ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មុន​ពេល​ចូលរួម​ប្រជុំ​លោក​អូបាម៉ា​ជួប​នឹង​បញ្ហា​ប្រឈម​របស់​អាស៊ាន ​និង​មេដឹកនាំ​ថ្មី​របស់​ចិន


ប្រធានាធិបតី​ទើប​នឹង​ជាប់ឆ្នោត​ថ្មី​ បារ៉ាក់ អូបាម៉ា

ចំពោះ​នាយករដ្ឋមន្ដ្រីខ្មែរ​ ហ៊ុន សែន ​វា​មាន​ន័យ​ថា​លោក​មាន​ឱកាស​នឹងបង្ហាញ​តុល្យភាព​នៃ​នយោបាយ​ការបរទេស​ទាំង​ជា​មួយ ​សរអា​ និង​ប្រទេស​ចិន​ផងដែរ។​

រដ្ឋធានី​វ៉ាស៊ីនតោន៖ ប្រធានាធិបតី​ទើប​នឹង​ជាប់ឆ្នោត​ថ្មី​ បារ៉ាក់ អូបាម៉ា ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ក្រុមន្ដ្រី​អាស៊ី​ ថ្នាក់ខ្ពស់ ​នៅ​សប្ដាហ៍​ក្រោយ ​ដោយ​ប្រទេស​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ ​នៃ​សន្និសីទ​កំពូល​អាស៊ី ​ហើយ​មេដឹកនាំ​ថ្មី​របស់​ចិន​នឹង​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ។​
កិច្ចប្រជុំ​ដែលគេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​នឹង​បង្ហាញ​ភាព​ប្រឈម​មួយ​ដល់​ប្រធានាធិបតី​សរអា ដែល​រដ្ឋបាល​របស់​លោក​កាន់តែ​ពាក់ព័ន្ធ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​តំបន់​ជា​មួយ​បញ្ហា​ផ្សេងៗ។​នេះរាប់​បញ្ចូល​ឥទ្ធិពល​កាន់តែ​ច្រើន​របស់​ប្រទេស​ចិន​មក​លើ​ប្រទេស​កម្ពុជា​ដោយ​អ្នកខ្លះ​មើល​ឃើញ​ថា​ការបំពាន​មក​លើ​សិទិ្ធ​មនុស្ស​និង​សេរីភាព​កាន់តែ​កើន​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
ចំពោះ​នាយករដ្ឋមន្ដ្រីខ្មែរ​ ហ៊ុន សែន ​វា​មាន​ន័យ​ថា​លោក​មាន​ឱកាស​នឹងបង្ហាញ​តុល្យភាព​នៃ​នយោបាយ​ការបរទេស​ទាំង​ជា​មួយ ​សរអា​ និង​ប្រទេស​ចិន​ផងដែរ។​
លោក​ Ernie Bower ​ប្រធាន​កម្មវិធី​អាស៊ី ​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ដ ​និង​ការ​សិក្សា​អន្ដរជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្លែង​ប្រាប់​ វីអូអេ​ ភាសាខ្មែរ​ថា៖
«យើង​នឹង​ឃើញ​ថា​តើ​គាត់​ចេញ​ក្បាច់យ៉ាង​ណា។​ តែ​ខ្ញុំ​យល់ថា​វា​ជា​ការល្អ​ចំពោះ​ប្រទេស​កម្ពុជា​ឲ្យ​មាន​តុល្យភាព​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន។​ តុល្យភាព​នេះ​មិនមាន​ន័យថា​ លោត​រំលង ​សរអា​ឬ​ប្រទេស​ចិន​ទេ​តែ​វា​មាន​ន័យ​ថា​សហការ​ជា​មួយ​គេ​គ្រប់គ្នា​និង​ការទទួល​ស្គាល់​អាស៊ាន​ថា​ មាន​សារៈសំខាន់»។
ប្រទេស​កម្ពុជា​បាន​ទទួល​ការរិះគន់​ធ្ងន់ធ្ងរ ថា​បាន​ធ្វើ​ឲ្យ​បរាជ័យ​ដល់​កិច្ចប្រជុំ​អាស៊ាន​កាល​ពី​ខែ​កក្កដា​ អំពី​រឿង​នៅ​លើ​សមុទ្រ​ចិន​ភាគខាងត្បូង​ដែល​ប្រទេស​អាស៊ាន​មួយ​ចំនួន​នឹង​ប្រទេស​ចិន​ផង​ដែរ​បាន​ដណ្ដើម​ទាមទារ​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​រៀងៗ​ខ្លួន​នៃ​ ជួរកោះ​ទាំងនោះ ។​ សរអា ​បាន​និយាយ​ថា​ខ្លួន​ចង់​ឃើញ​មាន​សន្ដិភាព​ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ ​ដោយសារ​តែ​សមុទ្រ​ចិន​ភាគខាងត្បូង​ជា​ផ្លូវទឹក​សំខាន់ ​សម្រាប់​ចរាចរណ៍​កប៉ាល​អន្ដរជាតិ​ដែល​ដឹកទំនិញ​តាមផ្លូវ​ទឹក​កាត់​តាម​ទីនោះ។
លោក​ Bower ថ្លែងទៀត​ថា​៖
«យើង​មិន​ទាមទារ​យកដែនដី​ ឬ ​ដែន​សមុទ្រ​នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​ទេ​ តែ​យើង​ចង់​ឃើញ​បញ្ហា​នោះ​ ដោះស្រាយ​ដោយ​សន្ដិវិធី។​ពលរដ្ឋ​អាមេរិកាំង​ចង់ឃើញ​ការដោះស្រាយ​ឲ្យ​ស្របតាម​នីតិរដ្ឋ​តាម​មាគ៌ា​មួយ​ដែល​គ្មាន​ប្រទេសណា​មួយ​ប្រើប្រាស់​កម្លាំង​សេដ្ឋកិច្ច​ ឬ ​នយោបាយ​ដើម្បី​ រុញច្រាន​គេ​ឬ ​ប្រើ​កម្លាំង និង​បង្ខំ​ប្រទេស​តូចតាច​អំពី​រឿង​បូរណភាព​ទឹកដី​នោះទេ»។​
លោក​ ធីទីណាន់ ពង្សុតធីរាក់​ នាយក​នៃ​វិទ្យាស្ថាន​ ខាង​ សន្ដិសុខ​និង​ ការសិក្សា​កិច្ចការ​អន្ដរជាតិ​នៃ​សកលវិទ្យាល័យ ​ជូឡាឡុងកន​ ក្នុង​ក្រុង​បាងកក​ និយាយ​ប្រាប់​វីអូអេ ​នៅទីនេះ​ថា​ លោក​អូបាម៉ា​ ចាត់ទុក ​តំបន់​អាស៊ី​អាគ្នេយ៍​ ថា​មាន​សារៈសំខាន់។ វត្ដមាន​របស់​ប្រធានាធិបតី ​សរអា​នៅ​ឯ​សន្និសីទ​កំពូល​អាស៊ីខាងកើត​ នៅ​សប្ដាហ៍​ក្រោយ​នឹង​ជួយ​ឲ្យសរអា ​រុញច្រាន​ដើម្បី​ឱ្យ​មាន​សន្ដិភាព​នៅ​លើសមុទ្រ​ចិន​ខាងកើត ​ហើយ​វា​ក៏​ជួយ​សរអា​ឲ្យ​ទទួល​បាន​ឡើងវិញ ​នូវ​ តុល្យភាព​ក្នុង​តំបន់​ ដែល​នៅ​ទីនោះ​ ចិនបាន​ជះឥទ្ធិពល​កាន់តែច្រើន។
លោក ​ពង្សុតធីរាក់​ មាន​ប្រសាសន៍​ថា៖ ​
«រដ្ឋបាល ​អូបាម៉ា​ បាន​ចាត់​ទុក​អាស៊ី​អាគ្នេយ៍ ​ជា​តំបន់​មិនមែន​ជាទី​កន្លែង​ ឆ្លង​កាត់​ទៅវិញ​ទៅមក​ ដូច​នយោបាយ​ការបរទេស​ជា​ប្រពៃណី​របស់​សរអា​ជំនាន់​មុនទេ។​ហើយ​លោក​បានស្ថាបនា​យក​ធ្វើ ​ជា​គ្រឹះ​ពី​លើ។ ​ក្នុងពេល​ជា​មួយគ្នា​ដែរ​តំបន់​នោះ​ច្នៃ​ប្រឌិត​ឡើង​ដើម្បី​ ធ្វើ​ឲ្យ​មាន​តុល្យភាព​ជា​មួយ​ប្រទេស​ចិន»។
