នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១នេះ ឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមជាតិសាសន៍អាស៊ី នៅក្នុងសហរដ្ឋអាមេរិកកើនឡើង ១៦៩% បើធៀបនឹងរយ:ពេលដូចគ្នានេះក្នុងឆ្នាំ២០២០។ នេះបើយោងតាមការស្រាវជ្រាវមួយកាលពីចុងខែមេសា ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាពីអំពើសម្អប់និងភាពជ្រុលនិយម (Center for the Study of Hate and Extremism) នៃសាកលវិទ្យាល័យ California State ប្រចាំទីក្រុងSan Bernardino។
ចាប់តំាងពីដើមឆ្នាំ២០២០ ក្រោយការផ្ទុះឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ដែលមានប្រភពមកពីទីក្រុង Wuhan ប្រទេសចិន នៅក្នុងសហរដ្ឋអាមេរិក មានការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ខ្ពើមជាតិសាសន៍អាស៊ី ស្ទើរគ្រប់រូបភាពចាប់ពីការបញ្ចេញកាយវិកាស្អប់ខ្ពើម ការជេរប្រមាថ ការលួចវាយឆ្មក់ដោយហិង្សា ឬ ការប្រើហិង្សាដោយចំហ ការលួចបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រហូតដល់ការបាញ់សម្លាប់ ឬប៉ុនប៉ងចាក់សម្លាប់ជាដើម។
កាលពីថ្ងៃទី១៦ ខែមីនា ជនសង្ស័យជាបុរសស្បែកស ឈ្មោះ Robert Aaron Long អាយុ២១ឆ្នាំ បានបាញ់ប្រហារនៅក្នុងហាងស្ប៉ាបីទីតាំងផ្សេងគ្នានៅក្នុងទីក្រុង Atlanta រដ្ឋ Georgia បង្កឲ្យមនុស្ស៨ នាក់ស្លាប់ ដែលក្នុងនោះជនរងគ្រោះបួននាក់ជាស្ត្រីមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូងនិងពីរនាក់ជាស្រ្ដីមានដើមកំណើតមកពីប្រទេសចិន។
ជិតមួយខែក្រោយមក គឺនៅថ្ងៃទី១៥ ខែមេសា ជនសង្ស័យជាបុរសស្បែកសម្នាក់ទៀតឈ្មោះ Brandon Scott Hole អាយុ១៩ឆ្នាំបានបាញ់សម្លាប់មនុស្ស ៨ នាក់នៅក្នុងក្រុមហ៊ុនប្រៃសណីយ៍FedEx មួយកន្លែងនៅក្នុងទីក្រុង Indianapolis រដ្ឋ Indianaដែលក្នុងនោះជនរងគ្រោះបួននាក់មានដើមកំណើតមកពីប្រទេសឥណ្ឌា។ ជនសង្ស័យបានបាញ់សម្លាប់ខ្លួនក្នុងហេតុការណ៍នោះ។
វិទ្យុ NPR ក៏បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ទី០៤ ខែឧសភា មានករណីប៉ុនប៉ងចាក់សម្លាប់ស្ត្រីចំណាស់ដើមកំណើតអាស៊ីពីរនាក់ម្នាក់អាយុ ៨៤ឆ្នាំ និងម្នាក់ទៀតអាយុ៦៣ឆ្នាំ នៅចំណតរថយន្តក្រុងមួយក្នុងទីក្រុង San Francisco រដ្ឋ California ដោយជនសង្ស័យជាបុរសស្បែកខ្មៅឈ្មោះ Patrick Thompson អាយុ៥៤ឆ្នាំ។ សំណាងល្អ ស្ត្រីចំណាស់ទំាងពីរនាក់មិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ ហើយជនសង្ស័យក៏ត្រូវបានប៉ូលិសចាប់ខ្លួន។
