ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​មិន​អាច​ជួប​អ្នកស្រី​ អោងសាន ស៊ូជី ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក​ ប្រាក់​ សុខុន ប្រេសិត​ពិសេស​​របស់​ប្រធាន​អាស៊ាន​ និង​​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​ស្ដី​ពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​មីយ៉ាន់ម៉ា នៅភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​ ប្រាក់​ សុខុន ប្រេសិត​ពិសេស​​របស់​ប្រធាន​អាស៊ាន​ និង​​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​ស្ដី​ពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​មីយ៉ាន់ម៉ា នៅភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២។

ប្រេសិត​ពិសេសរបស់​ប្រធាន​អាស៊ាន​ ដែល​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា មិន​បាន​ជួប​ជាមួយ​មេដឹកនាំ​ស៊ីវិល ​អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​ ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា​ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែលចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កក្កដា ឲ្យ​ដឹង​ថា ប្រេសិត​ពិសេស ​លោក ប្រាក់ សុខុន​ ទទួលបាន​ការ​ជូនដំណឹង​ថា​ លោក​មិន​អាច​ជួប​ជាមួយអ្នកស្រី ​អោងសាន ស៊ូជី​ បាន​នោះ​ទេ ដោយសារ​អ្នកស្រី​«កំពុង​ស្ថិត​ក្នុង​នីតិវិធី​តុលាការ​នៅ​ឡើយ» ក្រោយ​ពី​មាន​សំណើ​សុំ​ជួប។

វីអូអេ មិន​បាន​ទទួល​ការបញ្ជាក់​ពី​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ានៅ​ឡើយ​ទេ។

លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា ​លោក វ៉ុនណា ម៉ោងលីន (Wunna Maung Lwin) ហើយ​ក្នុង​ជំនួប​នោះ លោក ប្រាក់ សុខុន បាន​រំឭក​ឡើង​វិញ​នូវ​សំណើ​ឲ្យ​បញ្ជូន​អ្នកស្រី អោងសាន ស៊ូជី ត្រឡប់​ពី​ពន្ធនាគារមក​ធ្វើ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា។

លោក ប្រាក់​ សុខុន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ការងារ​ជា​លើក​ទី​ពីរ​ទៅ​កាន់​មីយ៉ាន់ម៉ា រយៈពេល៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២២។

នៅ​មុន​ដំណើរ​ទស្សនកិច្ចនេះ​ ប្រេសិត​ពិសេសរបស់​ប្រធាន​អាស៊ាន ​លោក ប្រាក់​ សុខុន ធ្លាប់​បាន​បង្ហាញ«ក្តី​កង្វល់​ខ្លាំង​» ចំពោះ​របាយ​ការណ៍​ស្តី​ពី​ការ​ផ្ទេរ​អ្នកស្រី អោង​សាន ស៊ូជី​ ពី​ការ​ឃុំ​ខ្លួន​នៅ​លំនៅដ្ឋាន​ទៅ​កាន់​ពន្ធនា​គារ​នៅ​ទី​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។ ​នៅ​ក្នុងលិខិតមួយ​ទៅ​កាន់​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា ​លោក វ៉ុនណា ម៉ោងលីន លោក​ ប្រាក់ សុខុន​ ស្នើ​សុំ​ឲ្យ​របប​សឹក​មីយ៉ាន់ម៉ា​ពិចារណា​បញ្ជូន​អ្នកស្រី​ អោងសាន ស៊ូជី ត្រឡប់​មក​លំនៅដ្ឋាន​វិញ។

មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​ អោងសាន ស៊ូជី​ ចេញ​ពី​តំណែង។ ​មក​ទល់​ពេល​នេះ​ អ្នកស្រី​ អោងសាន ស៊ូជី ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ​ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​១១​ករណី ​ទោះ​បី​ជា​អ្នកស្រី​បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ធ្នូ ឆ្នាំ​២០២១ តុលាការ​បាន​កាត់​ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ​មុន​ពេល​ទោស​ទណ្ឌ​នេះ​ ត្រូវ​បាន​បន្ថយ​មក​ត្រឹម​២​ឆ្នាំ​វិញ ​ក្រោយ​ពី​មាន​សំណើ​ពី​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក ​Min Aung Hlaing៕

XS
SM
MD
LG