ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ អូបាម៉ា បញ្ជាក់ពីទំនាក់​ទំនងជិតស្និទ្ធជាមួយថៃ ពិនិត្យ​មើលទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា


លោក​អូបាម៉ា​​​បាន​អញ្ជើញ​ទៅ​​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ធ្វើ​សវនការ​​ជាមួយ​ព្រះ​មហាក្សត្រដ៏​ចាស់​ជរា​ Bhumibol Adulyadej ​របស់​ថៃ។
Dan Robertson
រាជធានី​បាងកក៖ ក្នុង​រាជធានី​បាងកក​ លោក​ប្រធានាធិបតី​អូបាម៉ានិង​លោកស្រី​នាយក​រដ្ឋ​មន្រ្តីថៃ​Yingluck Shinawatra ​បាន​បញ្ជាក់​ឡើង​វិញ​ពី​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ថៃ។ លោក​អូបាម៉ា បាន​ចាប់​ផ្តើមដំណើរ​បំពេញ​ទស្សនកិច្ចរយៈ​ពេល៣​ថ្ងៃ​របស់​លោកទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ចទៅកាន់វត្តបុរាណ​មួយសម្រាប់​ក្រុម​គ្រួសារ​រាជវង្ស​ហើយ​នឹង​ជានិមិត្ត​រូប​នៃ​សាសនា​និង​វប្ប​ធម៌ព្រះ​ពុទ្ធសាសនា​របស់​ថៃ លោក​អូបាម៉ា​និង​លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​ Hillary Clinton បាន​អញ្ជើញ​ទៅមន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ធ្វើ​សវនការជាមួយ​ព្រះ​មហាក្សត្រដ៏​ចាស់​ជរា​ Bhumibol Adulyadej ​របស់​ថៃ។

ក្នុង​ជន្មាយុ​៨៥​ព្រះ​វស្សា ព្រះ​មហាក្សត្រ ​មានឥទ្ធិពល​ដ៏​ខ្លាំងក្នុង​ការ​បង្រួប​បង្រួម​ជាតិ​សម្រាប់ប្រជារាស្រ្ត​ថៃ​ដោយសារ​ការចលាចល​អស់​រយៈពេល​ជា​ច្រើន​ទស​វត្សរ៍ រួម​ទាំងរដ្ឋ​ប្រហារ​យោធា​ហើយ​នឹង​វិបត្តិ​នយោបាយ​ក្នុង​ឆ្នាំ​២០១០។

បន្ទាប់​ពី​ការចរចា​ទ្វេភាគី លោក​អូបាម៉ា និង​នាយករដ្ឋ​មន្រ្តី​ Yingluck Shinawatra បាន​ប្រើ​ប្រាស់​សន្និសីទ​កាសែតដើម្បី​បង្ហាញ​ឲ្យ​ឃើញនូវ​ទំនាក់​ទំនងខាង​ការទូត​ជិត​១៨០​ឆ្នាំ​ ហើយ​នឹង​បញ្ជាក់​ឡើង​វិញនូវ​ការ​ទាក់ទង​យ៉ាងជ្រាល​ជ្រៅ​ខាង​នយោ​បាយ​ ​សេដ្ឋកិច្ច​និង​សន្តិសុខ។

លោក​ប្រធានាធិបតី​អូបាម៉ា បាន​មាន​ប្រសាសន៍​ថា​ ដូច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ លទ្ធិ​ប្រជាធិបតេយ្យ​ជាកត្តា​ដែលចាំ​បាច់​ត្រូវ​បន្ត​ធ្វើ​ជាប់​ជាប្រចាំ។

«អ្វី​ដែល​អស់​លោក អ្នក កំពុង​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ គឺ​នាយក​រដ្ឋ​មន្រ្តី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​បាន​តាំង​ចិត្ត​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ នីតិ​រដ្ឋ សេរីភាព​នៃ​ការ​និយាយ​ស្តី​និង​សារព័ត៌មាន​និង​ការ​ជួប​ប្រជុំ។ ប៉ុន្តែ ​អ្វី​ដែល​ជាការពិត​គឺ​ក្នុង​ប្រទេស​ថៃ ក៏ដូចគ្នា​ពិតប្រាកដ​ក្នុងប្រទេសអាមេរិក គឺថា​ពលរដ្ឋ​ទាំងអស់​នៅតែ​ជាអ្នកឃ្លាំ​មើលហើយ​ជានិច្ច​កាល​មាន​ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»។

នាយករដ្ឋ​មន្រ្តី​ថៃ បាន​និយាយ​ថា​រដ្ឋាភិបាល​របស់​លោកស្រី​ បាន​តាំង​ចិត្ត​ដល់​ការ​បង្រួប​បង្រួម​ជាតិហើយ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ស្ថិរភាព​មួយ។

