ប្រទេសឥណ្ឌាបានចាប់ផ្តើមកិច្ចការដ៏ធំមួយដើម្បីរាប់ចំនួនប្រជាពលរដ្ឋជាង១.០០០លាននាក់របស់ខ្លួន។ ជំរឿនប្រជាពលរដ្ឋនៅពេលថ្មីៗបំផុតនេះ ត្រូវធ្វើឡើងនៅក្នុងប្រទេសជាតិដែលមានប្រជាជនច្រើនជាងគេទី២របស់ពិភពលោក។
បុគ្គលិកជំរឿនប្រជាពលរដ្ឋជាង២.៥០០.០០០នាក់ បានចុះធ្វើសកម្មភាពនៅពាសពេញប្រទេសជាតិដ៏ធំល្វឹងល្វើយកាលពីថ្ងៃពុធដើម្បីកត់ត្រាសេចក្តីលំអិតរបស់ប្រជាពលរដ្ឋឥណ្ឌាទាំងអស់។
ក្នុងដំណើរការជំរឿននេះ ដំណាក់កាល៣សប្តាហ៍ជាដំណាក់កាលលំបាកជាងគេ ព្រោះគេត្រូវចុះទៅរាប់ចំនួនប្រជាពលរដ្ឋម្នាក់ៗក្នុងប្រទេសតែម្តង។សកម្មភាពដ៏ធំមួយនេះ នឹងត្រូវបញ្ចប់នៅចុងខែនេះ។
ដើម្បីឲ្យប្រាកដថាបុគ្គលិកជំរឿនបានទៅគ្រប់ច្រកល្ហកទាំងអស់ ពួកគេនឹងត្រូវបំពាក់ទៅដោយផែនទីដែលគេបានមកពីផ្កាយរណបមានចំនួនភូមិជាង៦សែននៅក្នុងប្រទេស។
លោកស្រីប្រធានាធិបតី Pratibha Patil ជាមនុស្សទីមួយដែលពួកមន្រ្តីស្រង់ចំនួនប្រជាពលរដ្ឋបានទៅជួប។ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយការងារដ៏ធំដែលពួកគេកំពុងធ្វើនេះ។
«សូមចូលរួមក្នុងជំរឿនប្រជាពលរដ្ឋដែលត្រូវធ្វើនៅក្នុងប្រទេសរបស់យើង ហើយដែលជាកិច្ចការដ៏ធំធេង។ សូមចាត់ទុកការងារនេះជាកាតព្វកិច្ចជាតិរបស់អ្នក ពីព្រោះវាជាផលប្រយោជន៍របស់យើងនិងផលប្រយោជន៍របស់ជាតិយើង»។
ការជំរឿនប្រជាពលរដ្ឋនៅឆ្នាំនេះដែលរួមមានសេចក្តីលម្អិតនៃប្រាក់ចំណូល សាសនា និងការសិក្សាអប់រំ ជាជំរឿនប្រជាពលរដ្ឋដ៏លំបាកនិងដិតដល់ជាងជំរឿនប្រជាពលរដ្ឋកាលពីពេលមុនៗ។ ឧទាហរណ៍ ជំរឿនប្រជាពលរដ្ឋនោះ នឹងរួមមានការរកឃើញឲ្យដឹងថា តើប្រជាពលរដ្ឋរស់នៅក្នុងខ្ទមធ្វើពីភក់ឬផ្ទះថ្មមានចំនួនប៉ុន្មាននាក់ ហើយថាតើពួកគេមានទឹកម៉ាស៊ីន ភ្លើងអគ្គិសនីនិងបង្គន់ប្រើប្រាស់ដែរឬទេ?
ពួកអ្នកជំរឿនប្រជាពលរដ្ឋ នឹងមិនគ្រាន់តែទៅរាប់តាមផ្ទះប៉ុណ្ណោះទេ។ ក្នុងប្រទេសមួយដែលមានអ្នកក្រនិងអ្នកមិនមានផ្ទះស្នាក់នៅជាច្រើននៅឡើយនោះនៅពេលល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ពួកមន្រ្តីនឹងធ្វើការរាប់មនុស្សទាំងនោះ ដែលស្នាក់នៅពេលយប់នៅលើចិញ្ចើមថ្នល់ឬនៅក្រោមស្ពាននោះ។ ហើយជាលើកទីមួយដែលពួកមន្រ្តី ក៏នឹងប្រមូលស្នាមផ្តិតម្រាមដៃហើយនិងថតរូបប្រជាពលរដ្ឋនិមួយៗនៅក្នុងប្រទេស។ គេបានហៅគម្រោងនេះថាជាប្រភេទគម្រោងដ៏ធំបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តទំនើប ហើយពួកមន្រ្តីនិយាយថា ទិន្នន័យនេះនឹងត្រូវគេប្រើប្រាស់ ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណជីវសាស្រ្ត (Biometric Identity Card) ដល់ប្រជាពលរដ្ឋ ហើយនិងចងក្រងជាបញ្ជីជាតិចំនួនប្រជាជនថ្មី។
ជំរឿនប្រជាពលរដ្ឋបានធ្វើឡើងជារៀងរាល់១០ឆ្នាំម្តង។ វាជាកិច្ចការដ៏ស្មុគ្រស្មាញនៅក្នុងប្រទេសដ៏ធំធេងមួយ ហើយដែលមានភូមិសាស្រ្ត វប្បធ៌ម និងភាសាផ្សេងៗគ្នា។ ពួកមន្រ្តីជំរឿនប្រជាពលរដ្ឋបានចុះបញ្ជីរួចហើយនូវចំនួនក្រុមគ្រួសារក្នុងប្រទេសឥណ្ឌាហើយបានប៉ាន់ស្មានថា ចំនួនប្រជាពលរដ្ឋមាន១.១៧០លាននាក់។
ពួកមន្រ្តីនិយាយថាជំរឿនប្រជាពលរដ្ឋ ជួយពួកគេក្នុងការធ្វើគោលនយោបាយថ្មី ជួយឲ្យឃើញថាតើកម្មវិធីរដ្ឋាភិបាលមានប្រសិទ្ធិភាពឬទេ ហើយនិងកំណត់ពីតំបន់និងសហគមន៍ដែលអាចត្រូវការជំនួយ។
ប្រទេសឥណ្ឌាបានធ្វើជំរឿនប្រជាពលរដ្ឋជារៀងរាល់១០ឆ្នាំម្តងចាប់តាំងពីឆ្នាំ១៨៧២មក។ ពួកមន្រ្តីជំរឿនប្រជាពលរដ្ឋនិយាយដោយមោទនភាពថា កិច្ចការនេះបានត្រូវគេធ្វើអស់រយៈពេលមួយសតវត្សរ៍មកហើយទោះបីត្រូវជួបប្រទះបញ្ហាដូចជាការរាំងស្ងួតឬសង្គ្រាមក៏ដោយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន