សន្និសីទអាស៊ីនិងអាហ្វ្រិកក្នុងប្រទេសឥណ្ឌូនេស៊ីបានបិទកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមានការអំពាវនាវឲ្យមានឯករាជ្យភាពសម្រាប់ទឹកដីប៉ាឡេស្ទីនហើយនិងសណ្តាប់ធ្លាប់ថ្មីដែលមានគោលបំណងបង្កើនអំណាចខាងសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើង។ ទោះជាយ៉ាងណាក៏ដោយ ហាក់ដូចមានភាពប្រាកដប្រជាតិចតួចក្នុងកិច្ចព្រមព្រៀងនោះ។
នៅឯការបិទសន្និសីទអាស៊ីអាហ្វ្រិក ប្រធានាធិបតី Joko Widodo នៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា សេចក្តីប្រកាសដែលបានព្រមព្រៀងគ្នានោះនឹងផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ឬអ្វីដែលលោកហៅថា «ប្រទេសនៅតំបន់ខាងត្បូង ខាងត្បូង» ឲ្យមានអំណាចនិងឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងពិភពលោក។
លោកនិយាយថា «សំឡេងហើយនិងការសម្រេចរបស់យើងមិនអាចត្រូវប្រទេសណាមួយមិនអើពើទេ។ ហើយនៅក្នុងសន្និសីទនេះ យើងព្រមព្រៀងពង្រឹងស្មារតីសន្និសីទទីក្រុងបាឌុងដែលជាការស៊ូយ៉ាងខ្លាំងមួយរបស់ប្រទេសនៅផ្នែកខាងត្បូងត្បូងដែលមានវិបុលភាព សាមគ្គីភាពនិងស្ថេរភាព»។
ក្រុមអ្នករៀបចំចាត់ចែងរបស់ឥណ្ឌូនេស៊ីចង់ឲ្យសន្និសីទអាស៊ីអាហ្វ្រិកបង្កើតក្រុមប្រទេសកំពុងអភិវឌ្ឍន៍ចម្រុះមួយដោយផ្អែកលើសន្និសីទទីក្រុងបាឌុងឆ្នាំ១៩៥៥។ សន្និសីទនេះបាននាំក្រុមមេដឹកនាំពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣០មកជួបជុំគ្នាដើម្បីប្រឆាំងលទ្ធិអណានិគមនិងការត្រួតត្រារបស់ពួកមហាអំណាចផុតលេខក្នុងសម័យសង្គ្រាមត្រជាក់។
នៅពេលនេះ ប្រមុខរដ្ឋ២១ប្រទេសបានចូលរួមហើយប្រទេសជាង១រយមកពីតំបន់អាស៊ី អាហ្វ្រិកនិងតំបន់មជ្ឈឹមបូពាបានបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទក្នុងរដ្ឋធានីហ្សាការតា។
ប្រតិភូបាននិយាយដល់ពីអសមភាពខាងសេដ្ឋកិច្ចនិងភេរវកម្មសាកលលោកថាជាបញ្ហាដ៏ធំបំផុតដែលពួកគេប្រឈមមុខនៅពេលសព្វថ្ងៃនេះ។ សេចក្តីប្រកាសបញ្ចប់សន្និសីទអំពាវនាវឲ្យបង្កើនការធ្វើពាណិជ្ជកម្មនិងវិនិយោគទុនដោយផ្ទាល់រវាងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសាកលលោក៕