា​ប្រជុំ​កោះ​ខ្លះ​និង​ផ្នែក​ខ្លះនៃ​ដែន​សមុទ្រ​នេះ​ថាជា​របស់​ផងខ្លួន​ដែរ។

អ្នកស្រី Pratnashree Basu ជា​អ្នក​ស្រាវជ្រាវ​ជំនួយនៃ​កម្មវិធី​ខាង​ការ​សិក្សា​យុទ្ធសាស្ត្រនៃ​មូលនិធិ Observer Research មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា។ អ្នកស្រី​បាន​និយាយ​ប្រាប់​វីអូអេ​នៅ​ក្នុង​ការ​ទាក់ទង​គ្នា​តាម​អ៊ីមែល​ថា​ ប្រទេសឯ​ទៀតៗ​ដែល​ទាមទារ​ទឹក​ដី​ដែរ​នោះ ​យល់​ថា​ ​គម្រោង​ការ​ប្រតិបត្តិការ​រោងចក្រ​នុយក្លេអ៊ែរ​ទាំង​នេះ​របស់​ចិន​ជា ​«ការ​ប្រឈម​ផ្ទាល់មួយ‍» ​ដល់អធិបតេយ្យភាព​របស់​ពួកគេ ប្រសិន​បើម៉ាស៊ីន​នុយក្លេអ៊ែរ​ទាំងនេះ​ត្រូវ​ដាក់​ពង្រាយ​នៅ​កន្លែងមាន​ការ​ទាមទារ​ដណ្តើម​គ្នា​នោះ។

អ្នក​ស្រី Basu បាន​និយាយ​យោង​ដល់​ច្បាប់​វៀតណាមកាល​ពី​ឆ្នាំ​ ២០០៨ ​អំពី​ថាមពល​បរមាណូ ដែលតម្រូវ​ឱ្យ​នាវា​ដើរ​ដោយ​កម្លាំងនុយក្លេអ៊ែរ​ក្នុង​ដែន​ទឹកវៀតណាម ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​នាយករដ្ឋមន្ត្រីរបស់​ប្រទេស។

អ្នកស្រីបានកត់សម្គាល់​ថា ​បទបញ្ញត្តិបែប​នេះមិន​មាន​នៅ​ហ្វីលីពីន​ទេ តែ​រដ្ឋាភិបាល​ក្រុង​ម៉ានីលអាចនៅ​តែ ​«អះអាងអំពី​សិទ្ធិខ្លួន​ក្នុង​ការតាមដានម៉ាស៊ីន​នុយក្លេអ៊ែរ​ចិន​មួយតាម​រយៈ​ច្បាប់សមុទ្រ​របស់​ខ្លួន‍»។

រូបឯកសារ៖ ទិដ្ឋភាព​នៃ​ការ​ដាក់តាំងបង្ហាញ​រោងចក្រនុយក្លេអ៊ែរអណ្តែត នៅ​ទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ការ​ដាក់តាំងបង្ហាញ​រោងចក្រនុយក្លេអ៊ែរអណ្តែត នៅ​ទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

តាំង​ពី​ឆ្នាំ ​២០១៤ ​មក ចិន​បានចាក់​បំពេញ​ដី​ដើម្បី​បង្កើតកោះ​សិប្បនិម្មិត​លើ​កន្លែង​ខ្លះ​ដែល​ខ្លួន​គ្រប់គ្រង​ក្នុង​ប្រជុំ​កោះ Spratly ដែល​រដ្ឋាភិបាល​ក្រុងហាណូយ​និងរដ្ឋាភិបាល​ក្រុង​ម៉ានីលទាមទារ​ថា​ជា​របស់​ផងខ្លួន​ដែរ។

អ្នកស្រី Basu បាន​សរសេរពន្យល់​ទៅ​កាន់​វីអូអេ​ថា៖ «ដោយសារ​មាន​ការ​ពង្រឹង​ទីតាំង​រឹងមាំរបស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដោយ​មិន​គិត​ពីច្បាប់​អន្តរជាតិ គម្រោង​ដាក់​ពង្រាយ​ម៉ាស៊ីន​នុយក្លេអ៊ែរទាំងនេះអាច​បង្កើន​ការ​ក្តាប់​យក​កោះ​សិប្បនិមិត្តទាំង​នេះ​ ដែល​រដ្ឋាភិបាល​ប៉េកាំងបាន​កសាង​និង​បំពាក់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា»។​

អ្នកស្រី​បាន​ព្រមានថា​ ចំណាត់ការនេះ​អាច​បង្កើន​ភាព​តានតឹងដែល​មានហើយ​នោះ។

លោក Ha Hoang Hop ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់នៅ​វិទ្យាស្ថាន ISEAS Yusof Ishak មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។ លោក​បាន​និយាយប្រាប់​វីអូអេ​ថា៖ «មិន​ជាអ្វី​ទេសម្រាប់ប្រទេស​ឯទៀតៗ​ដែល​ធ្វើ​ការ​ទាមទារដែរ ប្រសិន​បើ​ចិន​គ្រាន់តែបើក​កប៉ាល់​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង»។

លោក Hop បានថ្លែង​ថា៖ «តែ​យ៉ាងណាក៏ដោយ បើ​ចិនចត​នាវានេះនៅ​ប្រជុំ​កោះ Spratly ឬ​ប្រជុំ​កោះ Paracel ដែលជា​ប្រជុំ​កោះ​មួយ​ទៀត​ទាមទារ​ដោយ​រដ្ឋាភិបាល​ប៉េកាំង​និង​រដ្ឋាភិបាល​ហាណូយ តែ​គ្រប់គ្រង​ដោយប៉េកាំង នោះ​វៀតណាម​ប្រាកដ​ជា​នឹង​តវ៉ា»។

លោកបាន​និយាយបង្ហាញ​ហេតុផល​ថា ការ​ដាក់​ពង្រាយ​នាវា​រោងចក្រ​នុយក្លេអ៊ែរនៅ​ឯ​កោះ​ដែលវៀតណាម​ទាមទារ​ថា​ ជា​របស់​ផង​ខ្លួន​ជា​ «ការ​រំលោភ​លើ​សិទ្ធិអធិបតេយ្យភាពនៃ​ប្រទេស​វៀតណាម‍»​ ដោយ​កត់​សម្គាល់​ថាការ​ដាក់​ពង្រាយ​បែបនេះ​នឹង​គាំទ្រដល់​សកម្មភាពយោធានិង​ការ​យាម​ល្បាតរបស់​ចិន​នៅសមុទ្រចិន​ខាងត្បូង។

លោក Hop បាន​បន្ថែម​ថា៖ «ប្រសិន​បើនាវា​ដឹក​ម៉ាស៊ីន​នុយក្លេអ៊ែរបម្រើសកម្មភាពយោធាចិនដូចជា​សង្គ្រាមអគ្គិសនី ការឈ្លប​យក​ការណ៍ ការឃ្លាំមើល​ដែនអាកាស សង្គ្រាមដ្រូន​ក្នុង​ចំណោម​សកម្មភាព​ឯ​ទៀតៗ វាអាច​ដាក់​ឱ្យ​មាន​ការ​គំរាមកំហែងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​តំបន់»។ លោក​បាន​ព្រមាន​ថា​ ប្រសិន​បើ​នាវា​ទាំង​នោះផ្ទុក​មីស៊ីល​នុយក្លេអ៊ែរ ការណ៍​នេះ​អាច​ជា​«ការរំលោភ​លើ​ច្បាប់​អន្តរជាតិ‍»។

អ្នកស្រី Basu នៃ​មូលនិធិ Observer Research បាន​កត់សម្គាល់​ថា ​រោងចក្រថាមពលនុយក្លេអ៊ែរ​អណ្តែតអាច​ផ្តល់​ថាមពលឱ្យ​ការ​រុករកប្រេង​និង​ឧស្ម័ន​ក្នុង​លំហ​សមុទ្រ​ដោយ​ប្រទេស​ចិន​និង​ជា​ពិសេសឱ្យដល់​មូលដ្ឋានយោធា។ អ្នកស្រី​បាន​បន្ថែម​ថា៖ «ការ​មានថាមពលអគ្គិសនី​គ្រប់គ្រាន់ក៏​ពង្រឹងសមត្ថភាពឃ្លាំមើលនិង​ការ​ឆ្លើយ​តប​រហ័ស​ដែរ»។

លោក Raymond Powell ជា​មេដឹកនាំក្រុម​មួយ​នៅ​មជ្ឈមណ្ឌល Gordian Knot ខាង​នវានុវត្តន៍សន្តិសុខ​ជាតិនៃ​សាកលវិទ្យាល័យ Stanford។​ នៅ​ពេល​ត្រូវ​សួរ​អំពី​អ្វី​ដែលវៀតណាម​និង​ហ្វីលីពីន​អាច​ធ្វើ​បាន​ដើម្បី​ទប់ទល់​នឹងចំណាត់ការ​នេះ​របស់​ចិន លោក​បាន​និយាយប្រាប់​វីអូអេ​តាម​អ៊ីមែល​ថា ​លោក ​«មិន​ប្រាកដទេ​ថាមាន​វិធី​ណា​មួយ​សម្រាប់​ប្រឆាំងនឹងការប្រើប្រាស់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​អណ្តែតដោយ​ប្រទេស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ»។