សារព័ត៌មាន ABC7news បានរាយការណ៍ថា កាលពីថ្ងៃទី ២៧ ខែមីនា មានឧបទ្ទវហេតុលួចដុតរថយន្តពីរគ្រឿងរបស់បុរសចំណាស់ដើមកំណើតអាស៊ីពីររូប នៅក្នុងទីក្រុង Oakland រដ្ឋ California ដែលរថយន្តមួយគ្រឿងគឺជារបស់លោក Chheng ដែលសុំមិនប្រាប់ពីនាមត្រកូល មានដើមកំណើតមកពីប្រទេសកម្ពុជា និងមួយគ្រឿងទៀតជារបស់អ្នកជិតខាងលោក Chheng ដែលមានដើមកំណើតមកពីប្រទេសចិន។ សារព័ត៌មាន ABC7news ក៏បានរាយការណ៍ថា ជនរងគ្រោះទំាងពីរមានអារម្មណ៍ថា ពួកគេជាគោលដៅនៃការវាយប្រហារដោយសារការស្អប់ខ្ពើមជាតិសាសន៍អាស៊ី ដូចជនជាតិអាស៊ីផ្សេងទៀតនៅទូទំាងសហរដ្ឋអាមេរិកដែរ។
បើទោះជាអំពើហិង្សាលើសាសន៍អាស៊ីកើនឡើង ប៉ុន្តែជាក់ស្ដែងមិនមែនឲ្យតែពលរដ្ឋដែលមានដើមកំណើតមកពីប្រទេសក្នុងទ្វីបអាស៊ី គឺជាគោលដៅនៃការវាយប្រហារនោះទេ។ ការណ៍នេះដោយអាស្រ័យលើការយល់ឃើញថាសាសន៍ណាខ្លះដែលពលរដ្ឋអាមេរិកាំងយល់ថាជាសាសន៍អាស៊ី។ នេះបើតាមការស្រាវជ្រាវថ្មីមួយរបស់សាស្ត្រាចារ្យអាមេរិកាំងពីររូប។
ក្នុងអត្ថបទស្រាវជ្រាវថ្មីរបស់អ្នកស្រីសាស្ត្រាចារ្យ Jennifer Lee នៃសាកលវិទ្យាល័យ Columbia (Columbia University) និងលោកសាស្ត្រាចារ្យ Karthick Ramakrishnan នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា (University of California) ដែលមានចំណងជើងថា៖ «តើអ្នកណាខ្លះត្រូវបានរាប់ថាជាជាតិសាសន៍អាស៊ីនិងតើអ្វីទៅដែលត្រូវបានរាប់ថាជាការស្អប់ខ្ពើមប្រឆាំងនឹងជាតិសាសន៍អាស៊ី?» ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភាក៏បានបង្ហាញថា ពលរដ្ឋអាមេរិកកាំងមិនបានចាត់ទុកពលរដ្ឋទាំងអស់ដែលមានដើមកំណើតមកពីប្រទេសក្នុងទ្វីបអាស៊ីថាជា «ពលរដ្ឋជាតិសាសន៍អាស៊ី» នោះទេ។ នៅក្នុងក្រសែភ្នែករបស់ពលរដ្ឋអាមេរិកកាំង ពេលនិយាយពីពលរដ្ឋអាស៊ី ឬអាស៊ីអាមេរិកាំងគឺសំដៅទៅលើពលរដ្ឋដែលមានដើមកំណើតមកពីតំបន់អាស៊ីខាងកើត ជាពិសេសមកពីប្រទេសចិន។
អត្ថបទស្រាវជ្រាវនេះបានបង្ហាញថា៖ «ពលរដ្ឋអាមេរិកាំងប្រមាណ ៨០% ចាត់ទុកថាពលរដ្ឋដែលមានដើមកំណើតមកពីចិន ជប៉ុន និងកូរ៉េជាពលរដ្ឋអាស៊ី ឬអាស៊ីអាមេរិកំាង ហើយ ៧០% នៃពលរដ្ឋអាមេរិកាំងចាត់ទុកពលរដ្ឋអាស៊ីអាគ្នេយ៍ដូចជាហ្វីលីពីន ជាពលរដ្ឋអាស៊ី ឬអាស៊ីអាមេរិកាំង។ មានតែពលរដ្ឋអាមេរិកំាង ៤៦% ប៉ុណ្ណោះ ដែលចាត់ទុកថាពលរដ្ឋដើមកំណើតឥណ្ឌា ជាពលរដ្ឋអាស៊ី និង ៣៧% គិតយ៉ាងដូច្នេះចំពោះពលរដ្ឋដើមកំណើតប៉ាគីស្ថាន»។
