វ៉ាស៊ីនតោន៖ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនប្រជាពលរដ្ឋកាលពីសតវត្សរ៍កន្លងទៅ បានថយចុះវិញហើយ ប៉ុន្តែស្ថានភាពសុខភាពដ៏ប្រសើរជាងមុន និងអត្រាកំណើតដ៏ខ្ពស់ ដែលមិនចេះប្រែប្រួល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បន្តធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោកកើនឡើងប្រហែលជា៨០លាននាក់ ជារៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ បើយោងទៅតាមបញ្ជីទិន្នន័យប្រជាពលរដ្ឋនៅក្នុងពិភពលោកក្នុងឆ្នាំ២០១០ (2010 World Population Data Sheet) ដែលចេញផ្សាយក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ គឺថាប្រទេសអ្នកមាន ប្រឈមមុខទៅនឹងកម្លាំងអ្នកធ្វើការងារថយចុះ ដែលមិនអាចគាំទ្រដល់ក្រុមមនុស្សចាស់ៗ ដែលចេះតែឡើងចំនួន។ នៅក្នុងប្រទេសក្រីក្រជាច្រើន ប្រជាពលរដ្ឋមានវ័យក្មេងជាង នឹងកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យភាពក្រីក្រកាន់តែមានសភាពធ្ងន់ធ្ងរឡើង និងគម្រាមកំហែងដល់បរិស្ថានទៀតផង។
នៅក្នុងឆ្នាំ២០១០ ចំនួនប្រជាពលរដ្ឋក្នុងសកលលោក បានកើនឡើងដល់ ៦.៩ ពាន់លាននាក់ ដោយកំណើនស្ទើរតែទាំងអស់ កើតឡើងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងពិភពលោក។
«ផ្នែកនេះរបស់ពិភពលោក កំពុងប្រឈមមុខនឹងបញ្ហានៃកំណើតទារកដ៏ខ្ពស់ ហើយនិងអ្វីៗទៀតដែលកើតចេញពីបញ្ហានេះ យ៉ាងយូរទៅថ្ងៃមុខទៀត សំរាប់មនុស្សជាច្រើនជំនាន់»។
នេះគឺជាពាក្យសំដីរបស់លោក ប៊ីល ប៊ុត (Bill Butz) ប្រធានការិយាល័យប្រមូលព័ត៌មានស្តីពីប្រជាពលរដ្ឋ (Population Reference Bureau) ដែលជាក្រុមស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលបង្កើតបញ្ជីទិន្នន័យប្រចាំឆ្នាំ។
បើយោងទៅតាមរបាយការណ៍ក្នុងឆ្នាំនេះ ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ក្រីក្របំផុតរបស់ពិភពលោក មានប្រជាពលរដ្ឋចំនួន២០លាននាក់ ក្នុងចំណោម ៨០លាននាក់ ដែលត្រូវបានបូកបញ្ចូលទៅក្នុងចំនួនប្រជាពលរដ្ឋក្នុងសកលលោកជារៀងរាល់ឆ្នាំ។ លោក ខាល ហូប (Carl Haub) អ្នកសិក្សាពីប្រជាពលរដ្ឋជាន់ខ្ពស់នៃការិយាល័យប្រមូលព័ត៌មានស្តីពីប្រជាពលរដ្ឋ និងអ្នកនិពន្ធនាំមុខគេខាងបញ្ជីទិន្នន័យមានប្រសាសន៍ថា នៅឆ្នាំ២០៥០ កំណើនប្រជាពលរដ្ឋនៅក្នុងទ្វីបអាហ្រ្វិកតែមួយ នឹងធ្វើឲ្យចំនួនប្រជាពលរដ្ឋរបស់ពិភពលោកឡើងរហូតដល់១ពាន់លាននាក់។
«នោះជាការសន្មត់ថា អត្រាកំណើតសព្វថ្ងៃនេះ កំពុងធ្លាក់ចុះនៅក្នុងទ្វីបអាហ្វ្រិក ហើយថាអត្រានេះនឹងបន្តធ្លាក់ចុះទៀត។ ហើយឥឡូវនេះ ក្នុងករណីជាច្រើន វាមានភស្តុតាងកាន់តែច្រើនឡើងៗ ដែលបញ្ជាក់ថា អត្រាទារកពិតជាមិនបានធ្លាក់ចុះទេ នៅក្នុងទ្វីបអាហ្រ្វីក»។