លោក​បានសរសេរ​ក្នុង​អ៊ីមែល​នេះ​ថា៖ «ចិន​មិនទំនង​ជា​មិន​ឆ្លើយ​តប​នឹង​សម្ពាធពី​ខាងក្រៅឱ្យ​ខ្លួនបញ្ឈប់​វិធានការ​នេះ​ទេ ហើយវា​ក៏​មិនច្បាស់លាស់ដែរ​ថា [រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​អណ្តែតដោយ​ប្រទេស​ចិន]​នេះជាការរំលោភលើ​ច្បាប់​អន្តរជាតិឬ​បទ​បញ្ញត្តិ​ណាមួយ​ទេ​បើចិនជម្រុលចំណាត់ការ​នេះ​ទៅ​មុខ»។

លោក Hop នៃ​វិទ្យាស្ថាន ISEAS Yusof Ishak បានពោល​ថា ប្រទេស​ទាមទារ​ឯ​ទៀតៗ​អាច​ពិចារណាជួល​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​អណ្តែត​ផលិតដោយ​ពួក​ប្រទេស​លោក​ខាង​លិច​ឬរុស្ស៊ី​ដើម្បីដាក់​ពង្រាយនៅ​តាម​កោះដែល​ពួក​គេ​ត្រួតត្រា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្នែក​មួយនៃយុទ្ធសាស្ត្រ​«ធ្វើការ​តបត‍​ដេញ​ជើង​គ្នា»។

អ្នកស្រី Basu ​បាន​និយាយ​ថា ​ពួក​ប្រទេស​ទាមទារ​ទឹកដី​ទាំង​នេះ​និង​សហរដ្ឋ​អាមេរិក​គួរ​ធ្វើការ​តាម​រយៈ​មធ្យោបាយ​សមាគមអាស៊ាន​និង​វេទិកាតំបន់​ឯ​ទៀតៗ ​ដើម្បីដោះស្រាយកង្វល់​អំពីម៉ាស៊ីននុយក្លេអ៊ែរបណ្តែត​ទឹកដើម្បី​ឧបត្ថម្ភផ្ចុងផ្ដើមការ​ទាក់ទង​គ្នា​ជា​ពហុភាគី​ជាជាងសកម្មភាព​ឯកតោភាគី។

អ្នកស្រី​បាន​សរសេរថា៖ «ពួក​ប្រទេស​ទាំង​នេះ​អាច​ប្រឆាំងនឹងការ​ដាក់​ពង្រាយ​រោងចក្រថាមពល​នុយក្លេអ៊ែរ​អណ្តែត​ទឹកក្នុង​ដែនសមុទ្រ​មាន​ជម្លោះ​តាមរយៈ​តុលាការអន្តរជាតិឬសាលា​ក្តី ដើម្បី​ឱ្យ​មាន​សេចក្តី​សម្រេចដែល​អាច​កម្រិត​ឬ​ធ្វើ​និយតកម្ម​កិច្ច​ប្រតិបត្តិការរបស់​ពួក​គេ»។

អ្នកស្រី Basu ​បាន​បន្ថែម​ថា ​ពួក​ប្រទេស​ទាំង​នេះ​គួរ​ប្រឹងប្រែង​ធ្វើ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​អន្តរជាតិ​ដែល​មានស្រេច​ហើយ​ ដូច​ជាអនុសញ្ញា​អ.ស.ប.ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ដល់រោងចក្រនុយក្លេអ៊ែរអណ្ដែត​ទឹក។

បើតាមអ្នកស្រី Basu ថា បន្ថែម​លើ​នេះ​ការកសាង​សម្ពន្ធភាព​ជាមួយក្រុមអង្គការបរិស្ថាន​សាកល​និង​អង្គការ​ខាង​សុវត្ថិភាព​សម្រាប់​ដាក់​សម្ពាធ​ឱ្យ​មានបទបញ្ញត្តិម៉ឹងម៉ាត់​ជាង​មុនលើរោងចក្រ​នុយក្លេអ៊ែរ​អណ្តែត​ទឹកក៏​អាចជា​ជម្រើស​មួយ​ដែរ៕

ប្រែសម្រួល​ដោយ លោក ឈឹម សុមេធ វីអូអេ

XS
SM
MD
LG