បើយោងតាមការស្ទង់មតិកាលពីខែមីនា ឆ្នាំ២០២១ របស់ពលរដ្ឋអាស៊ីអាមេរិកាំង និងអ្នកដែនកោះប៉ាស៊ីហ្វិក (AAPI Data) និង SurveyMonkey ការគំរាមកំហែងដោយឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមជាតិសាសន៍អាស៊ី ប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋអាស៊ីអាមេរិកាំងជាច្រើននាក់។ ការស្ទង់មតិនេះបង្ហាញថា ពលរដ្ឋដែលមានដើមកំណើតមកពីប្រទេសចិន ៧២% ព្រួយបារម្ភអំពីការក្លាយខ្លួនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆំាងការរើសអើងពូជសាសន៍អាស៊ី ហើយពលរដ្ឋ ៦៨% ដែលមានដើមកំណើតមកពីតំបន់អាស៊ីអាគ្នេយ៍និង៥៨%នៃពលរដ្ឋមានដើមកំណើតមកពីតំបន់អាស៊ីខាងត្បូងបារម្ភអំពីបញ្ហានេះដូចគ្នា។ លើសពីនេះ ស្ត្រីពលរដ្ឋអាស៊ីអាមេរិកំាងពេញវ័យម្នាក់ ក្នុងចំណោមប្រាំពីរនាក់ព្រួយបារម្ភជាប្រចាំ បន្ទាប់ពីរលកនៃអំពើហិង្សាលើជាតិសាសន៍អាស៊ីដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បានកើតឡើង។
លោក កែវ សាម៉ាឌី អាយុ៣៦ឆ្នាំជាពលរដ្ឋអាមេរិកំាងដើមកំណើតខ្មែរដែលធ្វើការជាប្រធានផ្នែកបញ្ជាទិញឲ្យក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុង Alexandria រដ្ឋ Virginia មករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ បានប្រាប់វីអូអេថា ពេលលោកទៅណាមកណាឬចូលក្នុងចំណោមពលរដ្ឋស្បែកសសុទ្ធឬខ្មៅសុទ្ធ លោកតែងតែមានកូនចិត្តព្រួយបារម្ភ តែបើទៅកន្លែងណាមានជាតិសាសន៍ចម្រុះ នោះលោកមិនភ័យទេ។
លោក កែវ សាម៉ាឌី បានបន្ថែមថា៖
«នៅតែមានភាពភ័យខ្លាចអីចឹង គ្រាន់តែថាមិនមែនភ័យខ្លាចដល់ថ្នាក់ស្លន់ស្លោរទេ គ្រាន់តែយើងភ័យខ្លាចតែនៅគិតក្នុងចិត្ត មានន័យថាខ្ញុំត្រូវតែតៀមខ្លួនជានិច្ចនៅពេលដែលខ្ញុំទៅក្នុងចំណោមក្រុមស្បែកសសុទ្ធ ឬទៅក្នុងចំណោមក្រុមស្បែកខ្មៅសុទ្ធ»។
ការស្រាវជ្រាវរបស់របស់ អ្នកស្រី Lee និងលោក Ramakrishnan ក៏បានឲ្យដឹងថា ស្របពេលដែលអំពើហិង្សាប្រឆាំងនឹងជាតិសាសន៍អាស៊ីមានប្រវត្តិជាយូរលង់ ឃោរឃៅ និងមិនសូវត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងសហរដ្ឋអាមេរិកតាំងពីជាង១៥០ឆ្នាំមុនមកម្ល៉េះ គេសង្កេតឃើញថាជនរងគ្រោះនៃអំពើហិង្សាប្រភេទនេះក្នុងពេលបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងលើពលរដ្ឋដែលមានដើមកំណើតមកពីតំបន់អាស៊ីខាងកើត ជាពិសេសគឺពលរដ្ឋចិនតែម្ដង។
ឧទាហរណ៍សំខាន់មួយអំពីឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមជាតិសាសន៍អាស៊ីត្រូវបានបង្ហាញក្នុងការស្រាវជ្រាវនេះគឺ ករណីបុរសស្បែកសពីរនាក់ធ្វើការនៅក្នុងរោងចក្ររថយន្ត នៅក្នុងទីក្រុង Detroit រដ្ឋ Michigan វាយសម្លាប់លោក Vincent Chin ដែលមានដើមកំណើតមកពីប្រទេសចិននៅក្នុងឆ្នាំ ១៩៨២ ដោយខឹងថាលោក Chin ជាមូលហេតុដែលធ្វើឲ្យពលរដ្ឋអាមេរិកបាត់បង់ការងារក្នុងឧស្សាហកម្មយានយន្ត ក្នុងអំឡុងនៃការកើនឡើងការនាំចូលរថយន្តពីប្រទេសជប៉ុននិងចំពេលសហរដ្ឋអាមេរិកជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។