លោក អូបាម៉ា ​ដែល​គេ​រំពឹងថា​ នឹង​ទៅដល់​ ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃច័ន្ទ​ ទី​១៩ ​ខែវិច្ឆិកា ​នឹង​ពើប​ប្រទះ​នឹង​ការប្រឈម​មួយ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​ជំនួយ​ច្រើន​សន្ធឹក​និង​វិនិយោគ​ពី​ប្រទេស​ចិន។​
ក្រុម​អ្នកតាក់តែង​ច្បាប់​ សរអា ​មួយ​ចំនួន​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ John McCain​ ពី​គណបក្ស​សាធារណរដ្ឋ ​បានអំពាវនាវ​ដល់​លោកអូបាម៉ា​សុំ​ឲ្យ​ដាក់សម្ពាធ​មកលើ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​អំពី​បទ​រំលោភ​លើ​សិទ្ធិ​មនុស្ស​និង​ការវាយ​បង្រ្កាប​យកដីធ្លី​ប្រជាពលរដ្ឋ។ ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក សមរង្សី​ ថ្លែង​ស្រដៀង​គ្នា​ហើយ​លោកចង់​ ឲ្យ​ សរអា ​ធ្វើការ​គាបសង្កត់​ ជួយ​លោក​ឲ្យ​វិល​ត្រឡប់​ទៅ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នំា​ក្រោយ។ សកម្មជន​ដីធ្លី​និយាយ​ថា​ គេគ្រោង​នឹង​ធ្វើការ​តវ៉ា​ដ៏​ធំ​មួយ​អំពី​រឿង​នេះ​ចំពេល​ដែល​លោក អូបាមា ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
លោក ​ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ​នាយក​រង​នៃ​អង្គការ​ Human Rights Watch ​ផ្នែក​អាស៊ី ​
ថ្លែង​ប្រាប់​ វីអូអេ​នៅ​ក្នុង​ក្រុងបាងកក​ថា​ លោក ហ៊ុន សែន​ និង​ មន្ដ្រីថ្នាក់​ខ្ពស់​ខ្មែរ​បាន​ប្រើប្រាស់​អំណាច​នយោបាយ​របស់​ខ្លួន​ធ្វើការ​ រំលោភ​លើ​សិទ្ធិមនុស្ស មកលើ​ប្រជា​ពលរដ្ឋ​របស់ខ្លួន។​ លោកថ្លែង​ថា៖
«មានបទ​រំលោភដ៏​ធ្ងន់ធ្ងរ​ មក​លើ​សិទ្ធិ​មនុស្ស ​ចាប់តាំង​ពី​លើ​ដល់​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ប្រធានាធិបតី ​អូបាម៉ា​ ត្រូវការ​បញ្ជាក់​ច្បាស់​ថា​របៀប​នេះ​ មិនមែន​ អភិបាលកិច្ច​ល្អ​ត្រឹមត្រូវទេ​ដែល​សរអា ​ចង់ឃើញ​នោះ។ បើ​កម្ពុជា​ចង់​មានទំនាក់​ទំនង​ជិតស្និទ្ធ​ជា​មួយ ​សរអ​ គេ​ត្រូវ​តែ​ផ្លាស់ប្ដូរ​ ស្ថានការណ៍​សិទ្ធិ​មនុស្ស ​ដែលអាក្រក់​នោះ​ ឲ្យ​បានប្រសើរ​ឡើង»។
​ប្រែសម្រួល​ដោយ​លោក អ៊ូ ធួក​
XS
SM
MD
LG