ក្រុមអ្នកសិក្សាពីប្រជាពលរដ្ឋ បានព្យាករណ៍ថា នៅទីបញ្ចប់ អត្រាកំណើត នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នឹងធ្លាក់ចុះ តាមនិន្នាការនៅក្នុងប្រទេសមានឧស្សាហកម្មជឿនលឿនដែរ។ ប៉ុន្តែ ដូចដែលបញ្ជីទិន្នន័យឆ្នាំ២០១០ ចងក្រងទុកជាឯកសារគឺថា ទី្វបអាស៊ី ត្រូវបានរំពឹងថា នឹងមានការកើនប្រជាពលរដ្ឋភាគច្រើនបំផុត ដែលមានចំនួនប្រហែល ១.៣ពាន់លាននាក់ នៅត្រឹមឆ្នាំ២០៥០។ ប្រការនោះ ទំនងជាដាក់បន្ទុកច្រើនជាងមុនទៅលើរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកសុខាភិបាល អប់រំ និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋវ័យក្មេងជាច្រើន។ នៅក្នុងពិភពរបស់ប្រទេសអភិឌ្ឍន៍វិញ ចំនួនប្រជាពលរដ្ឋបានបង្ហាញអំពីរឿងខុសប្លែកពីនេះយ៉ាងខ្លាំង។ អត្រាកំណើតទាបជាបន្តបន្ទាប់ បានបណ្តាលឱ្យចំនួនមនុស្សពេញវ័យធ្វើការងារ ចុះថយកាន់តែតិចទៅៗ សំរាប់ជួយគាំទ្រដល់ក្រុមមនុស្សចាស់ៗ នៅក្នុងប្រទេសអ្នកមាន។
លោក ខាល ហូប ផ្តល់ឧទាហរណ៍ដ៏ជាក់ស្តែងមួយ ដោយធ្វើការប្រៀបធៀបរវាងប្រទេស អេជូពី (Ethiopia) និងអាឡឺម៉ង់ (Germany)។ ប្រទេសទាំងពីរ មានចំនួនពលរដ្ឋស្ទើរតែប្រហែលគ្នា ប៉ុន្តែភាពប្រហាក់ប្រហែលគ្នានេះចប់នៅត្រង់កន្លែងនោះ។ ប្រទេសអេជូពី ត្រូវបានរំពឹងថានឹងមានចំនួនប្រជាពលរដ្ឋកើនឡើងទ្វេរដង ពី ៨៥លាននាក់ ទៅ១៧៤លាននាក់ នៅត្រឹមឆ្នាំ២០៥០។ ចំនួនប្រជាពលរដ្ឋនៅក្នុងប្រទេសអាឡឺម៉ង់ នឹងទំនងជាធ្លាក់ចុះ ពី៨២លាននាក់ មក៧២លាននាក់ ក្នុងរយៈពេលដូចគ្នានេះដែរ។
«មានកំណើតទារកប្រចាំឆ្នាំចំនួន ៣.៣លាននាក់ នៅក្នុងប្រទេសអេជូពី និងចំនួន ៦៥ម៉ឺន នៅក្នុងប្រទេសអាឡឺម៉ង់។ ចូរពិនិត្យមើលអត្រាស្លាប់របស់ទារក គឺមានចំនួន៧៧នាក់ ក្នុងចំណោម ១ពាន់នាក់ នៅក្នុងប្រទេសអេជូពី និង៣.៥នាក់ នៅក្នុងប្រទេសអាឡឺម៉ង់»។
លោក ហូប មានប្រសាសន៍ថា ដោយមានអត្រាកំណើតកាន់តែទាបជាងមុន ប្រទេសអាឡឺម៉ង់ ប្រឈមមុខនឹងបញ្ហាកាន់តែច្រើនឡើង ដែលបណ្តាលមកពីកម្លាំងធ្វើការងាររបស់យុវវ័យមានចំនួនតិចជាងមុន។
«ហើយលោកអ្នកអាចមើលឃើញជាស្រេចហើយថា ប្រទេសអាឡឺម៉ង់ មានតែមនុស្សបីនាក់គត់ក្នុងវ័យធ្វើការងារ សំរាប់មនុស្សម្នាក់ដែលមានអាយុចូលនិវត្តន៍។ ដូច្នេះ ពួកគេមានវិបត្តិជាបន្ទាន់មួយដែលនឹងរីកធំឡើង នៅក្នុងប្រព័ន្ធប្រាក់សោធនចូលនិវត្តន៍របស់ពួកគេ និងប្រព័ន្ធថែរក្សាសុខភាព ហើយពួកគេពិតជាដឹងអំពីរឿងនេះ»។