លោក កែវ សាម៉ាឌី ដែលជារឿយៗតែងតែត្រូវបានគេច្រឡំថាជាជនជាតិចិនដោយសាររូបរាងពណ៌សម្បុរនិងភ្នែកតឹងៗនោះ បានលើកឡើងថា មូលហេតុមួយដែលបង្កឲ្យមានការកើនឡើងការស្អប់ខ្ពើមប្រឆំាងជាតិសាសន៍អាស៊ីនេះ គឺដោយសារតែជនមួយចំនួនបែងបែកចែកវណ្ណ: ហើយគិតថាពលរដ្ឋអាស៊ីមករស់នៅសហរដ្ឋអាមេរិកដើម្បីតែធ្វើអ្នកបម្រើគេ ឬការងារផ្ដល់សេវាកម្មជាដើម តែដល់ពេលជនទំាងនោះឃើញពលរដ្ឋអាស៊ីមានការងារល្អធ្វើ ពួកគេច្រណែនខឹង ហើយចោទថាពលរដ្ឋអាស៊ីដណ្ដើមការងារពួកគេ។
អ្នកនាង តែ រ៉ានី អាយុ៣៣ឆ្នាំ ជាពលរដ្ឋអាមេរិកំាងដើមកំណើតខ្មែរ ដែលមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៥ និងបម្រើការងារជាអ្នកវិភាគហិរញ្ញវត្ថុប្រចាំស្ថាប័នមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់វីអូអេថា អ្នកនាងសង្កេតឃើញថាអំពើហិង្សាប្រឆំាងនឹងការរើសអើងជាតិសាសន៍អាស៊ីកើនឡើងស្របពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងក្រោយពេលលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានហៅជំងឺនេះ ថាជាជំងឺ«ផ្ដាសាយចិន»។
អ្នកនាងបន្ថែមថា៖ «ប្រជាជនអាមេរិកាំងមួយចំនួនយល់ច្រឡំថា ពលរដ្ឋអាស៊ីទាំងអស់សុទ្ធតែមកពីប្រទេសចិន ហើយដោយសារប្រភពដើមនៃជំងឺកូវីដ មកពីប្រទេសចិន ពួកគាត់ក៏គិតថាជនជាតិអាស៊ីជាអ្នកចម្លងជំងឺកូវីដ១៩»។
ទន្ទឹមនឹងនេះ ក៏មានពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកខ្លះបន្ទោសប្រព័ន្ធផ្សព្វផ្សាយថាជាមូលហេតុនៃការកើនឡើងឧក្រិដ្ឋកម្មប្រឆំាងការស្អប់ខ្ពើមជាតិសាសន៍អាស៊ីនេះ ហើយអ្នកខ្លះទៀតថាមួយផ្នែក ដោយសារជនសង្ស័យមានជំងឺផ្លូវចិត្តតែប៉ុណ្ណោះ។
លោក កែវ សាម៉ាឌី បាននិយាយថា៖ «ពេលខ្លះវិស័យសារព័ត៌មានក៏ជំរុញទៅដល់ពួកដែលមានគំនិតបែបហ្នឹង យើងថាគំនិតអគតិ ពួកក្រុមដែលពួកគាត់កំពុងតែស្អប់តែស្អីហើយ ដល់ពេលដែលពួកគាត់ឃើញក្នុងសារព័ត៌មាន [អំពីឧក្រិដ្ឋកម្មប្រឆំាងជាតិសាសន៍អាស៊ី] កើតឡើងកក្រើកញឹកញាប់ពេកអីចឹងទៅ វាជំរុញទឹកចិត្តអ្នកដែលកំពុងស្អប់ជាតិសាសន៍អាស៊ីឲ្យចង់ធ្វើអីចឹងដែរ»។
ចំណែកអ្នកនាង គឹម ស៊ីដេត ពលរដ្ឋខ្មែររស់នៅទីក្រុង Falls Church រដ្ឋ Virginia ដែលបម្រើការងារជាអ្នកវិភាគប្រតិបត្តិការម្នាក់នៅធនាគារពិភពលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលសុំបញ្ចេញមតិជាលក្ខណ:បុគ្គលបានប្រាប់ VOA ថា៖
«ខ្ញុំគិតថា មូលហេតុភាគច្រើន ខ្ញុំមិនមែនជាអ្នកឯកទេសខាងចិត្តវិទ្យា ឬក៏ខាងពេទ្យអីទេ ប៉ុន្តែខ្ញុំអានព័ត៌មានដែលគេនិយាយថា ដោយសារជំងឺកូវីដហ្នឹងមនុស្សទាំងអស់ ត្រូវធ្វើចត្តាឡីស័ក្ត ហើយនៅផ្ទះ ហើយមានមនុស្សខ្លះទៀតដល់ថ្នាក់បាត់បង់ការងារធ្វើ វាបង្កើតស្រ្តេសច្រើន។ វាទាក់ទងនឹងផ្លូវចិត្តយើង វាធ្វើឲ្យស្ដ្រេស។ វាធ្វើឲ្យយើងកើត Anxiety អ្នកខ្លះមានជំងឺផ្លូវចិត្ត។ ហើយអីចឹងទៅវាក្លាយមូលហេតុមួយដែលបង្កឲ្យមានការរើសអើង [ជាតិសាសន៍អាស៊ី] កាន់តែខ្លាំង»។
កាលពីថ្ងៃព្រហស្បតិ៍ទី ២០ ខែឧសភា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីមួយដែលមានឈ្មោះថា «ច្បាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើមដោយកូវីដ១៩» ដោយផ្ដល់ឲ្យមន្ត្រីមូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាលសហព័ន្ធនូវមធ្យោបាយនិងធនធានថ្មីៗ ដើម្បីប្រឆំាងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម ស្របពេលដែលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការរើសអើងប្រឆំាងជាតិសាសន៍អាស៊ី ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។
លោក កែវ សាម៉ាឌី បាននិយាយថា៖ «ក្នុងផ្ដត់គំនិតខ្ញុំ ខ្ញុំគិតថាយើងជាជាតិសាសន៍ដទៃមួយ ដែលមករស់នៅលើទឹកដីរបស់គេ អីចឹងហើយយើងពេលខ្លះ យើងរាងខ្លាច។ ការគោរពច្បាប់របស់យើង យើងខ្លាចជាងគេ។ យើងអត់ចង់ឲ្យមានបញ្ហាអី កើតឡើង ទោះជាគេនិយាយស្ដីអីក៏ដោយក៏ខ្ញុំមិនចង់ថា អត់ចង់ឈ្លោះទាស់ទែងអត់ចង់ប្រកែក អត់ចង់និយាយ អត់ចង់តមាត់ តវ៉ាអីជាមួយគេទេ។ ចង់នៅតែមួយសុខខ្លួនឯង»។
ចំណែកអ្នកនាង តែ រ៉ានី វិញយល់ថា ក្រៅពីមានច្បាប់ទប់ស្កាត់និងស្វែងរកយុត្តិធម៌ក្នុងករណីមានអំពើហិង្សា ឬឧក្រិដ្ឋកម្មទាក់ទងនឹងការរើសអើងជាតិសាសន៍នៅស្ថាប័នរដ្ឋ និងឯកជនច្បាប់ទាក់ទងនឹងការរើសអើងជាតិសាសន៍គួរតែដាក់បញ្ចូលក្នុងគោលការណ៍នៅកន្លែងការងារ ហើយថ្នាក់ដឹកនាំស្ថាប័នគួរសង្កត់ធ្ងន់លើសារ:សំខាន់នៃច្បាប់នេះ ហើយគួរធ្វើជាគំរូល្អក្នុងការគោរព និងអនុវត្តច្បាប់នេះ។
អ្នកនាងបន្ថែមទៀតថា៖ «ក្នុងបរិបទរស់នៅប្រចាំថ្ងៃប្រជាជនអាស៊ី ឬពលរដ្ឋអាមេរិកដើមកំណើតអាស៊ី គួរដឹកនាំ ឬផ្ដួចផ្ដើមសកម្មភាព ទប់ស្កាត់ការប្រឆាំងជាតិសាសន៍អាស៊ី ដោយធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម ជាអ្នកជិតខាងល្អក្នុងសហគមន៍ និងជាមិត្តភក្តិល្អជាមួយនឹងប្រជាជនមកពីគ្រប់ពូជសាសន៍ទាំងអស់»។
ដូចគ្នានេះដែរអ្នកស្រីសាស្ត្រាចារ្យ Jennifer Lee និងលោកសាស្ត្រាចារ្យ Karthick Ramakrishnan បានស្នើឡើងថាបើទោះបីជាពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីមានការខុសគ្នាលើផ្នែកភាសា វប្បធម៌ ឋានៈក្នុងសង្គមនិងសាវតាក៏ដោយ ក៏បទពិសោធនៃការរើសអើងនិងការគំរាមកំហែងប្រឆាំងអាស៊ីគឺពួកគេត្រូវរួបរួមគ្នាគាំទ្រគោលនយោបាយដែលជំរុញឲ្យមានយុត្តិធម៌ជាតិសាសន៍៕