ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃពុធនេះ បានអះអាងថាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា មាន«វឌ្ឍនភាពគួរឲ្យកត់សម្គាល់ខ្លះៗដែរ» ហើយលោកថាវានឹង«បើកច្រកថ្មី»យ៉ាងហោចណាស់សម្រាប់ការចរចានយោបាយពីគ្រប់ភាគីជម្លោះនៅពេលខាងមុខ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថានេះអាស្រ័យលើភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ លោក ប្រាក់ សុខុន បានថ្លែងថាលោកបានជួបអ្នកពាក់ព័ន្ធមួយចំនួន ហើយលោកបានចោទសួរអំពីលទ្ធភាពចរចាជាមួយក្រុមមនុស្ស ដែលរបបសឹកភូមា ចាត់ទុកជាក្រុម«ភេរវជន»។ លោកបន្ថែមថាលោកត្រូវបាន«លើកទឹកចិត្ត»ដែលក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាបើកចំហទ្វារសម្រាប់កិច្ចសន្ទនា ជាពិសេសជាមួយអ្នកដែលត្រូវបានចាត់ទុកថាជាក្រុមភេរវជន បើទោះមានការភ្ជាប់លក្ខខណ្ឌចំនួន៣ ក៏ដោយ។ លក្ខខណ្ឌទីមួយគឺមិនមានបំណងបំផ្លាញរដ្ឋាភិបាល ទីពីរគឺមិនមកជំនួសរដ្ឋាភិបាល និងទីបីគឺយករដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ធ្វើជាមូលដ្ឋាននៅក្នុងការចរចាសន្តិភាព។
លោក ប្រាក់ សុខុន ថ្លែងថា៖ «បើទោះបីជាមានលក្ខខណ្ឌបែបនេះក៏ដោយ ខ្ញុំយល់ថាយ៉ាងហោចណាស់ គឺយើងបានបើកផ្លូវឲ្យមានលទ្ធភាពនៅក្នុងការចរចាជាមួយគ្នាឲ្យបាន។ បានន័យថាយើងអាចធ្វើឲ្យកង់នៃដំណើរការចរចាសន្តិភាពអាចវិលទៅមុខបាន។ ឯលក្ខខណ្ឌយ៉ាងណាៗ គឺអាស្រ័យលើភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាអ្នកដោះស្រាយជាមួយគ្នាទៅចុះ»។
នៅក្នុងដំណើរទស្សនកិច្ចលើកទីពីរនេះទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន មិនបានជួបជាមួយមេដឹកនាំស៊ីវិលអ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi)ឡើយ។ រដ្ឋមន្រ្តីការបរទេសកម្ពុជាដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលការជូនដំណឹងថា លោកមិនអាចជួបជាមួយអ្នកស្រី អោងសាន ស៊ូជី បាននោះទេ ដោយសារអ្នកស្រី«កំពុងស្ថិតក្នុងនីតិវិធីតុលាការនៅឡើយ» ក្រោយពីមានសំណើសុំជួប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃចន្ទ។
នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃពុធនេះ លោក ប្រាក់ សុខុន ថ្លែងថាក្នុងនាមជាប្រេសិតរបស់ប្រធានអាស៊ាន លោក«កំពុងខិតខំយ៉ាងខ្លាំង» ចំពោះការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលមេដឹកនាំអាស៊ានបានឯកភាពកាលពីខែមេសា ឆ្នាំ២០២១។
លោកបន្ថែមថាលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងសមត្ថភាព ដរាបណាការរក្សាឯកភាពរបស់អាស៊ាននៅគង់វង្ស។
គួរបញ្ជាក់ថាលោក ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចការងារជាលើកទីពីរទៅកាន់មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២៕