ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​តាម​អនឡាញ​ដោយ​សារ​ការ​បន្ត​រាល​ដាល​ជំងឺ​កូវីដ​១៩


រូប​ឯកសារ៖ កិច្ច​​ប្រជុំ​អាស៊ី-អឺរ៉ុប​ (ASEM) ចុង​ក្រោយ​​​​កាល​ពី​ឆ្នាំ​២០១៨ នៅ​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​មុន​ការ​រាលដាលនៃ​ជំងឺ​កូវីដ១៩ បាន​ទាក់ទាញ​ការ​ចូល​រួម​ពី​មេដឹកនាំ​អឺរ៉ុប​និង​អាស៊ី​ជា​ច្រើន។
រូប​ឯកសារ៖ កិច្ច​​ប្រជុំ​អាស៊ី-អឺរ៉ុប​ (ASEM) ចុង​ក្រោយ​​​​កាល​ពី​ឆ្នាំ​២០១៨ នៅ​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​មុន​ការ​រាលដាលនៃ​ជំងឺ​កូវីដ១៩ បាន​ទាក់ទាញ​ការ​ចូល​រួម​ពី​មេដឹកនាំ​អឺរ៉ុប​និង​អាស៊ី​ជា​ច្រើន។

ប្រទេស​កម្ពុជានឹង​ខកខាន​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​ (ASEM) ​ដោយ​ផ្ទាល់​ដោយ​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធ​អនឡាញ​ជា​ជំនួស​វិញ។ ចំពោះកិច្ច​ប្រជុំ​នេះ ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​នោះ​មាន​ការ​បញ្ជា​ទិញ​រថយន្ត​រាប់​រយ​ផង​ដែរ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០​១៩ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថាកម្ពុជា​ត្រូវ​ទិញ​រថយន្ត​ចំនួន​៤៥៥គ្រឿង ដើម្បីបម្រើដល់ការប្រជុំអាស៊ី​-​អឺរ៉ុប​នេះ ទុក​សម្រាប់​ដឹក​ថ្នាក់​ដឹកនាំ​និង​មន្រ្តី​នៃ​បណ្តា​ប្រទេស​ប្រមាណ​៥០​ប្រទេស។

កិច្ច​ប្រជុំដែល​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នេះ ពី​ដើម​ឡើយ​គ្រោងរៀប​ចំ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០​២០ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ម្តង​រួច​មក​ហើយ ដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ២០២១ ឲ្យ​ដឹង​ថា​កិច្ច​ប្រជុំ​លើក​ទី​១៣​ដែល​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំ​នៅ​អឺរ៉ុបនិង​អាស៊ី​ប្រមាណ​៥០​ប្រទេស ត្រូវ​បាន​សម្រេច​និង​ចូល​រួម​សម្រេចដោយកម្ពុជា​ផង ថា​នឹង​ធ្វើ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​នៅថ្ងៃ​ទី​២៥ និង​២៦​ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា​កិច្ច​ប្រជុំ​នេះបាន​ពិភាក្សា​យ៉ាងលម្អិត​លើ​សេចក្ដី​ព្រាងសេចក្ដី​ថ្លែង​ការណ៍​ទីក្រុង​ភ្នំពេញ ស្ដី​ពី​ការ​ស្ដារ​សេដ្ឋកិច្ច-សង្គម​ឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ​១៩ ដែល​វា​នឹងក្លា​យជា​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​លទ្ធផល​ដ៏សំខាន់ចំនួនពីរដែល​នឹង​ត្រូវ​អនុម័ត​ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើកទី១៣។

​ប្រធានបទ​ផ្សេង​ៗ ដូច​ជា​បញ្ហា​សេដ្ឋកិច្ច សន្តិសុខក្នុង​តំបន់ និង​ពិភព​លោក​នឹង​ត្រូវ​ពិភាក្សា​គ្នាក្នុង​កិច្ចប្រជុំ​ដែល​មានមេ​ដឹកនាំ​នៃ​ប្រទេស​នៅ​តំបន់​អាស៊ី និង​អ៊ឺរ៉ុប​ចូលរួម។ តែ​ទំនាក់​ទំនង​រវាង​កម្ពុជា​ជា​ម្ចាស់ផ្ទះ​និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​មើល​ឃើញ​ថា​ល្អក់​កករ​ក្រោយ​ពេល​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ ឬ ​EBA​ ពី​កម្ពុជា​ចំនួន​២០% ដោយ​សារ​ការ​រក​ឃើញ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG