ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ី​ប្រឈម​មុខ​នឹង​បញ្ហា​ខណៈ​ដែល​ប្រជាជន​កើន​អាយុ​យ៉ាង​ឆាប់​រហ័ស


ស្រ្តី​ម្នាក់​លក់​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ផ្សារ​អណ្តែត​លើ​ទឹក Amphawa នៅ​ខេត្ត Samut Songkhram ប្រទេស​ថៃ។
ស្រ្តី​ម្នាក់​លក់​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ផ្សារ​អណ្តែត​លើ​ទឹក Amphawa នៅ​ខេត្ត Samut Songkhram ប្រទេស​ថៃ។

អ្នក​ជំនាញ​ប្រជាសាស្រ្ត​និយាយថា​ អាស៊ី​កំពុង​មាន​ការ​ប្រែប្រួល​ប្រជាសាស្រ្ត​ដ៏​ធំ​បំផុត​ក្នុង​ពេល​ថ្មីៗ​នេះ​ ដែល​ចំនួន​ប្រជាជន​អាយុ​លើសពី​៦៥ឆ្នាំ​នឹង​កើនឡើង​ពី​៣០០លាន​ដល់​ប្រមាណ​១ប៊ីលាន (១ពាន់លាន) ​នៅ​ឆ្នាំ​២០៥០។

អ្នក​ជំនាញ​ប្រជាសាស្រ្ត​និយាយថា​ អាស៊ី​កំពុង​មាន​ការ​ប្រែប្រួល​ប្រជាសាស្រ្ត​ដ៏​ធំ​បំផុត​ក្នុង​ពេល​ថ្មីៗ​នេះ​ ដែល​ចំនួន​ប្រជាជន​អាយុ​លើសពី​៦៥ឆ្នាំ​នឹង​កើនឡើង​ពី​៣០០លាន​ដល់​ប្រមាណ​១ប៊ីលាន (១ពាន់លាន) ​នៅ​ឆ្នាំ​២០៥០។ រដ្ឋាភិបាល​នៃ​តំបន់​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​មួយ​ចំនួន​ ដែល​មាន​ដូចជា​ការ​ថែទាំ​ផ្នែក​សុខាភិបាល​ អាយុ​ចូល​និវត្តន៍​ និង​ប្រាក់​ចូលនិវត្តន៍​ ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​ប្រជសាស្រ្ត​ដ៏​ឆាប់​រហ័ស​មួយ​នេះ។

នៅ​ក្នុង​បន្ទប់​ទទួល​អ្នក​ជំងឺ​នៃ​មន្ទីរពេទ្យ​សាធារណៈ​មួយ​ក្នុង​ក្រុង​បាងកក​ អ្នក​ជំងឺ​វ័យ​ជរា​សម្រាន្ត​លើ​គ្រែ​មន្ទីរពេទ្យ​រង់ចាំ​ការ​ចុះឈ្មោះ​ និង​ទទួល​ការ​ពិនិត្យ​ព្យបាល។ នេះ​ជា​ទិដ្ឋភាព​ប្រចាំ​ថ្ងៃ​របស់មន្ទីរពេទ្យ​ និង​ជា​ទិដ្ឋភាពកំណត់​សម្គាល់​បញ្ហា​ប្រឈម​ផ្នែក​សុខាភិបាល​ និង​សង្គម​ដែល​ប្រទេស​ថៃ​នឹងប្រឈម​ជាមួយ​នឹង​ចំនួន​ប្រជាជន​វ័យ​ចំណាស់។

នៅ​ប្រទេស​ថៃ​ ចំនួន​ប្រជាជន​ដែល​មាន​អាយុ​៦៥ឆ្នាំ​ឡើង​ទៅ​គឺ​លើសពី​១០ភាគរយ​នៃ​ចំនូន​ប្រជាជន​សរុប​ចំនួន​៦៧លាននាក់​។ ធនាគារពិភពលោក​ ប៉ាន់ស្មាន​ទុក​ជា​មុន​ថា​នៅ​ឆ្នាំ​២០៤០​ អ្នក​ដែល​មាន​អាយុ​លើសពី​៦៥​ឆ្នាំ​នឹង​កើនឡើង​ដល់​១៧លាន​នាក់​ ដែល​នេះ​ជា​ចំនួន​លើស​ពី​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប។

លោក​ Porametee Vimolsiri​ អគ្គលេខាធិកា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ និង​សេដ្ឋកិច្ច​ជាតិ​ ​(NESDB) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​របស់​រដ្ឋ និយាយថា​ ប្រជាជន​ដែល​មាន​អាយុ​កាន់តែ​ជរា​ជា​ឧបសគ្គ​គោលនយោបាយ​មួយ​ដែល​ត្រូវ​តែដោះស្រាយ។

«ប្រសិនបើ​ប្រៀបធៀប​នឹង​ប្រទេសលោក​ខាងលិច​ ប្រជាជន​វ័យ​ចំណាស់​របស់យើង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ទោះ​បី​ជា​វា​មាន​ចំនុច​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​ប្រឈម​មុខ​នឹង​ស្ថានភាព​នេះ​ពី​មុន​ក្តី យើង​ឃើញ​ការ​ប្រែប្រួល​យ៉ាង​ច្រើន​នៅ​ប្រទេស​ថៃ​ ហើយ​ក្នុង​ពេលដែល​យើង​មិនមែន​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ យើង​មិន​មែន​ជា​ប្រទេស​អ្នក​មាន​ ដូច​នេះ​វាជា​បញ្ហា​ដ៏​ធំ​មួយ»។