បើយោងទៅតាមរបាយការណ៍នេះ ទ្វីបអឺរ៉ុប ជាតំបន់ដំបូងបង្អស់របស់ពិភពលោក ដែលមើលឃើញការធ្លាក់ចុះកំណើតទារក ក្នុងរយៈពេលវែងនេះ។ បច្ចុប្បន្ននេះ មានមនុស្សគ្រប់វ័យធ្វើការងារប្រហែល៤នាក់ សំរាប់មនុស្សម្នាក់ដែលមានវ័យលើសពី៦៥ឆ្នាំ។ ចំនួននោះ ត្រូវបានរំពឹងថានឹងធ្លាក់ចុះទៅ ២នាក់សម្រាប់១នាក់ នៅត្រឹមឆ្នាំ២០៥០។ លោក ជេមស៍ ហ្គ្រីប៊ល (James Gribble) ជាអនុប្រធានកម្មវិធីអន្តរជាតិសំរាប់ការិយាល័យប្រមូលព័ត៌មានស្តីពីប្រជាពលរដ្ឋ (International Programs for the Population Reference Bureau) មានប្រសាសន៍ថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងប្រឈមមុខនិងបញ្ហាស្រដៀងគ្នានេះដែរ។
«ដែលមានផលប៉ះពាល់ទៅលើការចូលនិវត្តន៍ និងការថែរក្សាសុខភាពសំរាប់មនុស្សចាស់ៗ និងសេចក្តីត្រូវការឲ្យមានចំនួនមនុស្សក្មេងគ្រប់គ្រាន់ល្មម ដែលក្លាយទៅជាកម្លាំងធ្វើការងារ នៅពេលដែលពួកគេពេញវ័យ»។
ដោយផ្អែកទៅលើនិន្នាការអន្តោប្រវេសន៍ លោកស្រី លីនដា ចាកូបសិន (Linda Jacobsen) អនុប្រធានកម្មវិធីក្នុងស្រុកសំរាប់ការិយាល័យប្រមូលព័ត៌មានស្តីពីប្រជាពលរដ្ឋ (Domestic Programs for the Population Reference Bureau) បាននិយាយថា នៅក្នុងសហរដ្ឋអាមេរិក ចំនួនមនុស្សដែលមានវ័យ៦៥ឆ្នាំនិងចាស់ជាងនេះ ត្រូវបានរំពឹងថានឹងកើនឡើងលើសពី ពីរដង គឺពី៤០លាននាក់នាពេលសព្វថ្ងៃនេះ ទៅដល់៨៩លាននាក់ នៅត្រឹមឆ្នាំ២០៥០។ ហើយ ចំនួនប្រជាពលរដ្ឋសរុបនៅក្នុងសហរដ្ឋអាមេរិក អាចកើនពី ៣១០លាននាក់ពេលបច្ចុប្បន្ន ទៅជាង ៤២០លាននាក់។
«ជនអន្តោប្រវេសន៍អាចជួយប៉ះប៉ូវដល់ការធ្លាក់ចុះចំពោះសមាមាត្រគាំពារមនុស្សចាស់នេះ ឬពួកគេអាចជួយបង្កើនចំនួនមនុស្សពេញវ័យធ្វើការងារ និងធ្វើឲ្យប្រសើរឡើងដល់សក្តានុពល នៃការក្ស័យទុននៃមូលនិធិប្រាក់ចូលនិវត្តន៍ហៅ Social Security ដែលនេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាតើ ខ្ញុំនឹងស្នើថា នេះជាដំណោះស្រាយ(មួយ)ទេ។ វាមិនមែនជាដំណោះស្រាយទេ ប៉ុន្តែវាពិតជាបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យប្រជាពលរដ្ឋអាមេរិក មិនមានសភាពដូចគ្នានឹងអ្នកដែលរស់នៅក្នុងប្រទេសជប៉ុន និងប្រទេសអឺរ៉ុបខាងលិចមួយចំនួននោះ»។
បញ្ជីទិន្នន័យប្រជាពលរដ្ឋនៅក្នុងពិភពលោកក្នុងឆ្នាំ២០១០ បង្ហាញព័ត៌មានលម្អិត នៅក្នុងប្រទេសចំនួនជាង២០០។ បញ្ជីនេះបានផ្អែកទៅលើប្រភពក្នុងប្រទេស ការស្ទាបស្ទង់មតិ និងការសិក្សាផ្នែកប្រជាពលរដ្ឋ ពីសំណាក់ទីភ្នាក់ងាររដ្ឋ និងអន្តរជាតិ។ លោក ប៊ីល ប៊ុត ប្រធានការិយាល័យប្រមូលព័ត៌មានស្តីពីប្រជាពលរដ្ឋសង្ឃឹមថា ការរកឃើញនេះ នឹងផ្តល់ជូនសាធារណជន និងអ្នកធ្វើគោលនយោបាយទាំងឡាយ នូវរូបភាពច្បាស់ជាងមុន ស្តីពីបញ្ហាប្រឈម ដែលកំណើនប្រជាពលរដ្ឋបន្តប៉ះពាល់ដល់វិស័យសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថាន ជាសកល៕
ប្រែសម្រួលដោយ លី សុខឃាង