«ទិសដៅ​របស់​យើងគឺ​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រកប​ដោយ​ស្ថិរភាព​មួយ​ ពី​ព្រោះ​តែ​យើង ជឿ​ជាក់​ថាវា នឹង​ក្លាយ​ជា​មូលដ្ឋាន​នៃ​ការ​រីក​លូត​លាស់​សេដ្ឋកិច្ចក្នុង​ពេល​អនាគត។ ដូច្នេះ ទិសដៅត្រូវ​តែ​ដើរ​ព្រម​គ្នា​ជាមួយ​នឹង​ទស្សនៈផ្សះ​ផ្សារ​ជាតិ»។

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​នេះ​មិនមែន​ជាការ​ចៃដន្យទេ​ដែល​មានប្រទេស​មួយ​នៅអាស៊ី​គឺប្រទេស​ថៃ​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏ចាស់​បំផុត​រវាង​សហរដ្ឋ​អាមេរិក​ត្រូវបានយក​ជាការ​ឈប់​សំចត​នៅ​នាយ​សមុទ្រ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ម្តងទៀតនោះ​ទេ។ លោក បាន​មាន​ប្រសាសន៍​ថាតំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ នឹង​កំណត់​អាទិភាព​នៃ​សន្តិសុខ​និង​ភាព​រុងរឿងរបស់​សហរដ្ឋអាមេរិក​ហើយ​មាន​សារៈ​សំខាន់​បំផុតដើម្បី​ការងារនិង​ឱកាស​ខាង​ការងារសម្រាប់​ប្រជាពលរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី​ ចាកចេញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះទៅ​កាន់​ប្រទេស​ភូមា​ ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ទី​មួយទៅ​បំពេញ​ទស្សនកិច្ចប្រទេស​មួយ​ដែល​កំពុង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​លើ​ផ្លូវដ៏ឆ្ងាយ​មួយ​ហើយ​នឹងដ៏​លំបាក​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់ខាង​នយោបាយ​និងសេដ្ឋកិច្ច។

ដោយ​ឆ្លុះ​បញ្ចាំង​ពី​សារ​របស់​លោក​ដល់​ប្រទេស​ភូមា លោក​អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​លោក​ នឹង​ស្វាគមន៍​ការ​ជឿន​លឿន​របស់​ប្រជាពល​រដ្ឋ​ភូមា ប៉ុន្តែ បាន​សង្កត់ថា​មា​ន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ទៀត​ដើម្បី​ធ្វើ​កំណែ​ទម្រង់។

«អ្វី​ដែល ​គេ នឹង​ឮ​មកពី​ខ្ញុំគឺថា​យើង​ ស្វាគមន៍​ពួកគេ​ដល់​ការ​បើក​ចំហទ្វារដល់​ប្រ​ទេស​នោះដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​គោរពសេរីភាព​ខាង​នយោបាយ​ ហើយ ​ខ្ញុំ​ កំពុង​និយាយ​ថា ពួក​គេ បាន​តាំង​ចិត្ត​ឆ្ពោះ​ទៅកាន់​រដ្ឋាភិបាល​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ ​ប៉ុន្តែ អស់​លោក អ្នក ក៏​នឹងឮដែរ​ថាប្រទេស​នេះ នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៀត»។

លោក​ អូបាម៉ា មាន​ប្រសាសន៍​បន្ត​ទៀត​ថាសហរដ្ឋ​អាមេរិក ​កំពុង​កម្រិត​នយោ​បាយ​និង​ការ​ឆ្លើយតប​របស់​ខ្លួនហើយនឹង​ឆ្លើយ​តប​ប្រសិនបើខ្លួន​ មើលឃើញថា​ដំណើរ​ការ​នៃ​ការ​ធ្វើ​កំណែទម្រង់​ដើរ​ថយ​ក្រោយ។
នៅ​ប្រទេស​ភូមា លោក​អូបាម៉ា ​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី Thein Sein ​ដែល​កំពុង​គ្រប់​គ្រង​ដំណើរ​ការ​កែ​ទម្រង់​យ៉ាង​ប្រយ័ត្ន​ប្រយែង។

លោក​ប្រធានាធិបតី នឹង​ទៅគេហដ្ឋាន​របស់​មេដឹកនាំ​លទ្ធិ​ប្រជាធិប​តេយ្យនិង​ជា​សមា​ជិកសភា​គឺ​លោកស្រី Aung San Suu Kyi ដែល​បាន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ជាប់ក្នុង​ការ​ឃុំឃាំង​នៅក្នុងផ្ទះនៅ​ក្នុងដៃ​របស់​រដ្ឋាភិបាលពួក​យោធា។ មេដឹកនាំ​ទាំង​២ បាន​ជួប​គ្នា​នៅ​សេតវិមានកាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ។
ប្រែសម្រួល​ដោយ ជឹង ប៉ូជីន​
XS
SM
MD
LG