ប្រទេស​ចិន​ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រជាជន​វ័យ​ចំណាស់​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ដែរ​ ខណៈ​ពេលដែល​ប្រទេស​ជប៉ុន​បាន​រាយការណ៍​ថា​ប្រមាណ​៣០ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ខ្លួន​មាន​អាយុ​លើស​ពី​៦០ឆ្នាំ។ ហុងកុង​ កោះ​តៃវ៉ាន់​ កូរ៉េ​ខាងត្បូង​ និង​សិង្ហបុរី​ក៏​ប្រឈម​មុខ​នឹង​និន្នាការ​ស្រដៀងគ្នា​នេះ​ដែរ។

អតីត​អ្នក​សេដ្ឋកិច្ច​នៃ​ធនាគា​ពិភពលោក​ លោកស្រី​ Kirida Bhaopichitr​ ដែល​ឥឡូវ​ជា​ប្រធាន​ស្រាវជ្រាវ​នៃ​អង្គការ​ស្រាវជ្រាវ​ឯកជន​មួយ ដែល​ហៅ​ថា ​វិទ្យាសា្ថនស្រាវជ្រាវ​ការ​អភិវឌ្ឍ​ប្រទេស​ថៃ (TDRI) និយាយ​ថា​ ផល​ប៉ះពាល់​មួយ គឺ​ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​នូវ​កម្លាំង​ពលកម្ម​សម្រាប់​ប្រទេស​ជាច្រើន។

«ដូច្នេះ ​ប្រទេស​ជាច្រើន​ក្នុងអាស៊ី​បូព៌ា ដែល​មាន​មនុស្ស​ចាស់​ច្រើន​ កម្លាំង​ពលកម្ម​នឹង​ធ្លាក់​ចុះ។ នៅ​ប្រទេស​ថៃ​ យើង​ព្យាករណ៍​ថា ​កម្លាំង​ពលកម្ម​នឹង​ធ្លាក់​ចុះ​លើសពី​១០​ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ២០១០​ និង​២០៤០។ រីឯ នៅ​ប្រទេស​កូរ៉េ​នឹង​មាន​ការ​ធ្លាក់​ចុះ​លើស​ពី​១៥ភាគរយ។ ដូចនេះ​ក្រុម​ប្រជាជន​ដែល​មាន​អាយុ​ពី​១៥​ទៅ​ ៦៤​ឆ្នាំ​នឹង​ថយ​ចុះ»។

លោក​ Eduardo Klien​ ប្រធាន​អង្គការ​អន្តរជាតិ ​HelpAge​ ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​អាស៊ី​ប៉ាស៊ីហ្វិក​និយាយ​ថា​ ការ​ប្រែប្រួល​នៃ​ប្រជាសាស្រ្ត​នឹង​មាន​ផលប៉ះពាល់​ដ៏​ខ្លាំង​ដល់​សង្គម​នៃ​តំបន់​នេះ។

«ការ​ប្រែប្រួល​នៃ​ប្រជាសាស្រ្ត​នេះ​កំពុង​ផ្លាស់ប្តូរ​រូបរាង​សង្គម​របស់​យើង។ ហើយ​នេះ​ប្រហែល​ជា​ការ​ផ្លាស់ប្តូរ​ប្រជាសាស្រ្តដែល​ឆាប់រហ័ស​បំផុតដែល​បាន​កើត​មានក្នុង​ប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន​នេះ​វាជា​ឧបសគ្គ​ធំមួយ​សម្រាប់​អ្នក​រៀប​គម្រោងសង្គម​ និង​សេដ្ឋកិច្ច​ ក្នុង​វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​គ្រួសារ​ ឥរិយាបថ​បុគ្គល​ និង​ក្នុង​ប្រព័ន្ធ​អប់រំ»។

លោក​ Klien​ និយាយ​ថា​ ការ​សា្រវជ្រាវ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ប្រទេស​វៀតណាម បាន​រក​ឃើញ​ថា​ នៅឆ្នាំ​២០៣០​ ជំនួយ​ប្រាក់​សោធន​និវត្តន៍​របស់​ប្រទេស​វៀតណាម​នឹង​ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង។

នៅ​ប្រទេសចិន​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ គឺ​ផ្តល់​ការ​ថែទាំ​ដល់​ប្រជាជន​វ័យ​ចំណាស់​ចំនួន​៩០​ភាគរយ​នៅ​ផ្ទះ​ ៧​ភាគរយ​នៅ​ក្នុង​សហគមន៍​ និង​៣​ភាគរយ​ដល់​គ្រួសារ​ដែលចូល​និវត្តន៍។​

លោកស្រី​ Kirida​ និយាយ​ថា​ ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​ដែល​នឹង​ត្រូវ​ប្រតិបត្តិ​មាន​ដូចជា​ការ​បង្កើន​អាត្រា​កំណើត​ បង្កើន​ការ​ចូលរួម​កម្លាំង​ពលកម្ម​ពី​ស្រ្តី​ ពន្យារ​អាយុ​ធ្វើ​ការ​របស់​បុគ្គលិក​វ័យ​ចំណាស់​ និង​អនុញ្ញាត​អន្តោប្រវេសន៍​ចូល​ប្រទេស​ ថែមទាំង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ​ដើម្បី​ជម្នះ​ឧបសគ្គ​ក្នុង​ពេល​អនាគត។

អ្នកវិភាគ​និយាយថា​ ប្រទេស​ហ្វីលីពីន​ ឥណ្ឌា​ កម្ពុជា​ និង​ឡាវ​មាន​ទម្រង់​ប្រជាជន​វ័យ​ក្មេង​នៅឡើយ​ ហើយ​ទើបតែ​ចាប់ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ​ប្រជាសាស្រ្ត​ប៉ុណ្ណោះ៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG